បុគ្គលិកTwitter ទូទាំងពិភពលោកត្រូវបង្គាប់ឱ្យធ្វើការពីផ្ទះមក ដោយសារតែខ្លាចរឿងវីរុស COVID-19

ក្រុមហ៊ុនTwitterបានបង្គាប់ឱ្យបុគ្គលិកទាំងអស់នៅទូទាំងពិភពលោកត្រូវធ្វើការពីផ្ទះមកក្នុងគោលបំណងបញ្ឈប់ការរីករាលដាលនៃវីរុសកូរ៉ូណា។

ការផ្ទុះឡើងនៃជំងឺឆ្លងផ្លូវដង្ហើមប្រភេទថ្មីនេះបានរីករាលដាលពាសពេញពិភពលោកចាប់តាំងពីមានការរាតត្បាតនៅភាគកណ្តាលប្រទេសចិនកាលពីចុងឆ្នាំ២០១៩ ដោយបានសម្លាប់មនុស្សជាង ៤៦០០នាក់ ឆ្លងទៅមនុស្សជាង ១២៦០០០នាក់ និងបង្កជាឫសគល់នៃការរឹតត្បិតការធ្វើដំណើរ។

វេទិកាបណ្ដាញសង្គមខាងលើនេះធ្លាប់បានប្រកាសរួចមកហើយនូវគោលនយោបាយធ្វើការពីផ្ទះមកយ៉ាងចាំបាច់ សម្រាប់បុគ្គលិករបស់ខ្លួនដែលធ្វើការនៅកូរ៉េខាងត្បូង ហុងកុង និងជប៉ុនកាលពីដើមខែនេះ និងបានផ្អាករាល់ការធ្វើដំណើរ និងព្រឹត្តិការណ៍អាជីវកម្មទាំងឡាយណាដែលមិនសំខាន់កាលពីខែកុម្ភៈ។

មិនខុសគ្នាដែរ ក្រុមហ៊ុនអ៊ីនធឺណិតយក្សដទៃទៀតក៏បាននាំមកនូវគោលនយោបាយផ្ទាល់ខ្លួននានាដើម្បីការពារបុគ្គលិកពីការឆ្លងវីរុសនេះដូចគ្នា។

តួយ៉ាងដូចជាក្រុមហ៊ុន Google បានចាប់ផ្តើមរឹតត្បិតដំណើរទស្សនកិច្ចទៅកាន់ការិយាល័យរបស់ខ្លួននៅ Silicon Valley, San Francisco និង New York កាលពីថ្ងៃច័ន្ទ ខណៈដែលក្រុមហ៊ុន Apple ក៏បានលើកទឹកចិត្តបុគ្គលិកឱ្យធ្វើការពីផ្ទះមក។

ចំណែក Facebook បានបិទការិយាល័យរបស់ខ្លួននៅទីក្រុងសាំងហ្គាពួរ និងទីក្រុងឡុងដ៍ដើម្បីធ្វើការសម្អាតឱ្យបានស៊ីជម្រៅកាលពីសប្តាហ៍មុន បន្ទាប់ពីនិយោជិតម្នាក់ដែលបានចំណាយពេលធ្វើការនៅក្នុងកន្លែងធ្វើការទាំងពីរទីក្រុងនេះត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញថាមានផ្ទុកវីរុសនេះ៕ AFP

ប្រែសម្រួល៖ តរុណី