“ទ្វេញ្ញាណ”​ ​និទាន​រឿងរ៉ាវរន្ធត់និង​អាថ៌កំបាំង​ ​ស្ដែង​ឲ្យអ្នក​អាន​យល់ពី​បុណ្យនិង​បាប​ពិតជា​មានពិត​​​

ប្រលោមលោក​​រន្ធត់​ ​និងអាថ៌កំបាំង​ ​ក្រោម​ស្នាដៃ​និពន្ធ​របស់​អ្នកនិពន្ធ​ប្រលោមលោក​រន្ធត់​បែប​បរទេស​ ​សូផាន​ ​វល័ក្ខ​ ​នាមប៉ាកា​ ​អ៊ែលលីស​ ​បាន​​ចេញ​ផ្សាយ​សៀវភៅ​ប្រភេទ​មន្ត​អាគម​​​បែបបទ​ជាខ្មែរ​លើកដំបូង​ ​កាល​ពី​ពេល​ថ្មីៗ​​កន្លងមក​នេះ​​ និងគ្រប់​គ្រង​ការ​ផ្សព្វផ្សាយ​ដោយ​ អ៊ែលលីស-Ellis​។​ ​រឿង “ទ្វេញ្ញាណ​”​ ត្រូវ​បាន​អ្នក​និពន្ធ​តាក់​តែង​ឡើង​ដោយ​ផ្អែក​លើធាតុ​ពិត​របស់​មនុស្ស​​​ ដែល​​តែងតែ​មោហ៍បាំង​គ្រប់គ្រង​ខ្លួនឯង​មិន​បាន​ក្នុង​ពេល​ដែល​ ​ខឹង ​ស្អប់ ​គុំកួន ​ច្រណែន ​​ឈ្នានីស ​និង​ភ័យខ្លាច​ ​រហូត​ជ្រុល​ជ្រួស​ប្រព្រឹត្ត​រឿង​ដែល​មិនអាច​លើក​លែង​បាន​។​

​ប្រលោមលោក​ប្រភេទ​មន្តអាគម​ ​អាថ៌កំបាំង​រឿង​ “​ទ្វេញ្ញាណ​” ​ដែល​អ្នកនិព្ធ​សម្រេចចិត្ត​បោះពុម្ព​ផ្សាយ​គឺ​ដើម្បី​ចូលរួមជា​បច្ច័យ​មួយ​​សម្រាប់​ជូន​មិត្តអ្នក​អាន​ទាំងអស់​​គ្នាឲ្យ​បាន​យល់​ថា​ ​គ្រប់​រឿងរ៉ាវ​តែងតែ​មាន​ហេតុ​និងផល​ ហើយ​គ្រប់​បញ្ហា​តែង​មាន​ផ្លូវចេញ​ដោយ​សន្តិវិធី​ ​ពុំមែន​សុទ្ធតែ​ត្រូវ​យក​ហិង្សា​មកដោះ​ស្រាយ​នោះទេ​។​ ​

អ្នកនិពន្ធ សូផាន វល័ក្ខនិងស្នាដៃ

​តាមរយៈ​ការ​ផ្តល់បទ​សម្ភាសន៍​ជាមួយ​ ​KPT Plus​ ​ ​អំពី​ផល​លំបាក​ក្នុង​ពេល​ដែល​និពន្ធ​សៀវភៅ​រឿង​ “​ទ្វេញ្ញាណ​”​ ​នេះ​ ​អ្នកនិពន្ធ​ ​សូផាន​ ​វល័ក្ខ​ ​នាមប៉ាកា​ ​អ៊ែលលីស​ ​បាន​និយាយ​​យ៉ាង​ដូច្នេះ​ថា​៖ “សម្រាប់​ផលវិបាក​ ដ៏​ធំ​បំផុត​សម្រាប់​នាងខ្ញុំ​នោះ​គឺ​ការ​ស្វែងរក​ទិន្នន័យ​ ​និង​បទពិសោធន៍​ក្នុងការ​សរសេរ​ប្រលោម​លោក​បរិបទខ្មែរ​ ​ដោយ​សារ​នេះជា​លើក​ដំបូង​របស់​នាងខ្ញុំ​”​។ ​ម្ចាស់​ស្នាដៃ​រឿង​ ​”​ទ្វេញ្ញាណ​”​ ​បានបន្ត​ទៀតថា​៖​ “​ឆ្លង​តាម​ការស្រាវជ្រាវ​ពី​ទិន្នន័យ​ពាក់ព័ន្ធ​ ​និង​សាកសួរ​សុំ​យោបល់​ពី​អ្នកនិពន្ធ​រៀមច្បង​ ​នាង​ខ្ញុំ​ក៏បាន​បញ្ចប់​ប្រលោមលោក​ ​«ទ្វេញ្ញាណ»​ ដែល​មាន​រសជាតិ​បែប​ខ្មែរ​ និង​ជា​រសជាតិ​ថ្មី​សម្រាប់​នាង​ខ្ញុំផ្ទាល់​នេះ ​យ៉ាង​ជោគជ័យ​ផង​ដែរ​”​ ។​ ​

​ម្ចាស់​ស្នាដៃ​រឿង​ ​”ទ្វេញ្ញាណ​” ​បានបន្តបន្ថែម​លើគុណតម្លៃ​ក្នុងរឿងនេះ ​មាន២ចំណុច ​ដែលចំណុចទី១ គឺ​លើកឡើង​ដើម្បីប្រាប់​មិត្តអ្នកអាន​ឲ្យដឹងថា​ ​បុណ្យនិងបាប​ពិតជា​មានមែន​ ​ហើយវា​នឹងស្ដែងចេញ​ ​ក្នុង​ជាតិ​នេះ​ដោយពុំចាំ​ដល់​ជាតិក្រោយ​ឡើង​។​ ​បុគ្គលម្នាក់ៗ​អាចនឹង​ប្រព្រឹត្ត​អំពើ​ ​អបលក្ខណ៍​ផ្សេងៗ​ដោយ​គ្មាន​នរណា​ដឹង​ ​ប៉ុន្តែជាក់​ស្ដែង​បុគ្គល​នោះ​មិនអាច​លាក់​​បាំងវា​ពីកម្ម​របស់​ខ្លួនទេ​ ទីបំផុត​សំណងកម្ម​នឹង​តាមសង​ទៅ​បុគ្គល​អ្នកធ្វើវិញ​ ​យ៉ាង​ស័ក្តិសម​។ ​ចំណែក​ចំណុចទី២វិញ​ រឿងនេះ​បាន​បង្កប់ន័យឲ្យ​​មិត្តអ្នក​អាន​យល់​ថា​ ​​គ្រប់ទង្វើ​ដែលខ្លួនបាន​​ធ្វើទាំង​ឡាយ​ ​ក៏គេច​មិនផុតពី​សំណាញ់​ច្បាប់ដែរ​ មិនថា​ការប្រព្រឹត្ត​ខុសនោះ​គេព្យា​យាម​លាក់​លៀម​ជិតយ៉ាង​ណាក៏​ដោយ​ ​ក៏ជន​ប្រព្រឹត្តខុស​ពុំអាចរត់​គេចពី​ កំហុស​ទាំងអស់នោះ​បានដែរ​ ​ដោយសារ​តែ​សំណាញ់​ច្បាប់និង​ភាព​យុត្តិធម៌​ដែរ​។ ​​​


​​
ថ្លែង​អំពី​មោទកភាព​ចំពោះ​ស្នាដៃនេះ​ អ្នកនិពន្ធ​ ​សូផាន​ ​វល័ក្ខ ​បាននិយាយ​យ៉ាងដូច្នេះ​ថា៖​ “​នាងខ្ញុំពិតជា មាន​មោទកភាព​ណាស់​សម្រាប់​សា្នដៃមួយនេះ​ ​ព្រោះស្នាដៃនេះ​គឺជា ​ប្រលោមលោក​បរិបទខ្មែរ​ទីមួយ​ដែលនាងខ្ញុំ​បានសរសេរ​ ​មិនតែប៉ុណ្ណោះ​វាក៏​ទទួល​បានការគាំទ្រ​ពីសំណាក់មិត្ត​អ្នកអាន​ដែលស្នេហា​ប្រលោមលោក​បែបរន្ធត់ ​អាថ៌កំបាំង​ ​និង​ស៊ើបអង្កេត​ផងដែរ​។ ​មួយវិញទៀត​អ្វីដែល​កាន់តែ​ធ្វើឲ្យ​នាងខ្ញុំ​ មាន​មោទកភាព​ទៀតនោះគឺ​ជា​ការ​ផ្ដល់​យោបល់ត្រឡប់​ពីមិត្តអ្នកអាន”​។ ​អ្នកនិពន្ធបន្ថែមដោយរីករាយថា​៖ ​”យោបល់​ទាំងអស់នោះ​ពុំមែន​ជា​ការ​សរ​សើរទេ​ ​ប៉ុន្តែជាសារមួយ​ប្រាប់នាង​ខ្ញុំ​ ​ថាក្រោយពីអាន​ រឿងមួយនេះ​គាត់ពិតជា​ជ្រួតជ្រាប​ពីអត្ថន័យ​ដែល​នាង​ខ្ញុំ​បាន​បង្កប់​ ​និងអាចរៀន​សូត្រ​​ពីចំណុចល្អ​មួយចំនួន​ពីប្រលោមលោកមួយក្បាល​នេះផងដែរ​”​ ​។

​បើនិយាយ​អំពីការព្រួយ​បារម្ភចំពោះ​ស្នាដៃបរិបទជា​ខ្មែរលើក​ដំបូងនេះ​ ​អ្នកនិពន្ធ​បានបន្ត​ប្រាប់មក​ ​KPT Plus ថា​៖​ “​សម្រាប់ក្ដី​ព្រួយ​បារម្ភ​របស់នាង​ ​ខ្ញុំប្រហែល​ជាមិនខុសប្លែក​អ្វីពីអ្នកនិពន្ធ​ជំនាន់ថ្មី​ ​ខ្ចីបទពិសោធន៍​ដទៃទៀតទេ​ នោះ​គឺកំហុស​​​ដោយ​អចេតនា​លើ​អក្ខរាវារុទ្ធ​ ​ភាពស៊ី​សង្វាក់​នៃសាច់រឿង​ ​ភាពជាក់លាក់​ក្នុងរឿង​ ​និង​គុណភាព​របស់សៀវភៅ​”។ អ្នកនិពន្ធ​រូបនេះ​បន្តទៀតថា​៖ “​យ៉ាងណា​មិញតាម​រយៈមតិ​ត្រឡប់​របស់មិត្ត​អ្នកអាន​ឃើញ​ថា​ប្រលោម​លោក​មួយ​នេះ​ក៏មាន​ភាព​ខ្វះខាត​មួយចំនួនតូច​ដែរ​ ​ដូច្នេះ​យើង​ទាំងអស់គ្នា​នឹង​ព្យាយាម​កែតម្រូវ​ឱ្យបាន​កាន់​តែល្អ​ជាមុន​ទៀត​សម្រាប់​ស្នាដៃ​ក្រោយ​ៗ”​ ​។​

​ម្ចាស់ស្នាដៃរឿង “​ទ្វេញ្ញាណ​” ​សូមថ្លែងអំណរគុណ​ជាខ្លាំងដល់បងស្រី រ៉េត ច័ន្ទបុប្ផា​ ​ដែលជាអ្នកថត​រូបលើ​ក្រប​សៀវភៅ​និងក្រុមការងារ។ ​អ្នកនិពន្ធ សូផាន វល័ក្ខ ​សូមអរគុណ​ដល់លោក វី យ៉ារ៉ូ ​និងកញ្ញា​ ម៉េត ស្រីភ័ស ​ដែល​ព្រម​ថតធ្វើជាតួ​ដាក់លើក្របសៀវភៅមួយនេះ​ និងសូមថ្លែងអំណរគុណ យ៉ាង​ជ្រាលជ្រៅ​សម្រាប់​ការគាំទ្រ​របស់​មិត្ត​អ្នកអាន​គ្រប់រូប​ដែលតែង​ឈរក្បែរ​ ​និងលើកទឹកចិត្តនាងខ្ញុំ​ក៏​ដូចជា​អ្នកនិពន្ធ​ខ្មែរដទៃទៀតកន្លងមក​។​

​រឿង​ “​ទ្វេញ្ញាណ​” ​​បោះពុម្ពផ្សាយ​លើកទី១ចំនួន​ ១០០០ច្បាប់ ​មាន២៤១​ទំព័រ ​លក់ក្នុងតម្លៃ​ ២៤០០០​រៀល​ ​ប្រិយមិត្ត​អាចរក​ជាវបាន​ ​តាមរយៈ​អ្នកនិពន្ធ​ផ្ទាល់​ ​ឬនៅ​តាម​បណ្ណាគារ​នានា​ និង ​ហាងសៀវភៅ​អនឡាញ​ជាច្រើន​ទៀត​ក្នុង​ប្រទេសកម្ពុជា​៕

ចុចអាន៖
“ទោះស្នេហ៍ឆ្ងាយហួសជើងមេឃ” និទានមនោសញ្ចេតនាចេញស្វាគមន៍ទិវានៃក្ដីស្រឡាញ់
“ហេមន្ត​ស្នេហ៍​​គីហ្សូណា”​ ​ប្រលោមលោក​មនោសញ្ចេតនាបង្កប់អត្ថន័យ​ជ្រាលជ្រៅ​ពីក្រអៅបេះដូងអ្នកនិពន្ធ