រថយន្ត​ហ៊ីយ៉ាន់​ដាយ​ដឹក​ឥដ្ឋ​រេ​បុក​ដើម​ឈើ​របួសធ្ងន់​ស្រាល​២​នាក់​

ភ្នំពេញ ៖​ រថយន្ត​ដឹក​ឥដ្ឋ​រេ​ចង្កូត​បុក​ដើម​ចាន់​គិរី​ តៃកុង​ជាប់​ក្នុង​កាប៊ីន​រង​របួស​ធ្ងន់​ស្រាល​២​នាក់​ចំណែក​រថយន្ត​ចាក់​ឥដ្ឋ​ចោល​អស់​ ​ខូចខាត​ស្ទើរ​ទាំងស្រុង កាលពី​វេលា​ម៉ោង​៨​ព្រឹក ថ្ងៃទី​២៣​ខែ​មករា​ ឆ្នាំ​២០២០​ នៅ​ចំណុច​ទល់មុខ​វិមាន​ឈ្នះ​ឈ្នះ​តាម​បណ្ដោយ​មហាវិថី​ឈ្នះឈ្នះ​ក្នុង​ភូមិ​ព្រែក​តា​រ័ត្ន​ សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រោយចង្វា​ រាជធានី​ភ្នំពេញ។

​រថយន្ត​ខាង​លើ​ម៉ាក​ហ៊ីយ៉ាន់​ដាយ ​ក្បាល​ពណ៌​ខៀវ​ខ្លួន​ពណ៌​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ​3A 4737​បើក​ដោយ​តៃកុង​រថយន្ត​ឈ្មោះ ​ង៉ ឃីម​ ភេទ​ប្រុស​អាយុ​៣១​ឆ្នាំ​កំណើត​ព្រៃវែង​រង​ធ្ងន់​បាក់​ជើង​ស្តាំ​រួម​ដំណើ​រ​ដោយ​ព្រូ​ម្នាក់​របួសស្រាល​។

​តាម​ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើ​ត​ហេតុ​ឲ្យ​ដឹង​ថា​រថយន្ត​ហ៊ីយ៉ាន់​ដាយ​ដឹក​ឥដ្ឋ​ខាង​លើ​បាន​បើក​តាម​បណ្ដោយ​មហាវិថី​ឈ្នះ​ឈ្នះ​ទិសដៅ​ពី​កើត​ទៅ​លិច ​លុះ​មកដល់​ចំណុច​កើត​ហេតុ​ បាន​ដាច់​ដៃ​ខ្មោច​ខាងឆ្វេង​និង​ដាច់​ហ្វ្រាំ​ង ​រេ​ចង្កូត​មក​ស្តាំ​ដៃ​ឡើង​សួន​ចិញ្ចើម​ផ្លូវ​បុក​ផ្ទប់​ដើ​ម​ចាន់​គិរី​ ​បណ្តាល​ឲ្យ​រថយន្ត​ខូចខាត​កំណាត់​មុខ​ កៀប​តៃកុង​ជាប់​ក្នុង​កាប៊ីន​របួសធ្ងន់​បាក់​ជើង​និង​ព្រូ​រថយន្ត​រង​របួស​ស្រាល​។

ក្រោយពេល​កើត​ហេតុ​ភ្លាមៗ​កម្លាំង​កងរាជអាវុធហត្ថ​ ដែល​ប្រចាំការ​នៅ​វិមាន​ឈ្នះ​ឈ្នះ​ជួយ​គាស់​ទាញ​ជនរងគ្រោះ​ចេញពី​កាប៊ីន​រថយន្ត​ដើម្បី​ដាក់​សង្គ្រោះ​ទៅ​មន្ទីរ​ពេទ្យ។ ចំណែក​រថយន្ត​ ដែល​រង​ការ​ខូចខាត​ ត្រូវ​បាន​ជំនាញ​វាស់វែង​យក​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រាជធានី​រង​ចាំ​ម្ចាស់​ចូលខ្លួន​ដោះស្រាយ​តាម​នីតិវិធី​ជា​ក្រោយ​៕


អត្ថបទ៖ ឌី​រៀ​