មិន​ដឹង​ថា​ស្រវឹង ឬ​យ៉ាង​ណា​ ទើប​បើក​Lexus ៥៧០​ ទៅ​បុក​ចូល​ផ្ទះ​អ្នកស្រុក​ទាំង​កំរោល

បន្ទាយមានជ័យ ​ ៖​ មិន​ដឹង​ថា​ស្រវឹង​ ឬ​យ៉ាងណា​ ទើប​បើក​រថយន្ត​ ​Lexus៥៧០ ស៊េរី​ទំនើប​ទៅ​បុក​ចូល​ផ្ទះ​អ្នកស្រុក​ បណ្តាល​ឲ្យ​ស្ត្រី​ម្នាក់​របួស​នៅ​ភូមិ​ក្បាលស្ពាន​១​ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយ​ប៉ែត ខេត្ត​បន្ទាយមានជ័យ កាលពី​ថ្ងៃទី​១៧ ខែ​កុម្ភៈ​ ឆ្នាំ​២០២០។

​សមត្ថកិច្ច​ បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ឲ្យ​ដឹងថា ​ជនបង្ក​បើករថយន្ត​នោះ​មានឈ្មោះ ពិន សា​វឿ​ត ជិះ​រថយន្ត​ទំនើប​ម៉ាក​​​Lexus៥៧០ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​2AA 8009។​

សមត្ថកិច្ច​ បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀតថា ​នៅ​មុនពេល​កើតហេតុ​នោះ ​ជនបង្ក​ បាន​ជិះ​រថយន្ត​ទំនើប​របស់​ខ្លួន​ ក្នុង​សភាព​ទ្រេតទ្រោត  បើក​ក្នុង​សភាព​មិន​ទទួលខុសត្រូវ​ ទៅ​បុក​តូប​លក់​អីវ៉ាន់ ​និង​បុក​ចូល​ផ្ទះ​អ្នកស្រុក ​បណ្តាល​ឲ្យ​ស្ត្រី​អ្នកលក់​អីវ៉ាន់​នៅមុខ​ផ្ទះ​នោះ​របួសធ្ងន់ ​ត្រូវ​ប្រជាពលរដ្ឋ​ដឹក​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ភ្លាមៗ​ផងដែរ។

​ប្រជាពលរដ្ឋ​ បានឃើញ​ហេតុការណ៍​នេះ​បាន​និយាយថា ឈ្មោះ ពិន សា​វឿ​ត ជិះ​រថយន្ត​ទំនើប​នោះ​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​គ្រោះថ្នាក់​ដែល​ខ្លួន​បង្ក​ក្នុង​ការ​បើក​បុក​ផ្ទះ​ប្រជាពលរដ្ឋ​បណ្តាល​ឲ្យ​រងរបួស​ស្ត្រី​ម្នាក់ និង​ខូចខាត​ផ្ទះសម្បែង​ពលរដ្ឋ​នៅ​ទី​គ្រោះថ្នាក់​នេះ។

​សមត្ថកិច្ច​បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀតថា ​រថយន្ត​ទំនើប​ខូចខាត​ច្រើន​ដែរ ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយប៉ែត ដើម្បី​ដោះស្រាយ​តាមផ្លូវ​ច្បាប់​នៅ​តាម​ក្រោយ៕


អត្ថបទ ៖ គង្គា​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114