រថយន្តក្រុង​បើកបរ​ធ្វេសប្រហែស រេ​ធ្លាក់​ផ្លូវ បង្ក​ឲ្យ​អ្នកដំណើរ រង​របួស​១០​នាក់
BREAKING NEWS
Search

រថយន្តក្រុង​បើកបរ​ធ្វេសប្រហែស រេ​ធ្លាក់​ផ្លូវ បង្ក​ឲ្យ​អ្នកដំណើរ រង​របួស​១០​នាក់

បាត់ដំបង ៖ យ៉ាងហោចណាស់ ក៏​មាន​មនុស្ស​ចំនួន ១០​នាក់​ដែរ នៅ​ក្នុង​ចំណោម​អ្នកដំណើរ​ជាច្រើន​នាក់​ដែល​បាន​រង​របួស​ធ្ងន់ ស្រាល ខណៈ​ដែល​អ្នកដំណើរ​ទាំ​ង​អស់នោះ កំពុង​ធ្វើ ដំណើរ​តាមរយៈ​រថយន្តក្រុង​មួយ ក្នុង​ទិសដៅ​ពី​បាត់ដំបង ឆ្ពោះ​ទៅកាន់​ក្រុងភ្នំពេញ ដោយសារតែ​ការ​ធ្វេសប្រហែស​របស់​អ្នកបើកបរ ទើប​ធ្វើ​ឲ្យ​រថយន្ត​នោះ រេ​ចង្កូត​ធ្លាក់​ចេញពី​ផ្លូវ ចូល​ទៅ​ក្នុង​ប្រឡាយ​តែ​ម្តង។

​លោក​វរសេនីយ៍ទោ ជា វណ្ណ​ឌី អធិការរង ទទួល​ផែន​សណ្ដាប់​ធ្នាប់ នៃ​អធិការដ្ឋាន នគរបាល​ស្រុក​សង្កែ បាន​បញ្ជាក់​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​ខ្លួនឯង​នេះ បាន​កើតឡើង​កាលពី ថ្ងៃ​ទី​២៦​ខែ​មករា ឆ្នាំ​២០២០វេលា​ម៉ោង​១១ ថ្ងៃត្រង់ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ស្ថិត​ក្នុង ភូមិ អូស​ទូក ឃុំ​កំពង់ព្រៀង ស្រុក​សង្កែ ខេត្ត​បាត់ដំបង។​

​លោក​អធិការរង​បាន​ប្រាប់ កម្ពុ​ជាថ្មី បន្ត​ថា​ ករណី​នេះ គឺ បង្កឡើង​ដោយ​រថយន្ត ម៉ាក​ហ៊ីយិន​ដាយ ធុន​ធំ ជា​ក្រុមហ៊ុន ទេសចរណ៍​ដឹក​អ្នកដំណើរ ពាក់​ស្លាក​លេខ ភ្នំពេញ​3D 5353 អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ បាន​បើកបរ​ក្នុង​ទិសដៅ ពី​បាត់ដំបង ទៅ​ភ្នំពេញ ដោយមាន​ការ ធ្វេស​ប្រហែល​មិន​ប្រុងប្រយ័ត្ន ធ្វើ ឲ្យ រេ​ចង្កូត​ធ្លាក់​ផ្លូវ​ចូល​ប្រឡាយ​ខាងស្ដាំ បណ្ដាល​ឲ្យ​របួស​អ្នកដំណើរ ធ្ងន់ ស្រាល ចំនួន​១០ នាក់។​

​ជនរងគ្រោះ​ទាំង​អស់​នោះ​មានឈ្មោះ ១.​ឈ្មោះ ហោ សិទ្ធ ភេទ​ស្រី អាយុ​៥១​ឆ្នាំ រស់នៅ​បន្ទាយមានជ័យ ២.​ឈ្មោះ ឡាយ ឈឿ​ម ភេទ​ស្រី អាយុ ៦៥​ឆ្នាំ រស់នៅ​បន្ទាយមានជ័យ ៣.​ឈ្មោះ អ៊ុក សាយ​លឿ ភេទ​ស្រី អាយុ​៦៧​ឆ្នាំ រស់​នៅ​ភ្នំពេញ ៤.​ឈ្មោះ សំ សុ​ភី ភេទ​ប្រុស អាយុ​៦៥​ឆ្នាំ រស់នៅ​ពោធិ៍សាត់ ៥.​ឈ្មោះ ម៉ិល សុធា​រី ភេទ​ប្រុស អាយុ​៥៩​ឆ្នាំ រស់នៅ​ពោធិ៍សាត់ ៦​ឈ្មោះ ផន សុ​ភី ភេទ​ស្រី អាយុ​៥៨​ឆ្នាំ រស់នៅ បន្ទាយមានជ័យ ៧​ឈ្មោះ រស់ បុ​ប្ជា ភេទ​ស្រី អាយុ​២៦​ឆ្នាំ រស់នៅ​បន្ទាយមានជ័យ ៨​ឈ្មោះ ញ៉ែម សំណាង ភេទ​ប្រុស អាយុ​៣៨ រស់នៅ​ភ្នំពេញ ៩​ឈ្មោះ ហូ​យ សុខ​ហេង ភេទ ប្រុស អាយុ​៩​ឆ្នាំ រស់នៅ​បាត់ដំបង និង​១០​ឈ្មោះ លី ហាង ភេទ​ស្រី អាយុ​៤២​ឆ្នាំ រស់នៅ​បាត់ដំបង។​

ក្រោយពេល​កើតហេតុ ក្រុមហ៊ុន​បាន​ចូលខ្លួន​មក​ដោះស្រាយ ​ព្រមទាំង​បាន​យក​រថយន្ត​មក​សាង​អ្នកដំណើរ​ បន្ត​ទៅ​ក្រុងភ្នំពេញ ដោយ​អ្នក​អ្នក​ដែល​រង​របួស ក្រុមហ៊ុន​កំពុង​ដោះស្រាយ​ជាមួយ​សមត្ថកិច្ច​មូលដ្ឋាន​ហើយ ដោយសារតែ​អ្នកបើកបរ​គេច​ខ្លួន ដូច្នេះ​សមត្ថកិច្ច​កំពុង​ឲ្យ​ក្រុមហ៊ុន​ទាក់ទង​អ្នកបើកបរ​ចូលខ្លួន​ដើម្បី​សួរនាំ៕


អត្ថបទ៖ សោ និយម​រ័ត្ន​