ព្រះរាជអាជ្ញា សម្រេច​ចោទ​ប្រកាន់ នាយក TVFB ពីបទ « ញុះញង់អោយប្រព្រឹត្តបទឧក្រិដ្ឋជាអាទ៍ »​

លោក ប្លង់ សុផល ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី ០៩ ខែមេសា ឆ្នាំ២០២០នេះ បានសម្រេចចោទប្រកាន់ លោក សុវណ្ណរិទ្ធីនាយក TVFB ពីបទ « ញុះញង់ឱ្យ​ប្រព្រឹត្តបទឧក្រិដ្ឋជាអាទ៍ » តាមមាត្រា៤៩៥ នៃក្រមព្រហ្មទ័ណ្ឌ ហើយបញ្ជូនទៅឱ្យ​ចៅក្រមសើបសួរបន្តនីតិវិធី ។

យោង​តាម​មាត្រា ៤៩៥ នៃ​ក្រម​ព្រហ្មទណ្ឌ​បាន​កំណត់ទោស​ ពី​៦ខែ ទៅ២ឆ្នាំ និងពិន័យជាប្រាក់​១លាន​រៀល​។ ​កាលពីម្សិល​មិញ​ សមត្ថកិច្ច​បាន​ពិនិត្យ​ កុំព្យូទ័រ​ ដែល​គាត់​ប្រើ​ប្រាស់​ក្នុង​ការ​បង្ហោះវីដេអូ​លើ​ផេក​ហ្វេស​បុក សមត្ថកិច្ច​បាន​ស្រាវជ្រាវ​រក​ឃើញ​មាន​ការ​កាត់​ត​បញ្ចូល​សំឡេង ពាក់ព័ន្ធ​នឹង​អនុសាសន៍​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន ដែល​បាន​លើក​ឡើង​ក្នុង​សន្និសីទ កាលពី​ព្រឹក​ថ្ងៃ​ទី​០៧​ មេសា ឆ្នាំ​២០២០ នៅ​វិមាន​សន្តិភាព​ស្ដី​អំពី​វី​រូស​កូ​វីដ​១៩ និង​ជីវភាព​អ្នក​រត់​ម៉ូតូឌុប​។

កាលពី​ថ្ងៃ​ទី​០៧ ខែ​មេសា ឆ្នាំ​២០២០ ដោយមាន​ការ​សហការ​រវាង​នាយកដ្ឋាន​សន្តិសុខ​ផ្ទៃក្នុង ការិយាល័យ​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា និង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នៅ​វេលា​ម៉ោង ២២និង០០​នាទី​យប់ កម្លាំង​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ឈ្មោះ សុវណ្ណ រិទ្ធី ភេទ​ប្រុស មុខរបរ​អ្នកសារព័ត៌មាន ​TVFB នៅ​ចំណុច​ផ្ទះ​លេខ​១០ ផ្លូវ​លេខ​២៨៩ ភូមិ​បូរី​ពិភព​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​​ការិយាល័យ​អង្គភាព​សារព័ត៌មាន ធី​វី​អេ​ហ្វ​ប៊ី ញ៉ូ​ស ២៤​ម៉ (TVFB News 24h) និង​បានបញ្ជូន​មកតុលាការកាលពីម្សិលមិញ​ ទាក់ទងនឹងការ​ផ្សព្វផ្សាយព័ត៌មាន​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម៕