BREAKING NEWS
Search

លោក ត្រាំ ព្រលយថាលោកបានដឹងហើយពីស្ថានភាពសុខភាពលោក គីម ជុងអ៊ុន ប៉ុន្តែលោក​សុំ​មិន​និយាយ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបន្ថែមការសង្ស័យជុំវិញស្ថានភាពសុខភាពរបស់មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ថែមទៀតកំលុងពេលសុន្ទរកថាប្រចាំថ្ងៃនៅសេតវិមានកាលពីថ្ងៃចន្ទ ដោយបានប្រាប់អ្នកសារព័ត៌មានថាលោក “បានដឹងច្បាស់ពីស្ថានភាពសុខភាពរបស់លោកគីម” តែមួយសន្ទុះក្រោយមកក៏និយាយថា “គ្មានអ្នកណាដឹងថាគាត់នៅទីណាទេ”។

នៅពេលត្រូវបានចោទសួរអំពីស្ថានភាពរបស់លោកគីម ប្រធានាធិបតីអាមេរិកបាននិយាយថា “ខ្ញុំមិនអាចប្រាប់អ្នកលម្អិតបានទេ… ពិតណាស់ខ្ញុំដឹងច្បាស់ពីស្ថានភាពរបស់គាត់ ប៉ុន្តែខ្ញុំមិនអាចនិយាយអំពីរឿងហ្នឹងបានទេឥឡូវនេះ អ្វីដែលខ្ញុំធ្វើបានគឺមានតែជូនពរគាត់” ។ ប៉ុន្តែក្រោយមកនៅក្នុងសន្និសិទកាសែតដដែលប្រធានាធិបតីបានប្រាប់អ្នកយកព័ត៌មានថា “គាត់ (លោកគីម) មិនបាននិយាយអ្វីទេកាលពីថ្ងៃសៅរ៍។ គ្មាននរណាម្នាក់ដឹងថាគាត់នៅទីណាទេដូច្នេះគាត់ច្បាស់ជាមិនបាននិយាយអ្វីទេ។ មានព័ត៌មានបែកធ្លាយថាលោកគីមជុងអ៊ុនបានធ្វើសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍ តែខ្ញុំមិនគិតដូច្នេះទេ”។

ចំណុចនេះ លោក ត្រាំ ហាក់ដូចជាសំដៅទៅលើសាររបស់លោកគីមទៅកាន់ក្រុមកម្មករនៅក្នុងប្រទេស ដែលបានចេញផ្សាយនៅក្នុងប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងកាលពីថ្ងៃអាទិត្យ ប៉ុន្តែគ្មានការបញ្ជាក់ច្បាស់នោះទេ។

កាលពីសប្តាហ៍មុនទូរទស្សន៍ CNN បានរាយការណ៍ថាសហរដ្ឋអាមេរិកកំពុងឃ្លាំមើលការស៊ើបការណ៍សម្ងាត់ដែលបង្ហាញថាលោកគីមស្ថិតក្នុងគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរបន្ទាប់ពីទទួលការវះកាត់។

បន្ទាប់ពីរបាយការណ៍របស់ទូរទស្សន៍ CNN ចុះផ្សាយ ទីប្រឹក្សាសន្តិសុខជាតិ Robert O’Brien បានបញ្ជាក់យ៉ាងច្បាស់ថារដ្ឋាភិបាល លោក ត្រាំ កំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើការវិវត្តទាក់ទងនឹងលោក គីម។ រដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិកលោក Mike Pompeo ក៏បាននិយាយដូចគ្នាថារដ្ឋបាល លោក ត្រាំ កំពុងតាមដានស្ថានការណ៍នេះយ៉ាងយកចិត្តទុកដាក់។

យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានឲ្យដឹងថាលោកគីមត្រូវបានគេឃើញជាសាធារណៈចុងក្រោយនៅថ្ងៃទី ១១ ខែមេសា នៅឯកិច្ចប្រជុំនយោបាយមួយ។ ចាប់តាំងពីពេលនោះមកលោកនៅតែអវត្តមានមករហូត ខណៈព័ត៌មានចចាមអារ៉ាមអំពីស្ថានភាពរបស់លោកនៅតែបន្តលេចឡើងបន្តបន្ទាប់ ៕

ចុចអាន៖ លោក គីម ជុងអ៊ុន នៅរស់ និងមានសុខភាពល្អនៅឡើយទេ បើតាមការអះអាងពីមន្ត្រីជាន់ខ្ពស់កូរ៉េខាងត្បូង

ចុចអាន៖ សារព័ត៌មានហុងកុងអះអាង​ថាលោក គីម ជុងអ៊ុន បានស្លាប់ហើយ ខណៈព័ត៌មានជប៉ុនថាលោកកំពុងស្ថិតក្នុងស្ថានភាព “មនុស្សរុក្ខជាតិ”

ប្រែសម្រួល៖ វ៉ាន់ថន
ប្រភព៖ CNN