បុរស​ម្នាក់​ បើក​រថយន្ត​បំពាន​ភ្លើង​ស្ដុប ជ្រុល​ទៅ​បុក​រថយន្ត​របស់​ឧកញ៉ា​ឌួង​ឆាយ ​ខូចខាត​មួយ​ចំហៀង

ភ្នំពេញ​ ៖​ រថយន្ត​ស៊េរី​ទំនើប​ម៉ាក ROLLS ROYCE របស់​ឧកញ៉ា ឌួង ឆាយ បាន​រង​ការខូចខាត​មួយ​ចំហៀង ដោយសារ​រថយន្ត​មួយ​គ្រឿង​ទៀត ម៉ាក TOYOTA CAMRY HYBRID បើកបរ​ដោយ​បុរស​ម្នាក់​ក្នុង​ល្បឿន​លឿន​បំពាន​ភ្លើង​ស្ដុប រួច​ជ្រុល​ទៅ​បុក​រថយន្តឧកញ៉ា​ ​យ៉ាង​ពេញទំហឹង​នោះ។

ប្រភព​ព័ត៌មាន​ពី​​សមត្ថកិច្ច​ខណ្ឌ​៧​មករា បាន​ឲ្យ​ដឹង​ថា រថយន្ត​បង្ក បើកបរ​ដោយ​បុរស​ម្នាក់​មិនទាន់​ស្គាល់​អត្តសញ្ញាណ ម៉ាក TOYOTA CAMRY HYBRID ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2AY-1549​។ ចំណែក​រថយន្ត​រងគ្រោះ​ម៉ាក ROLLS ROYCE ដែល​ជា​រថយន្ត​របស់​ឧកញ៉ា ឌួង ឆាយ។

ប្រភព ​បាន​បន្ត​ឲ្យ​ដឹង​ថា នៅ​ម៉ោងជាង​១​យប់​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​១៣ ខែ​កុម្ភៈ ឆ្នាំ​២០២០​នោះ គេ​បាន​ឃើញ​រថយន្ត​បង្ក​ម៉ាក TOYOTA CAMRY HYBRID បើកបរ​ដោយ​បុរស​ម្នាក់ តាម​បណ្ដោយ​ផ្លូវ​កម្ពុជា​ក្រោម ក្នុង​ទិសដៅ​ពី​លិច​ទៅ​កើត។ លុះ​មកដល់​ចំណុច​ស្ដុ​ប​សេរីភាព តាម​បណ្ដោយ​ផ្លូវ​កម្ពុជា​ក្រោម កែង​ផ្លូវ​ព្រះមុនីវង្ស ស្ថិតក្នុង​សង្កាត់​មនោ​រម្យ ខណ្ឌ​៧​មករា រថយន្ត​ខាងលើ បាន​បើក​បំពាន​ភ្លើងស្តុប ក៏​ជ្រុល​ទៅ​បុក​រថយន្ត​ស៊េរី​ទំនើប របស់​ឧកញ៉ា ឌួង ឆាយ បណ្ដាល​ឲ្យ​រង​ការខូចខាត​ខ្ទេច​មួយ​ចំហៀង​ខាងស្ដាំ​តែម្ដង​។ ទោះ​យ៉ាងណា​ករណី​នេះ មិន​បណ្ដាល​ឲ្យ​អ្នកណាម្នាក់​រងគ្រោះថ្នាក់​នោះ​ឡើយ ខូចខាត​តែ​រថយន្ត​ប៉ុណ្ណោះ។

ក្រោយពេល​កើតហេតុ រថយន្ដ​ទាំងពីរ​គ្រឿង ត្រូវបាន​សមត្ថកិច្ច​ជំនាញ យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ បន្ទាប់ពី​ធ្វើការ​វាស់វែង​រួចមក​នោះ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114