BREAKING NEWS
Search

បុរស​២​នាក់​ផឹកស៊ី​ជុំ​គ្នា ​ខឹង​ជេរ​ប្រពន្ធ​និង​និយាយ​ឌឺដង​ដដែលៗ​ពេក​កាប់ បណ្តាល​ឲ្យ​រង​របួស​ធ្ងន់​

សៀមរាប​ ៖​ សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា បុរស​២​នាក់​អង្គុយ​ផឹកស៊ី​ជុំ​គ្នា​រហូត​ស្រវឹង​ខឹង​ជេរ​ប្រពន្ធ​និង​និយាយ​ឌឺដង​ដដែលៗ​ពេក ក៏​វាយ​និង​កាប់ បណ្តាល​ឲ្យ​រង​របួស​ធ្ងន់​។​ ចំពោះ​ជន​ដៃ​ដល់​ ត្រូវ​កម្លាំង​នគរបាល​ឃាត់ខ្លួន​ជាក់​ស្តែង​តែ​ម្តង​។ ហេតុការណ៍​នេះ​បាន​កើត​ឡើង​នៅ វេលា​ម៉ោង​១៦​និង​០០​នាទី​ថ្ងៃ​ទី​១៣ ​ខែ​សីហា ឆ្នាំ​២០២០​ស្ថិតនៅ​ភូមិ​ពោធិ៍​បន្ទាយ​ជ័យ សង្កាត់​សៀមរាប ក្រុង​សៀមរាប​។​

លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ភឹង ចិន្តា​រ៉េត ស្នង​ការរង​ទទួល​ផែន​កណ្តាល​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​ខេត្តសៀមរាប បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៤​នេះ​ថា ជនរងគ្រោះ​ឈ្មោះ សួន ស​រិ​ទ្ធ ភេទ​ប្រុស អាយុ ៣៩​ឆ្នាំ មុខរបរ រត់​ម៉ូតូឌុប រស់នៅ​ភូមិ​/​សង្កាត់​ខាងលើ បាន​អង្គុយ​ផឹក​ស្រា ជាមួយ​ជនសង្ស័យ​ឈ្មោះ ចេង ចិត្ត ពេលនោះ​ជនរងគ្រោះ បាន​ឈ្លោះប្រកែក និង​ជេរ​ប្រពន្ធ​របស់​គាត់ ហើយ​ជនសង្ស័យ​ បាន​និយាយ​ឃាត់​ជនរងគ្រោះ​មិន​ឲ្យ​ជេរ​ប្រពន្ធ ពេលនោះ​ជនរងគ្រោះ បាន​វ៉ៃ​ទៅលើ​ឈ្មោះ ចេង ចិត្ត ចំនួន​០២​ដៃ ត្រូវ​ចំ​មុខ បន្ទាប់ពី​វ៉ៃ​រួច ជនរងគ្រោះ​បាន​និយាយ​ទៅកាន់​ឈ្មោះ​ចេង ចិត្ត ថាបើ​អា​ហ្អែ​ង​ខ្លាំង​យក​កាំបិត​មក​កាប់​អញ​មក ដោយ​និយាយ​ពាក្យ​ដដែល ពេលនោះ​ជនសង្ស័យ ក៏បាន​យក​កាំបិត​ដែល​នៅ​ក្បែរ​ខ្លួន​ស្រាប់​កាប់​ទៅលើ​ជនរងគ្រោះ​ ជាច្រើន​កាំបិត បណ្តាល​រង​របួស​ជាច្រើន​កន្លែង​។ ក្រោយពី​កើតហេតុ​ជនរងគ្រោះ ​បាន​មក​ប្តឹង​រាយការណ៍​ជូន​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​សៀមរាប ភ្លាមៗ ហើយ​សមត្ថកិច្ច​បាន​ចុះ​ទៅដល់​កន្លែង​កើត​ហេតុ និង​ធ្វើការ​នាំ​ខ្លួន​ឈ្មោះ ចេង ចិត្ត មក​ធ្វើការ​សួរនាំ​។

ក្រោយពី​ការ​សាក​សួរ​ឈ្មោះ ចេង ចិត្ត បាន​ឆ្លើយ​សារភាពថា រូបគេ​ពិតជា​បាន​ធ្វើ​សកម្មភាព​យក​កាំបិត​កាប់​ទៅលើ​ជនរងគ្រោះ​ បណ្តាល​ឲ្យ​រងរបួស​ពិតប្រាកដ​មែន ហើយ​ជនរងគ្រោះ​កំពុង​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​។ បច្ចុប្បន្ន​ករណី​នេះ ​ត្រូវ​បាន​កម្លាំង​នគរបាល​ជំនាញ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​៕
អត្ថបទ៖ ​កុសល
សូមចុចអាន៖ម៉ូតូ​២​គ្រឿង​ បុក​គ្នា​ចំ​ពីមុខ​ បង្ក​ឲ្យ​របួសធ្ងន់​៣​នាក់