ព័ត៍មានទាន់​ហេតុការណ៏
Search

ពលករ​ខ្មែរ​២​នាក់ ក្លាយ​ជា​សេដ្ឋី​ នា​ថ្ងៃ​ឆ្នោត​ថៃ​ចេញ​ ដោយសារ​រាសី​ខ្ពស់​ត្រូវ​១២​លាន​បាត

ប្រទេស​ថៃ ​៖ ​នេះ​ទើប​ពិតជា​សំណាង​ធំ ​ដែល​ពលករ​ខ្មែរ ​ពីរ​នាក់​ប្តី ​ប្រពន្ធ ​បាន​ក្លាយ​ជា​សេដ្ឋី​ភ្លាមៗ នា​ថ្ងៃ​ឆ្នោត​ជាតិ​របស់​ថៃ​ចេញ​ ដោយសារតែ​ពួកគេ​ទាំង​២​នាក់​ បាន​ត្រូវ​រង្វាន់​ធំ​ចំនួន​២​សន្លឹក​គិត​ជា​ទឹកប្រាក់​ចំនួន​១២​លាន​បាត ​រហូត​ធ្វើ​ឲ្យ​ពួកគេ​ញញឹមញញែម​បិទមាត់​មិន​ជិត។

យោង​តាម​ការផ្សាយ​របស់​កាសែត​ថៃ « ថៃ​រ៉ាត់ » បាន​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​១ ខែ​ធ្នូ ឆ្នាំ​២០១៩ វេលា​ ម៉ោង​៤​និង​៥៥​នាទី​ គេ​សង្កេត​ឃើញ​មាន​ពលករ​ខ្មែរ​ចំនួន​២​នាក់ ( ប្តី​ប្រពន្ធ​) ដែល​មុខងារ​ជា​កម្មករ​សំណង់​ ធ្វើការ​នៅ​ក្នុង​ទីក្រុង​បាងកក​ បាន​ធ្វើ​ដំណើរ​ចូល​ទៅ​កាន់​ស្នាក់​ការ​ឆ្នោតជាតិ​ថៃ ប្រចាំ​ទីក្រុង​បាងកក​ ប្រកប​ដោយ​ទឹកមុខ​ញញឹម​ រីករាយ​ឥតឧបមា។

កាសែត​បាន​បន្ត​ថា ក្រោយពី​បាន​សាកសួរ បុរស​ជា​ស្វាមី​ឈ្មោះ ដា សុ​ផល្លា អាយុ ៤០ ឆ្នាំ បាន​និយាយថា ​ពួកគេ​បាន​ត្រូវ​ឆ្នោតជាតិ​រង្វាន់​ទី​១​ គឺជា​រង្វាន់​ធំ ​ដែល​មាន​ទឹកប្រាក់​ចំនួន​៦​ លាន​បាត គឺ​ពួកគេ​ត្រូវ ២ សន្លឹក​ ស្មើនឹង​១២​លាន​បាត ​ទើប​គេ​ធ្វើដំណើរ​មក​ចុះហត្ថលេខា និង​ថតរូប​ទុកជា​ភស្តុតាង នៅ​ក្នុង​ក្រុមហ៊ុន ដើម្បី​ការពារ​សុវត្ថិភាព​របស់​ពួកគេ​ផងដែរ។

លោក ដា សុ​ផល្លា បាន​រៀបរាប់​ប្រាប់​អ្នកសារព័ត៌មាន​បន្ត​ថា​ នៅមុន​ថ្ងៃ​ទី​១​​មួយ​ថ្ងៃ ដែល​ជា​ថ្ងៃ​ឆ្នោតជាតិ​របស់​ប្រទេស​ថៃ​ចេញ​លទ្ធផល គេ​ប្រពន្ធ​របស់​គេ​បាន​យល់​សប្តិ៍​ឃើញ​ឪពុកមា ដែល​បច្ចុប្បន្ន​កំពុង​បួស​ជា​សង្ឃ​នៅ​ឯ​ស្រុក​ខ្មែរ ដែល​ឪពុកមា​រូប​នោះ មាន​ព្រះជន្ម ៥៤ ព្រះវស្សា ស្របពេល​ដែលមាន​អ្នក​ស្គាល់គ្នា​មក​លក់​ឆ្នោតជាតិ​ដល់​កន្លែង​សម្រាក​ផង ទើប​ពួកគេ​បានជា​រើស​រើសយក​សន្លឹកឆ្នោត​ដែលមាន​ក្បាល ៥៤និង​ផ្ទុយ​វិញ គឺ​លេខ ៤៥។

ទីបំផុត នៅ​រសៀល​ថ្ងៃទី១ ខែធ្នូ​ ក្រោយពី​លទ្ធផល​ឆ្នោត​ត្រូវបាន​ផ្សព្វផ្សាយ ទើប​ពួកគេ​ដឹងថា ត្រូវចំ​ទៅលើ​រង្វាន់​ទី​១ ចំនួន ២ សន្លឹក ស្មើនឹង​ទឹកប្រាក់​ចំនួន ១២ លាន​បាត។ ដោយ​បុរស​ជា​ស្វាមី​បានបញ្ជាក់​យ៉ាងច្បាស់​ថា ពួកគេ​នឹង​យកប្រាក់​ទាំងនេះ ទៅ​សាងសង់​លំនៅឋាន​មួយ​ខ្នង​នៅ​ស្រុក​ខ្មែរ គឺ​នៅ​ស្រុក​កំណើត និង​យក​ប្រាក់​មួយ​ផ្នែក​ទៅ​ធ្វើ​បុណ្យ​នៅ​ឯ​ស្រុក​ផង​ដែរ ដោយឡែក​ចំពោះ​ការងារ​នៅក្នុង​ប្រទេស​ថៃ​គឺ​លោក​មិន​បោះបង់​នោះទេ លោក​នៅតែ​បន្តការងារ​ដដែល៕
សោ និយម​រ័ត្ន​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114