បើកបរ​ដល់​ផ្លូវ​ប្រសព្វ​មិន​ប្រយ័ត្ន​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ស្លាប់​ម្នាក់​របួស​ម្នាក់​

តាកែវ ៖ តៃកុង​រថយន្ត​ដឹក​ដី​មួយ​គ្រឿង​ បើកបរ​ដល់​ផ្លូវ​ប្រសព្វ​ជា​បួន​មិន​ប្រយ័ត្ន ​បាន​បុក​ម៉ូតូ​មួយ​គ្រឿង​ បណ្ដាល​ឲ្យ​អ្នកបើកបរ​ និង​អ្នក​រួម​ដំណើរ​ស្លាប់ ​និង​របួស​គួរ​ឲ្យ​សង្វេគ។

ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ កើតឡើង​នៅ​ផ្លូវ​ខេត្ត​លេខ​២១ ស្ថិត​ក្នុង​ភូមិ​ថ្នល់​បែក សង្កាត់​រកា​ក្រៅ ក្រុង​ដូន​កែវ វេលា​ម៉ោង​១៩​និង​៣០​នាទី ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ ឆ្នាំ​២០២០ រវាង​រថយន្ត​ដឹក​ដី​និង​ម៉ូតូ​។

រថយន្ត​បង្ក​ម៉ាក់​នីសា​ន់​ចង្កូត​ស្តាំ ពណ៌​ខៀវ ពាក់​ស្លាក​លេខ PP 1511 បើកបរ​ដោយ​ឈ្មោះ សាំង សៅ ប្រុស​៣៦​ឆ្នាំ មុខរបរ​បើកបរ​រថ​យន្ត​ដឹក​ដី រស់នៅ​ភូមិ​ត្រពាំង​អំ​ពាក់ ឃុំ​រនាម ស្រុក​ទ្រាំង ខេត្ត​តាកែវ បើកបរ​ពី​ជើង​ទៅ​ត្បូង មកដល់​ចំណុច​ផ្លូវ​ប្រសព្វ​ជា​បួន​នៅ​ទីតាំង​កើតហេតុ​ បាន​បុក​ម៉ូតូ​មួយ​គ្រឿង​ម៉ា​កវី​ស៊ឹ​ន ពណ៌​ស គ្មាន​ស្លាក​លេខ បើកបរ​ដោយ​ឈ្មោះ សែម វ​ន្នី ភេទ​ស្រី អាយុ​១៧​ឆ្នាំ មុខរបរ​លក់​កាហ្វេ រស់នៅ​ភូមិ​ព្រៃ​ផ្អេ ឃុំ​រនាម ស្រុក​ទ្រាំង ខេត្ត​តាកែវ ស្លាប់​នៅ​កន្លែង​កើត​ហេតុ​។ ចំណែក​អ្នក​រួម​ដំណើរ​ឈ្មោះ គូ ស្រី​និ​ច ភេទ​ស្រី អាយុ​១៩​ឆ្នាំ មុខរបរ​លក់​កាហ្វេ រស់នៅ​ភូមិ​សឹង្ហ ឃុំ​ខ្វាវ ស្រុក​ទ្រាំង ខេត្ត​តាកែវ របួសស្រាល​។

​ក្រោយ​កើតហេតុ ​ប៉ូលិស​ជំនាញ​នៃ​អធិការ​នគរបាល​ក្រុង​ដូន​កែវ​ បាន​ចុះ​វាស់វែង​ និង​បាន​នាំ​យក​វត្ថុតាង​មក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង ចំណែក​អ្នកបើកបរ​រថយន្ត​ត្រូវ​បាន​ឃាត់ខ្លួន​យក​មក​សួរនាំ​ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី​៕

អត្ថបទ៖ វីរៈ​