ឯកឧត្ដម​​ នេ​ត សាវឿន ​ព្រមាន​​ចុងក្រោយ​​ទៅ​ស្នងការ​ទាំងអស់ ​​​មិន​​ត្រូវ​ដាក់​បារ៉ាស់​លើ​​ដង​ផ្លូវ​ ដើម្បី​ស្ទាក់​ចាប់​ផាក​ពិន័យ​​រថយន្ត​គេ​ទេ​​​
BREAKING NEWS
Search

ឯកឧត្ដម​​ នេ​ត សាវឿន ​ព្រមាន​​ចុងក្រោយ​​ទៅ​ស្នងការ​ទាំងអស់ ​​​មិន​​ត្រូវ​ដាក់​បារ៉ាស់​លើ​​ដង​ផ្លូវ​ ដើម្បី​ស្ទាក់​ចាប់​ផាក​ពិន័យ​​រថយន្ត​គេ​ទេ​​​

នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត​ នេ​ត សាវឿន ​អគ្គស្នងការ​នគរបាល​ជាតិ ​បាន​ព្រមាន​ជា​ចុងក្រោយ​ដល់​ស្នងការ​គ្រប់​រាជធានី​ខេត្ត​ទាំងអស់​ មិន​ត្រូវ​ដាក់​បា​រ៉ា​ស់​ ដើម្បី​ស្ទាក់​ចាប់​ផាក​ពិន័យ​​រថយន្ត​អ្នកដំណើរ​​បន្ត​ទៀត​នោះ​ទេ​ ខណៈ​អ្នកបើកបរ​ ​​បាន​បើក​ជា​ធម្មតា ដោយ​មិន​បាន​​ល្មើស​នឹង​ច្បាប់​នោះ​​។​

​ការ​​ព្រមាន​​​របស់​​នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត​ ​ត្រូវ​បាន​ធ្វើ​ឡើង​ បន្ទាប់​ពី​​មាន​​សេចក្ដី​រាយការណ៍​របស់​ប្រជាពលរដ្ឋ​​មួយ​ចំនួន​​ ដោយ​មានការ​ថ្នាំងថ្នាក់​នឹង​នគរបាល​ចរាចរណ៍ ដែល​​​បាន​ដាក់​បា​រ៉ា​ស់​នៅ​តាម​ផ្លូវ​ដោយ​ចាំ​ស្ទាក់​ចាប់​រថយន្ត​ធ្វើដំណើរ​ ​ដោយ​យក​លេស​រឹត​បន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក ពិសេស​តាម​គោល​ដៅ​ចរាចរណ៍​មួយ​ចំនួន​ ក្នុង​ខេត្ត​ត្បូងឃ្មុំ កំពង់​ចាម​ និង​ខេត្ត​មណ្ឌល​គិរី។

តាម​រយៈ​សារ​​ក្នុង​បណ្ដាញ​ Telegram ដែល​​គេហទំព័រ​​កម្ពុជា​ថ្មី​ទទួល​បាន ​នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត​​ បាន​​បញ្ជា​ឱ្យ​​ស្នងការនគរបាល​ទូទាំង​ប្រទេស​ដក​ប៉ារ៉ាស​​ចេញពីដង​​ផ្លូវ ហើយ​​បើនៅ​តែមាន​ ​​ស្នង​ការ​​នគរបាលខេត្ត​ គឺជា​អ្នក​ទទួល​ខុស​ត្រូវ​​។

“ដូច្នេះ​​ទី១​​ លុបប៉ារ៉ាស​ចោល​ ទី​២ ឡាន​អត់​ល្មើស​អត់​ហៅ​​គេ​ដាច់​ខាត​ ធ្វើ​ប៉ុណ្ណឹង​បាន​ទេ​ឥឡូវ​ហ្នឹង”។​ នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត​បន្ថែម​​។

ចាប់​តាំង​ពី​ដើម​​ខែ​ឧសភា​ ឆ្នាំ​២០២០​ នេះ​នគរបាល​ទូទាំង​ប្រទេស​បាន​ប្រកាស​រឹត​បន្តឹង​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍ទូទាំង​ប្រទេស​​ ខណៈ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​បាន​ស្ថិត​នៅ​ក្នុង​ចំណុច​ប្រកាស​អាសន្ន​ ដោយ​បាន​ឆក់​យក​​អាយុជីវិត​មនុស្ស​​ ​ក្នុង​មួយ​ថ្ងៃ​ជា​មធ្យម​ ៥​នាក់​ទៅ ៦នាក់​ និង​​បង្ក​ឱ្យ​រង​របួស​ធ្ងន់ស្រាលជា​ច្រើន​នាក់​។ ការ​រឹត​បន្តឹង​នេះ​ទទួល​បាន​​ការ​សាទរ​យ៉ាង​ខ្លាំងក្លា​ពី​ពលរដ្ឋ​ ប៉ុន្តែ​​ក៏​មាន​ការ​ថ្នាំង​ថ្នាក់​​មួយ​ចំនួន​ផង​ដែរ។​ យ៉ាង​នេះ​ក្តី​​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​តែង​បាន​ណែ​នាំ​ដល់​មន្ត្រី​អនុវត្ត ច្បាប់​ទាំង​អស់ ត្រូវ​មាន​ភាពស្មោះត្រង់ គោរពវិន័យ​ជា​ប្រចាំ​៕

អត្ថបទ៖នីតា

ចុចអាន៖ ក្រសួង​សម្រេច​យក​សាលារៀនខ្លះដាក់ពលករ​ខ្មែរ​មកពី​ក្រៅ​ប្រទេសនៅដាច់ដោយឡែក​២សប្តាហ៍