លោក Trump អំពាវនាវ​ឱ្យ WB បញ្ឈប់​ការផ្តល់ប្រាក់​កម្ចី​ដល់​ប្រទេស​ចិន

កាលពី​ថ្ងៃ​សុក្រ​នេះ ប្រធានាធិបតី​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ បាន​អំពាវនាវ​ឱ្យ​ធនាគារពិភពលោក​បញ្ឈ​ប់​ការផ្តល់​ប្រាក់កម្ចី​ទៅដល់​ប្រទេស​ចិន ពោលគឺ​នៅ​មួយថ្ងៃ​បន្ទាប់ពី​ស្ថាប័ន​នេះ​បានអនុម័ត​ផែនការ​ផ្តល់​កម្ចី​ដល់​ក្រុង​ប៉េកាំង​ជុំវិញ​ការជំទាស់​របស់​ក្រុង​វ៉ាស៊ីនតោន​។​

ធនាគារពិភពលោក​បាន​អនុម័ត​ផែនការ​មួយ​ដើម្បី​ផ្ដល់ជំនួយ​ជា​កម្ចី​ដែលមាន​ការប្រាក់​ទាប​ប្រចាំឆ្នាំ​ទៅដល់​ប្រទេស​ចិន​ជាមួយ​ទឹកប្រាក់​១​ពាន់​លាន​ដុល្លារ ទៅ​១,៥​ពាន់​លាន​ដុល្លារ​រហូតដល់​ខែមិថុនា ២០២៥​។

លោក​ត្រាំ​បាន​បង្ហោះ​នៅលើ Twitter ថា “​ហេតុអ្វី​បានជា​ធនាគារពិភពលោក​ផ្តល់​កម្ចី​ដល់​ប្រទេស​ចិន​ទៀត​? តើ​វា​អាចទៅរួច​ទេ​? ចិន​មាន​លុយ​ច្រើន​ស្រាប់​ហើយ ហើយ​បើ​ចិន​អត់លុយ ពួកគេ​នឹង​ផលិត​លុយ​បាន​តើ​។ ឈប់​ទៅ​!”

ចំណែក​ធនាគារពិភពលោក​បានឱ្យដឹង​ក្នុង​សេចក្តីថ្លែងការណ៍​តាម​អ៊ីមែល​ទៅកាន់ Reuters​ថា “​ការផ្តល់​កម្ចី​របស់​ធ​នាគារ​ពិភពលោក​ដល់​ប្រទេស​ចិន​បាន​ថយចុះ​យ៉ាងខ្លាំង ហើយក៏​នឹង​បន្ត​កាត់បន្ថយ​បន្ថែមទៀត​ដែលជា​ផ្នែក​មួយ​នៃ​កិច្ចព្រមព្រៀង​របស់​យើង​ជាមួយ​ម្ចាស់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​របស់​យើង​ទាំងអស់​រួមទាំង​សហរដ្ឋអាមេរិក​ផងដែរ​។ យើង​នឹង​លុបបំបាត់​ការផ្តល់​កម្ចី​នេះ ពេលណា​ប្រទេស​ទាំងនោះ​មាន​ជាង​មុន​។​”

ធនាគារពិភពលោក​បាន​ផ្តល់ប្រាក់​កម្ចី​ដល់​ប្រទេស​ចិន​ចំនួន​១,៣​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំសារពើពន្ធ​២០១៩ ដែល​បានបញ្ចប់​នៅ​ថ្ងៃទី​៣០ មិថុនា ពោលគឺ​ថយចុះ​ពី​ប្រមាណ​២,៤​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំសារពើពន្ធ​២០១៧ ។​

ប៉ុន្តែ​គួរ​កត់សម្គាល់ថា ការថយចុះ​នៃ​ការផ្ដល់ប្រាក់​កម្ចី​របស់ WB ទៅដល់​ប្រទេស​ចិន​នេះ​នៅ​មិនទាន់​គ្រប់គ្រាន់​សម្រាប់​រដ្ឋបាល​លោក Trump​ឡើយ ដែល​លោក​បាន​អះអាងថា​ក្រុង​ប៉េកាំង​មានទ្រព្យ​សម្បត្តិ​ច្រើនពេក​ហើយ​សម្រាប់​ទទួល​ជំនួយ​អន្តរជាតិ​ទៀត​នោះ​៕ REUTERS
​ តរុណី



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114