យុវជន​ម្នាក់​ ដឹក​ត្រី​មក​លក់​ បុក​ជាមួយ​រថយន្ត​ បណ្ដាល​ឲ្យ​ស្លាប់​យ៉ាង​អាណោចអាធ័ម

ស្ទឹងត្រែង​ ៖ ​យុវជន​ម្នាក់ ​ជិះ​ម៉ូតូ​ដឹក​ត្រី​មក​លក់​ក្នុង​ល្បឿន​យ៉ាង​លឿន​ ពេល​មក​ដល់​ចំណុច​ផ្លូវ​កោង មាន​រថយន្ត​កូរ៉េ​១​ តោន​កន្លះ​បត់​ចូល​ទៅ​កន្លែង​ធ្វើ​រថយន្ត​ ម៉ូតូ​មកពី​ក្រោយ​បុក​ពេញទំហឹង​បណ្ដាល​ឲ្យ​យុវជន​នោះ​ស្លាប់​ភ្លាមៗ​តែម្ដង។

ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី ​ព្រឹក​ថ្ងៃទី​២២ ខែ​មករា ​ឆ្នាំ​២០២០​ ត្រង់​ចំណុច​ផ្លូវ​កោង ​ជិត​ផ្លូវបំបែក​(T)​ ស្ថិតក្នុង​ភូមិ​រាជា​នុ​កូ​ល​/​សង្កាត់​/​ក្រុង​/​ខេត្តស្ទឹងត្រែង​។​

សមត្ថកិច្ច​ចរាចរណ៍​ផ្លូវគោក​បាន​ឲ្យ​ដឹងថា ​យុវជន​ដែល​ស្លាប់​ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ មាន​ឈ្មោះ ទិ​ម វិច្ឆិកា ​ភេទ​ប្រុស អាយុ១៩ ឆ្នាំ មាន​ទីលំនៅ​ភូមិ​ពន្ធ​ជា​/​ឃុំ​អូរ​គ្រៀង​/​ស្រុក​សំបូរ​/​ខេត្តក្រចេះ។ ចំណែក​ម្ចាស់​រថយន្ត​ បាន​រត់គេចខ្លួន ​តែ​ត្រូវ​បាន​សមត្ថកិច្ច​ស្គាល់​អត្តសញ្ញាណ​ហើយ។

សមត្ថកិច្ច​បន្ត​ឲ្យ​ដឹង​ទៀតថា ​បើតាម​សាក្សី​នៅ​កន្លែងកើតហេតុ​បាន​និយាយ​ថា​ នៅមុន​កើតហេតុ​គេ​ឃើញ​មាន​រថយន្ត​កូរ៉េ១ តោន​កន្លះ ​ពណ៌​ខៀវ​ ពាក់​ស្លាក​លេខ​.​យ​1743.​ភព​2​ បើកបរ​ក្នុង​ទិសដៅ​ពី​ត្បូង​មក​ជើង​ លុះ​មកដល់​ចំណុច​ផ្លូវ​កោង ​ក៏​បត់​ចូល​ទៅ​កន្លែង​ធ្វើ​រថយន្ត ខណៈ​នោះ​ក៏​មាន​ម៉ូតូ​ម៉ាក អិ​ច​ស៊ិន​ធ័​រ ពណ៌​ស ​គ្មាន​ស្លាក​លេខ ​មកពី​ក្រោយ ​ក្នុង​ល្បឿន​យ៉ាង​លឿន​ បាន​បុក​ពី​ចំហៀង​រថយន្ត​ពេញ​ទំហឹង ​ម៉ូតូ​ប៉ើង​ចូល​ព្រៃ​ និង​មនុស្ស​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​តែម្ដង​។​

ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ត្រូវបាន​គេ​មើលឃើញថា ​ដោយសារតែ​អ្នកបើកបរ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន រថយន្ត​បត់​មិនបាន​មើល​ក្រោយ ​និង​ស៊ីញ៉ូ​ជា​សញ្ញា​ដើម្បី​ឲ្យ​អ្នក​ជិះ​ខាងក្រោយ​ដឹង​។​ ចំណែក​ជនរង​គ្រោះ​បើក​ម៉ូតូ ចំណុច​ផ្លូវ​កោង​មិន​បន្ថយល្បឿន​ ខ្វះ​ការប្រុងប្រយ័ត្ន​ ទើប​បណ្ដាល​ឲ្យ​បុក​រថយន្ត​គ្រោះថ្នាក់​ដល់​ស្លាប់​។​

ក្រោយ​កើតហេតុ​ នគរបាល​ចរាចរណ៍​ផ្លូវគោក​បាន​ចុះ​មកដល់​កន្លែងកើតហេតុ​ធ្វើការ​វាស់វែង​នាំ​យក​រថយន្ត​បង្ក ​និង​ម៉ូតូ​ដែល​រង​ខូចខាត​ផ្នែក​ខាងមុខ​ទាំងស្រុង​ យកទៅ​កាន់​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ ដើម្បី​ធ្វើការ​ដោះស្រាយ​ទៅតាម​នីតិវិធី​។ ​ចំណែក​សព​ជនរង​គ្រោះ សមត្ថកិច្ច​បានប្រគល់​ទៅ​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕


អត្ថបទ ៖ ​ងិន ​លីម​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114