ព្រោះតែCovid ព្រឹទ្ធសភាអាមេរិកទម្លាក់ ២ទ្រីលានដុល្លារជាលុយសង្គ្រោះធំបំផុត១ក្នុងប្រវត្តិសាស្ត្រអាមេរិក

ព្រឹទ្ធសភាអាមេរិកទើបតែបានអនុម័តក្តៅៗ និងជាឯកច្ឆន្ទ នូវកញ្ចប់ថវិកាសង្គ្រោះបន្ទាន់ចំនួន ២,២ ទ្រីលានដុល្លារអាមេរិកកាលពីយប់ថ្ងៃពុធ ក្នុងគោលបំណងរឹតត្បិតការប៉ះទង្គិចផ្នែកហិរញ្ញវត្ថុដែលវិស័យពាណិជ្ជកម្មពិភពលោកកំពុង​រងគ្រោះព្រោះជំងឺរាតត្បាត។

ក្រុមអ្នកតាក់តែងច្បាប់អាមេរិក បានធ្វើសកម្មភាពយ៉ាងរហ័សដើម្បីជួយបង្កើតកញ្ចប់ជំនួយសេដ្ឋកិច្ចដ៏ធំបំផុតមិនធ្លាប់ក្នុងប្រវត្តិសាស្ត្ររបស់ប្រទេស។

ច្បាប់នេះ​នឹងបញ្ជូនមូលប្បទានប័ត្រទៅបង្កើតកម្មវិធីប្រាក់កម្ចីសម្រាប់អាជីវកម្មទាំងតូចទាំងកណ្តាល និងកម្មវិធីធានារ៉ាប់រងលើភាពអត់ការងារ ក៏ដូចជាធ្វើជម្រុញការចំណាយលើមន្ទីរពេទ្យនិងវិស័យពាក់ព័ន្ធ។

ការសម្រេចចិត្តនេះ​ បង្ហាញពីសភាពការណ៍ដែលកាន់តែធ្ងន់ធ្ងរឡើងនៅក្នុងសហរដ្ឋអាមេរិកដែល​គោលដៅនៃការអនុម័តនេះគឺដើម្បីធ្វើឱ្យសេដ្ឋកិច្ចមានដំណើរការ​ទំាង​ភាពវឹកវរផ្នែកហិរញ្ញវត្ថុបានបិទទ្វារអាជីវកម្មសឹងទំាងស្រុងនៅអាមេរិក។

REUTERS/Leah Millis

ការបោះឆ្នោតសម្រេចចិត្ត​នេះ បានធ្វើឡើងនៅក្រោយ១ថ្ងៃប៉ុណ្ណោះនៃការចេញផ្សាយតួលេខថ្មីពីនាយកដ្ឋានការងារអាមេរិក លើចំនួនកម្មករដែលបានដាក់ពាក្យសុំទទួលអត្ថប្រយោជន៍គ្មានការងារធ្វើ ក្នុងសប្តាហ៍ចុងក្រោយនៃខែមីនា។

មេដឹកនាំជនជាតិភាគតិចលោក Charles E. Schumer បាននិយាយថា «សេដ្ឋកិច្ចអាមេរិកបានជាប់គាំងហើយ! ប្រទេសរបស់យើងបានប្រឈមនឹងបញ្ហាដ៏ធំសម្បើមមិនដែលមាន​ពីមុនមក»។

លុយជាង២កោដលាននេះ នឹងយកទៅផ្តល់ជាបថម​នូវ​ទឹកប្រាក់ចំនួន ១២០០ ដុល្លារដល់មនុស្សពេញវ័យអាមេរិកនិង ៥០០ ដុល្លារសម្រាប់កុមារ ក៏ដូច​ជា ផ្តល់ប្រាក់កម្ចី ៥០០ ពាន់លានដុល្លារសម្រាប់អាជីវកម្មនានាក្នុងទីក្រុងនិងបង្កើតមូលនិធិរក្សាទុកតាមរដ្ឋទំាងអស់ ដើម្បីទប់ទល់ការអត់បៀរវត្សរ៍នៃបុគ្គលិកពីអាជីវកម្មខ្នាតតូច។

ក្នុងគម្រោង​ដែលរដ្ឋាភិបាលលោកTrumpស្នើសុំនោះ ក៏មាន​ការបញ្ចូល​នូវ​ផែនការ​ផ្តល់ប្រាក់ចំនួន ១៣០ ពាន់លានដុល្លារដល់បណ្តា​មន្ទីរពេទ្យទៀត។

ដោយមានករណីឆ្លងវីរុសកូវីដដូចនឹងប្រទេស​ដទៃ​ដែរ សហរដ្ឋអាមេរិកមានអ្នកផ្ទុក ៦៧០០០ នាក់ជាតួលេខនាថ្ងៃពុធនេះ ជាមួយនឹងមរណភាពជាង ៩០០ នាក់រួចមកហើយ។

សមាជិកសភាបានទទួលស្គាល់ថា មិនមានជំនួយសេដ្ឋកិច្ចណាមួយពីសភា អាចបញ្ឈប់ការឈឺចាប់ក្នុងចំណោមសាធារណជនអាមេរិកបានឡើយព្រោះការបញ្ឈប់កម្មករកំពុង​បន្តកើតមាន រួមនឹង​ការកាត់បន្ថយប្រាក់ខែគ្រប់ទីកន្លែង។

លោក Trump បានព្យាយាមជំរុញអាមេរិកឱ្យស្តារសេដ្ឋកិច្ចឡើងវិញឱ្យបាន​យូរបំផុត​នៅត្រឹមថ្ងៃទី ១២ ខែមេសានេះ។

ឡាហ្សូលី