BREAKING NEWS
Search

គ្រោះថ្នាក់​ចរាចរណ៍​នៅ​ប្រទេស​ថៃ​ បណ្តាល​ឱ្យខ្មែរពីរនាក់​រងរបួសធ្ងន់

ប្រទេសថៃ ៖ ពលករខ្មែរចំនួន ២ នាក់  បានរងរបួសយ៉ាងធ្ងន់ធ្ងរ  នៅក្នុងហេតុការណ៍នៃគ្រោះថ្នាក់ចរាចរណ៍មួយ ដែលបានកើតឡើងនៅក្នុងទឹកដីថៃ  ខណៈដែលពលករខ្មែរទាំង ២ នាក់នេះ  បានបើកបររថយន្តទាំងយប់ហើយបានបុកទៅលើដែករនាំងក្បាលស្ពាន  ធ្វើឱ្យ​ដែកនោះបុកទម្លុះចូលទៅក្នុងរថយន្ត ធ្លុះពីមុខទៅដល់ខាងក្រោយ ។

ហេតុការណ៍នេះបានកើតឡើង  កាលពីវេលាម៉ោង ៧ និង ៤០ នាទី យប់  ថ្ងៃទី ២០  ខែ កញ្ញា  ឆ្នាំ ២០២០ តាមបណ្តោយផ្លូវលេខ ៣០៤  ( កាប៊ីនបុរី  ទៅ ណៈខនរ៉ាតសីមា ) ត្រង់ចំណុចក្បាលស្ពាន សានចៅ ផសឿ ស្ថិតក្នុងភូមិ ៦  ឃុំមឿងកៅ  ស្រុកកាប៊ីនបុរី  ខេត្តប្រាជីនបុរី  ប្រទេសថៃ ។

យោងតាមការផ្សាយរបស់សារព័ត៌មានថៃបានបញ្ជាក់ថា  នៅក្នុងហេតុការណ៍នោះ  គេសង្គេតឃើញមានរថយន្តមួយគ្រឿង  ម៉ាកអុីស៊ុយៗ  ពាក់ស្លាក​លេខ អាងថង ៩៥២៧  ដោយមានលក្ខណៈ បន្ទះដែកក្បាលស្ពានបុកទម្លុះ  ចូលពីកញ្ចក់រថយន្តខាងមុខ  ធ្លុះចេញទៅខាងក្រោយរថយន្ត  និងបានបង្កឱ្យ​ពលករខ្មែរចំនួន ២ នាក់  ដែលនៅក្នុងរថយន្ត  បានរងរបួសយ៉ាងធ្ងន់ធ្ងរ ។

បន្ទាប់ពីមានការអន្តរាគមន៍ ពីសំណាក់ប្រជាពលរដ្ឋ ក៏ដូចជាកម្លាំងតម្រួត  នៅទីបំផុតជនរងគ្រោះទាំង ២ នាក់ត្រូវបាន​នាំចេញពីរថយន្ត បញ្ជូនទៅកាន់មន្ទីរពេទ្យ កាប៊ីនបុរី  ដើម្បីសង្គ្រោះ  ដោយឡែកអ្នកបើកបរមានឈ្មោះ ដែន ខាន  ភេទប្រុស  អាយុ ៣១ ឆ្នាំ  និងអ្នករួមដំណើរមានឈ្មោះ យិន ឈៀវ  ភេទប្រុសអាយុ ២៩ ឆ្នាំ  ពួកគេគឺជាពលករខ្មែរ  ដែលចូលទៅបម្រើការងារនៅក្នុងប្រទេសថៃ ។

ក្រោយពេលត្រួតពិនិត្យពីសំណាក់តម្រួតទៅលើឯកសាររថយន្ត  បានឱ្យ​ដឹងថា  ម្ចាស់រថយន្តមានឈ្មោះ ផាត់ផុន ខាវខៀវ  ជាជនជាតិថៃ  ដូច្នេះហើយទើបតម្រួតបានអះអាងថា  នឹងធ្វើការកោះហៅអោយម្ចាស់រថយន្តចូលខ្លួនមកបំភ្លឺ  ហើយក៏ត្រូវរង់ចាំឱ្យ​ពលករខ្មែរទាំង ២ នាក់នេះ  បានធូរស្បើយ  ដើម្បីឱ្យ​ចូលខ្លួនមកសាកសួរជុំវិញបញ្ហាខាងលើនេះដែរ ៕

អត្ថបទ៖ សោ និយមរ័ត្ន