BREAKING NEWS
Search

អ្នកជំនាញវិភាគ៖ លោក Trump មានឱកាសឈ្នះឆ្នោតអាណត្តិទី២ដល់ទៅ៩១​ភាគរយ

លោកប្រធានាធិបតី Donald Trump មានឱកាសដល់ទៅ៩១ភាគរយឯណោះក្នុងការឈ្នះការ​បោះឆ្នោតខែវិច្ឆិកាឆ្នាំ២០២០នេះ។ នេះបើយោងតាមសាស្រ្តាចារ្យវិទ្យាសាស្ត្រនយោបាយមួយរូបដែលបានព្យាករណ៍ត្រឹមត្រូវ៥ដងមកហើយក្នុងចំណោមការបោះឆ្នោត៦ដងចាប់តាំងពីឆ្នាំ១៩៩៦មក។

សាស្រ្តាចារ្យនៅសាកលវិទ្យាល័យ Stony Brook លោក Helmut Norpoth បានប្រាប់គេហទំព័រ Mediaite កាលពីថ្ងៃពុធថា “គំរូបឋមបានផ្តល់ឲ្យលោក Trump នូវឱកាសឈ្នះដល់ទៅ៩១ភាគ​រយនៅក្នុងខែវិច្ឆិកា”។

លោក Norpoth បានប្រាប់គេហទំព័រនេះថា គំរូរបស់គាត់ដែលគាត់បានរៀបចំនៅឆ្នាំ១៩៩៦បា​នទស្សន៍ទាយយ៉ាងត្រឹមត្រូវអំពីលទ្ធផលសម្រាប់ការបោះឆ្នោត២៥ដងក្នុងចំណោម២៧ដង​ចាប់តាំងពីឆ្នាំ១៩១២មកនៅពេលដែលការបោះឆ្នោតបឋមត្រូវបានណែនាំ។

សាស្រ្តាចារ្យរូបនេះបាននិយាយថា គំរូនេះគឺគណនាបេក្ខជនឈ្នះឆ្នោតដោយផ្អែកលើការប្រកួតប្រជែងជ្រើសរើសបេក្ខជនតែងតាំងប្រធានាធិបតីលើកមុននិងផ្តោតលើចំនួនបេក្ខជននៅដំណាក់កាលដំបូងនៃការតែងតាំង។

ការព្យាករណ៍នេះបានកើតឡើងនៅពេលដែលគំរូនៃការបោះឆ្នោតដទៃទៀតមួយចំនួនបាន​លើកឡើងថា លោក Trump នឹងចាញ់លោក Biden ដោយសារកត្តាមួយចំនួនរួមទាំងការរីករា​លដាលនៃជំងឺកូវីដ១៩ផងដែរ។

គំរូបោះឆ្នោតថ្នាក់ជាតិដោយ Oxford Economics បានព្យាករណ៍ថា លោក Donald Trump នឹង​រងនូវការបរាជ័យជាប្រវត្តិសាស្ត្រក្នុងការបោះឆ្នោតខែវិច្ឆិកាដោយសារតែវិបត្តិសេដ្ឋកិច្ចបណ្តាលមកពីវីរុសកូរ៉ូណា។

ការព្យាករណ៍មួយទៀតដោយកាសែត Washington Post បានព្យាករណ៍ទុកជាមុនថា លោក Trump នឹងទទួលសំឡេងឆ្នោតបានតែ២៤ភាគរយប៉ុណ្ណោះប៉ុន្តែក្នុងលក្ខខណ្ឌដែលសេដ្ឋកិច្ច​និងអត្រាគាំទ្ររបស់ប្រធានាធិបតីរូបនេះនៅតែបន្តធ្លាក់ចុះ៕​ The Independent

ដោយ៖ វណ្ណវណ្ណ