ធ្លាយទំនប់​ធំពីរ​នៅ​អាមេរិក ធ្វើឲ្យ​មនុស្សរាប់ម៉ឺននាក់ត្រូវជម្លៀសចេញពីលំនៅដ្ឋាន

កាលពីថ្ងៃពុធប្រជាជនជាង ១ ម៉ឺននាក់កំពុងជម្លៀសចេញពីផ្ទះរបស់ពួកគេនៅរដ្ឋ Michigan បន្ទាប់ពីទំនប់ទឹកចំនួន ២ បានលេចធ្លាយ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង ហើយក្រុមមន្រ្តីបានព្រមានថានឹងមានទឹកជំនន់ជាប្រវត្តិសាស្ត្រ ។

លោកអភិបាលក្រុង Gretchen Whitmer បានប្រកាសអាសន្ននៅក្នុងតំបន់ Midland County ដែលជាទីតាំងនៃទំនប់ទឹក Edenville និង Sanford ត្រូវបានលេចធ្លាយ ។

ទន្ទឹមនោះសេវាកម្មអាកាសធាតុជាតិបានព្រមានពីការជន់លិច និងគ្រោះថ្នាក់ដល់អាយុជីវិត ហើយបានចូលរួមជាមួយលោកអភិបាលក្រុងក្នុងការជម្រុញឲ្យប្រជាជននៅតំបន់នោះស្វែងរកទីទួលសុវត្ថិភាពជាបន្ទាន់ ។

តំបន់ទីក្រុង Midland ជាទីក្រុងមួយដែលមានប្រជាជនប្រមាណ ៤២០០០ នាក់អាចនឹងស្ថិតនៅក្រោមកម្ពស់ទឹកប្រហែល ៩ ហ្វីត ។ នេះបើយោងតាមលោក Whitmer ដែលបានព្រមានពីកម្រិតទឹកជំនន់ខ្ពស់ជាប្រវត្តិសាស្ត្រ ។

ទីក្រុងនេះបាននិយាយនៅលើគេហទំព័ររបស់ខ្លួនថា មនុស្សចំនួន ១១០០០ នាក់កំពុងជម្លៀសចេញ ហើយមិនមានរបាយការណ៍ថាមានអ្នកស្លាប់ឡើយ ។

ទីក្រុងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ប្រជាជនត្រូវបានជំរុញឲ្យបន្តជម្លៀស” ។

អាជ្ញាធរបាននិយាយថា ទន្លេ Tittabawassee ដែលហូរកាត់តំបន់ Midland បានឈានដល់កម្ពស់ ៣៥ ហ្វីតគឺខ្ពស់ជាងកម្រិតទឹក និងខ្ពស់ជាងមួយហ្វីតលើកម្រិតកំណត់ត្រាចាស់កាលពីឆ្នាំ ១៩៨៦ ។

បន្ថែមពីនេះទឹកទន្លេត្រូវបានគេរំពឹងថានឹងកើនឡើង ៣ ហ្វីតទៀតមុនពេលចាប់ផ្តើមឡើងដល់កំពូល ។

រូបភាពដែលថតពីឧទ្ធម្ភាគចក្របង្ហាញពីដីលាតសន្ធឹងនៅក្រោមទឹក ស្ពានត្រូវបានទឹកហូរនាំទៅ ហើយផ្ទះ និងអគារត្រូវបានជន់លិច ។

គ្រោះមហន្តរាយទឹកជំនន់ និងការជម្លៀសមនុស្សកំពុងត្រូវបានផ្សំដោយរោគរាតត្បាតនៃវីរុសកូរ៉ូណាដែលបានបង្ខំឲ្យប្រជាជនពិបាកក្នុងការធ្វើគម្លាតសង្គម ។

លោក Whitmer បាននិយាយថា “វាពិបាកក្នុងការជឿថាយើងស្ថិតនៅក្នុងវិបត្តិ ១០០ ឆ្នាំនៃជំងឺរាតត្បាតជាសកល ហើយយើងក៏កំពុងដោះស្រាយជាមួយនឹងទឹកជំនន់ដែលមើលទៅហាក់ដូចជាអាក្រក់បំផុតក្នុងរយៈពេល ៥០០ ឆ្នាំ” ។

លោកអភិបាលក្រុងបានជំរុញឲ្យអ្នកដែលជម្លៀសទៅទីជម្រកត្រូវពាក់ម៉ាស់មុខ និងរក្សាភាពគម្លាតសង្គមតាមដែលអាចធ្វើទៅបាន ៕ AFP

ប្រែសម្រួល៖ ជីវ័ន្ត