BREAKING NEWS
Search

អភិបាល​ខេត្ត​ប៉ៃលិន​ អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំង​អស់ ​ត្រូវ​ពាក់មួក​សុវត្ថិភាព​ ទោះ​ធ្វើ​ដំណើរ​ផ្លូវ​ជិត ឬ​​​ឆ្ងាយ

ប៉ៃលិន ​​៖​ លោក ផាន់ ចាន់​ធុល អភិបាលខេត្ត​ប៉ៃលិន និង​ជា​ប្រធាន​អនុ​គណៈកម្មការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ខេត្ត បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំង​អស់​ ដែល​បើកបរ​គ្រប់​មធ្យោបាយ​លើ​ដង​ផ្លូវ​សាធារណៈ​ ត្រូវ​ពាក់​មួក​សុវត្ថិភាព​ ឲ្យ​បាន​ត្រឹមត្រូវ ទោះ​ផ្លូវ​ជិត ឬ​ផ្លូវ​ឆ្ងាយ។

អភិបាលខេត្ត​ប៉ៃលិន ​បាន​អំពាវនាវ​បែប​នេះ ​នា​ព្រឹក​ថ្ងៃ​ទី​២៥ ខែ​មករា ឆ្នាំ​២០២០ នៅ​ក្បែរ​វិមានឯករាជ្យ​ខេត្ត ​ក្នុង​យុទ្ធនាការ​រឹត​បន្តឹង​ការ​ពាក់​មួក​សុវត្ថិភាព ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ចិន​-​វៀតណាម ដើម្បី​ពញ្ញាក់​ស្មារតី​ដល់​អ្នកប្រើប្រាស់​ផ្លូវ ឲ្យ​មាន​ការប្រុងប្រយ័ត្ន និង​គោរព​ច្បាប់ ដោយ​ក្នុង​យុទ្ធនាការ​នេះ ក៏​មាន​ការរៀបចំ​ជា​កម្មវិធី​សួរ​ឆ្លើយ​សំណួរ ស្តីពី​ច្បាប់​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក និង​ចែក​ជូន​នូវ​មួកសុវត្ថិភាព ឯកសារ​ពាក់ព័ន្ធ នឹង​ច្បាប់​ស្តីពី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ផងដែរ។

បើតាម​លោក អ៊ា​ត សារ៉ាត់ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ប៉ៃលិន បាន​ឲ្យ​ដឹងថា ​៖ យុទ្ធនាការ​នេះ ក្រៅ​អំពី​ការចែក​មួក​ជូន​ដល់​ប្រជាពលរដ្ឋ និង​អ្នក​ធ្វើដំណើរ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ចិន​នេះ មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ផ្នែក​ចរាចរណ៍​ខេត្ត ក៏បាន​ចុះ​ផ្សព្វផ្សាយ ដល់​អ្នកធ្វើដំណើរ​តាម​ដងផ្លូវ ត្រូវ​ប្រកាន់​ភ្ជាប់ នូវ​ស្មារតី ប្រុងប្រយ័ត្ន យោគយល់ អធ្យាស្រ័យ និង​គោរព​ច្បាប់​ចរាចរណ៍ ឲ្យ​បាន​ខ្ជាប់ខ្ជួន មិនត្រូវ​បើកបរ​លើស​ល្បឿន​កំណត់​នោះ​ឡើយ។

មានប្រសាសន៍​ក្នុង​ពិធី​នេះដែរ ​លោក ផាន់ ចាន់​ធុល អភិបាលខេត្ត បាន​លើក​ឡើង​ថា​ ៖​ គ្រោះថ្នាក់​ចរាចរណ៍ ជា​ឃាតក​លាក់​មុខ​ដែល​បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើដំណើរ​តាម​ដង​ផ្លូវ ស្លាប់ និង​រង​របួស​ជា​រៀងរាល់ថ្ងៃ ដោយសារ​ការ​ធ្វេសប្រហែស និង​មិន​គោរព​ច្បាប់​ ហើយ​មហន្តរាយ​ដ៏​ធំធេង​នេះ ធ្វើឲ្យ​ប៉ះពាល់​ដល់​សុខដុមរមនា ជីវភាព​រស់នៅ​របស់​ពលរដ្ឋ និង​សេដ្ឋកិច្ច​សង្គមជាតិ​ទាំងមូល ដែលមាន​តម្លៃ​មិនអាច​កាត់ថ្លៃ​បាន។

លោក អភិបាលខេត្ត បាន​មានប្រសាសន៍​បញ្ជាក់ថា​ ៖ គ្រោះថ្នាក់​ចរាចរណ៍​ផ្តើមចេញ​កត្តា​៣ គឺ​មនុស្ស សម្ភារៈ និង​ផ្លូវ ដូច្នេះ​កត្តា​ទាំង​៣​នេះ សូម​ឲ្យ​យើងទាំងអស់គ្នា មានការ​ប្រុងប្រយ័ត្ន ជាពិសេស​បងប្អូន អ្នករត់​តាក់ស៊ី និង​ម៉ូតូឌុប ត្រូវតែ បង្កើន​ការប្រុងប្រយ័ត្ន នៅពេល​ធ្វើដំណើរ និង​ពេល​បើកបរ ព្រោះថា​យ៉ាងហោចណាស់​មាន​អ្នកជិះ​៣​ទៅ​៥​នាក់ ដែល​បាន​ផ្ញើ​ជីវិត ទៅលើ​អ្នកបើកបរ​ផងដែរ​។

សូម​បញ្ជាក់​ថា ​៖ ​បើ​តាម​របាយការណ៍​របស់​លោក​វរសេនីយ៍ទោ ជា សីហា ប្រធាន​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ខេត្ត បានឲ្យដឹង​ថា ​៖ ​បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៨ នៅ​ឆ្នាំ​២០១៩ គឺ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មានការ​ថយ​ចុះ ចំនួន ១២​ករណី ដោយ​ឆ្នាំ​២០១៨ មាន​៥០​ករណី និង​ឆ្នាំ​២០១៩ មាន​៣៨​ករណី ចំណែក​ចំនួន​អ្នកស្លាប់​មានការ​កើន​ឡើង​ចំនួន ៥​នាក់ ដោយ​ឆ្នាំ​២០១៨ ស្លាប់ ចំនួន ១៣​នាក់ និង​ឆ្នាំ​២០១៩ ស្លាប់ ចំនួន ១៨​នាក់​, អ្នករបួសធ្ងន់ មានការ​ថយចុះ ចំនួន ១១​នាក់ ដោយ​ឆ្នាំ​២០១៨ របួស ចំនួន ៤៩​នាក់ និង​ឆ្នាំ​២០១៩ របួស ចំនួន ៤៩​នាក់​, និង​របួសស្រាល មានការ​ថយចុះ ចំនួន ៧​នាក់ ដោយ​ឆ្នាំ​២០១៨ របួស ចំនួន ៣៨​នាក់ និង​ឆ្នាំ​២០១៩ របួស ចំនួន ៣១​នាក់​ផងដែរ​៕​
​សេង សុវណ្ណារិទ្ធ​




ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114