មានករណី​ចោរ​លួច​អង្ករ ខណៈរថភ្លើង​មួយ​ខ្សែ​ ​របូត​ទូ​ផ្ទុក​អង្ករ​មួយ​ទូ

ព្រះសីហនុ ៖ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ លោក​ឧត្ដមសេនីយ៍​ទោ​ ជួន ណា​រិន្ទ​ ​បាន​ឲ្យ​ដឹង​កាល​ពី​រសៀល​ថ្ងៃទី​៧​កុម្ភៈ​​ថា ករណី​ចោរ​លួច​អង្ករ​ចេញ​ពី​ក្នុង​កុងតឺន័រ ទូរថភ្លើង លើ​ផ្លូវ​ដែក ភូមិ​៤ ឃុំ​អូរត្រេះ ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ ម្តុំ​ជិត​រោងចក្រ​អគ្គិសនី​ធ្យូងថ្ម កើតឡើង​ដោយសារ រថភ្លើង​មួយ​ខ្សែ​ បាន​របូត​ទូផ្ទុក​អង្ករ​មួយ​ទូ​នៅ​កន្លែង​កើតហេតុ អត់​មាន​មាន​អ្នកដឹង កាលពី​យប់​ទៀបភ្លឺ។ ក្រោយមក​ទើប​ខាង​ស្ថានីយ​ដឹង កាលពី​ព្រឹក​ថ្ងៃ​៧​ ខែ​កុម្ភៈ​ ឆ្នាំ​២០២០ ក៏បាន​យក​ក្បាល​រថភ្លើង​ទៅមក​សណ្ដោង​ទូ​ត្រឡប់​មក​ស្ថានីយ​កំពង់សោម​វិញ ក្នុងនោះ​ពេល​ដែល​កំពុងតែ​ថ្ពក់​សណ្ដោង​ទូ បុគ្គលិក​ឃើញ​ទ្វារ​កុងតឺន័រ​របើក ទើប​ដឹងថា​ មាន​បាត់​អង្ករ​ដែល​ដាក់​ក្នុង​នោះ។

លោកស្នងការ​បញ្ជាក់​បន្ថែម​ថា តាម​ព័ត៌មាន​បឋម​ពី​មន្ត្រី​ស្ថានីយ​រថភ្លើង​ថា​ មាន​អង្ករ​បាត់​អស់​ចំនួន ១៦​បាវ ហើយ​ក្នុង​មួយ​បាវ​ទម្ងន់​៥០​គីឡូក្រាម និង​ថា​បច្ចុប្បន្ន​កម្លាំង​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​រកមុខ សញ្ញា​ដែល​លួច​អង្ករ​នេះ​។​

គួរបញ្ជាក់ថា អង្ករ​ដែល​មាន​នៅ​ក្នុង​ទូ​រថភ្លើង​ ហើយ​ត្រូវ​ចោរលួច​យក​ទៅ​នេះ បើ​តាម​មន្ត្រី​ខាង​រថ​ភ្លើង​ថា ជា​អង្ករ​ដែល​នៅ​មាន​ជាតិ​ថ្នាំ​រក្សា​ការពារ​សត្វល្អិត មិនទាន់​ដល់​កំណត់​ដែល​អាច​ដាំបាយ​ពិសា​បានទេ អាច​ប៉ះពាល់​ដល់​សុខភាព៕

អត្ថបទ ៖ កោះ ពស់​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114