រថយន្ត​ស៊ីណា​បត់​ឆ្វេង​មិន​ប្រុង​​ប្រយ័ត្ន​ បុក​ម៉ូតូ​១​គ្រឿង​ បង្ក​ឲ្យ​ក្មេង​ស្រី​៣​នាក់​របួស​ធ្ងន់

ភ្នំពេញ ​៖​ រថយន្ត​មួយ​គ្រឿង​ម៉ាក​ស៊ី​ណា ពណ៌​ស​​ពាក់​ស្លាក​លេខ​ភ្នំពេញ​២AS ១៩៩៧ ​បាន​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ បណ្ដាល​ឲ្យ​ក្មេង​ស្រី​៣​នាក់​ រង​របួស​យ៉ាង​ធ្ងន់ធ្ងរ។

ហេតុការណ៍​នេះ ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១២​និង​១០​នាទី​រសៀល​ថ្ងៃ​ទី​២៥​ ខែ​មករា​ ត្រង់​ចំណុច​មុខ​កុង​ស៊ីផ្លូវ​បេតុង​លេខ​៣៥១​ភូមិ​តាងៅ ​សង្កាត់​និរោធ​ ខណ្ឌ​ច្បារអំពៅ​ រាជធានី​ភ្នំពេញ​។​

យោង​តាម​ប្រភព​ពី​លោក​វរសេនីយ៍ទោ​ ឯក សារ៉ន​ អធិការរង​នគរបាល​ខណ្ឌ​ច្បារអំពៅ ​ទទួលបន្ទុក​សណ្ដាប់ធ្នាប់​ចរាចរណ៍​ បាន​ឲ្យ​កម្ពុ​ជា​ថ្មី​ដឹង​ថា ​នៅ​ម៉ោង​កើតហេតុ ​សាក្សី​ បាន​ឃើញ​រថយន្ត​ម៉ាក​ស៊ីណា ពណ៌​ស ​ពាក់​ស្លាក​លេខ​ភ្នំពេញ​២AS ១៩៩៧​ បាន​បើកបរ​តាម​បណ្ដោយ​ផ្លូវ​៣៥១​ក្នុង​ទិសដៅ​ពី​លិច​ទៅ​កើត។ លុះ​ទៅដល់​ចំណុច​មុខ​កុងស៊ី​ត្រង់​ចំណុច​កើតហេតុ​ ក៏​ស្រាប់តែ​ទៅ​បុក​ម៉ូតូ​ម៉ាក​អាយ​ខុន​ ពណ៌​ត្រួយ​ចេក​ ដែល​ជិះ​ដោយ​ក្មេង​ស្រី​៣ ​ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​បេតុង​ក្នុង​ទិសដៅ​ពី​ត្បូង​ទៅ​ជើង​ បណ្ដាល​ឲ្យ​ក្មេង​ស្រី​៣​នាក់​រង​របួស​យ៉ាង​ធ្ងន់ធ្ងរ។ ចំណែក​អ្នក​បើកបរ​រថយន្ត​បាន​រត់​គេច​ខ្លួន​បន្សល់​ទុក​រថយន្ត​នៅ​ចំណុច​កើតហេតុ។

លោក​អធិការ​រង​បន្ត​ថា ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ ​គឺ​បង្កឡើង​ដោយ​រថយន្ត​បើកបរ​បត់​ឆ្វេង​មិន​ប្រុង​ប្រយ័ត្ន ​ស្ថិត​លើ​កំណាត់​ផ្លូវ​អក្សរ​តេ។ ចំណែក​ក្មេង​ស្រី​រងគ្រោះ​ទាំង​៣​នាក់​ មាន​ឈ្មោះ​ឌឹ​ម គឹម​ទៀត ​អាយុ​១៨​ឆ្នាំ​ ជា​អ្នក​បើក​ម៉ូតូ​ ស្នាក់នៅ​ភូមិ​ទួល​រកា ​សង្កាត់​ចាក់អង្រែ​ក្រោម ​ខណ្ឌ​មានជ័យ​។ ​ទី​២​ឈ្មោះ​ឌឹ​ម គឹមយ៉ាន​ អាយុ​១៧​ឆ្នាំ​ជា​ប្អូន​អ្នក​ឌុប ​និង​ទី​៣​ឈ្មោះ​ចូ​វ ធី​ហៀ​ង អាយុ​១៨ ឆ្នាំ​រស់នៅ​ភូមិ​ទួល​តា​ចាន់ ​សង្កាត់​ព្រែក​ឯង​ ខណ្ឌ​ច្បារអំពៅ​។ ​ជនរងគ្រោះ​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត៕
ន​រា​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114