ពលបាលកែភេទស្រែកយំពេលមេដឹកនាំយោធា​ប្រកាសឲ្យចេញពីជួរកងទ័ព

អ្នកបើករថក្រោះប្តូរភេទម្នាក់ បានប្រឆាំងជាមួយមេដឹកនាំយោធាកុំឱ្យបណ្តេញគេចេញពីជួរកងទ័ព បន្ទាប់ពីការវះកែភេទរបស់គេ។

បុគ្គលិកពលបាល Byun Hui-su អង្វរទាំងទឹកភ្នែកដល់មេដឹកនាំយោធាកូរ៉េខាងត្បូងកុំឱ្យរំសាយគេចេញពីជួរកងទ័ព ដោយនិយាយថា គេមានក្ដីសុបិន្តធ្វើជាទាហានតាំងពីកុមារមកម្លេះ។ គេពិតជាចង់ជួយការពារព្រំដែនប្រទេសជាមួយកូរ៉េខាងជើងក្នុងនាមជាទាហានម្នាក់។

ពលបាល Byun Hui-su បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយបន្ទាប់ពីមេដឹកនាំយោធាកូរ៉េខាងត្បូងបានប្រកាសកាលពីថ្ងៃអង្គារ ថារូបគេត្រូវរំសាយពីបន្ទុកការពារជាតិ។  ពលបាលកែភេទដំបូងគេរបស់ប្រទេសរូបនេះនិយាយថា គេបានទទួលការវះកាត់ប្តូរភេទពីប្រុសទៅស្រីនៅប្រទេសថៃ បន្ទាប់ពីខ្លួនមានជំងឺធ្លាក់ទឹកចិត្ត។ កាលពីឆ្នាំមុននេះ គេទទួលបានពិន្ទុខ្ពស់ក្នុងការប្រឡងជំនាញបើកបររថក្រោះក្នុងចំណោមសេនាធិការបុគ្គលិកកងវរសេនាតូច និងបានចូលបម្រើការក្នុងជួរកងទ័ពការពារជាតិ។

ពលបាល Byun បាននិយាយទៀតថា  សូមកុំគិតពីភេទរបស់ខ្ញុំ! ខ្ញុំចង់បង្ហាញអ្នករាល់គ្នាថា ខ្ញុំអាចក្លាយជាទាហានដ៏អស្ចារ្យម្នាក់ដែលអាចការពារប្រទេសនេះបាន។ សូមមេត្តាផ្តល់ឱកាសដល់ខ្ញុំផង!

ក្រុមយោធានិយាយថា Byun មិនគួរទទួលបន្ទុកនេះទេ ដោយសារគេគ្មានសមត្ថភាពទាំងរាងកាយនិងផ្លូវចិត្ត។

គណៈកម្មាធិការបានថ្លែងថា ខ្លួនបានឆ្លងកាត់នីតិវិធីត្រឹមត្រូវដោយផ្អែកលើសេចក្តីសម្រេចចិត្តលើច្បាប់យោធាពាក់ព័ន្ធនឹងការផ្លាស់ប្តូរបុគ្គលិក។ មន្ត្រីយោធាបានលើកឡើងពីបទបញ្ញត្តិនៃច្បាប់ថា ខ្លួនមិនបណ្ដេញបុគ្គលិកពិការភាពខាងរាងកាយឬផ្លូវចិត្ត លុះណាតែបុគ្គលិកនោះពិការក្នុងអំឡុងពេលបំពេញការងារប៉ុណ្ណោះ  ។

កូរ៉េខាងត្បូងត្រូវបានគេដឹងថា បានហាមឃាត់មនុស្សប្តូរភេទមិនឲ្យចូលធ្វើទាហាននោះទេ ប៉ុន្តែពុំមានច្បាប់ជាក់លាក់អ្វីដែលចែងដោយសភានៅឡើយ។

ចំណែកឯសកម្មជនសិទ្ធិមនុស្សរបស់កូរ៉េខាងត្បូងលោក Lim Tae-hoon បានប្រាប់សន្និសីទសារព័ត៌មានថា លោកនឹងតស៊ូដើម្បីផ្លាស់ប្តូរការបញ្ញត្តិនេះ។ លោកប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សនៅសេអ៊ូលរូបនេះ បាននិយាយថា លោកមិនអាចទប់អារម្មណ៍ ចំពោះផ្នត់គំនិតរបស់យោធានេះបានទេ។​ លោកថា កាតព្វកិច្ចយោធាមិនអាស្រ័យលើ ប្រដាប់ភេទបុរស ហើយមានន័យថាគេជាពិការរាងកាយឡើយ គឺវាអាស្រ័យលើការប្ដេជ្ញាចិត្ត ។ លោកបន្ថែមថា ភេទទី៣ជាច្រើននាក់ បានរងនូវជំងឺធ្លាក់ទឹកចិត្ត ដោយសារប្រឈមមុខនឹងការរំលោភបំពាននិងរើសអើងពីសង្គម។

ពេលនេះពលបាល Byun Hui-su បានទទួលការគាំទ្រពីគណៈកម្មាធិការសិទ្ធិមនុស្សជាតិ ដែលកំពុងអំពាវនាវឱ្យមេដឹកនាំយោធាពន្យារពេលការសម្រេចចិត្តក្នុងការរំសាយពលបាលកែភេទរូបនេះពីជួរកងទ័ពការពារជាតិ៕

ចុចអាន៖ អាមេរិក​ដាក់​ទណ្ឌកម្ម​លើ​កូរ៉េ​ខាងជើង​ទៅកាន់​ពលករ​នៅ​ក្រៅ​ប្រទេស

ចុចអាន៖ ​ស្ត្រីកូរ៉េ​ខាង​ជើង​ប្រឈម​ការ​ជាប់​ពន្ធនាគារ​ ក្រោយ​ជួយ​សង្គ្រោះ​កូន​ចេញ​ពី​ភ្លើង តែ​មិន​យក​រូបថត​លោក គីម ជុងអ៊ីល​ចេញ​ផង

 

កែសម្រួល៖ សន្យា