ជន​ជាតិ​ថៃ ២នាក់​ទៀត ​បាន​ស្លាប់​ដោយសារ​វីរុស​កូវីដ១៩​នៅ​អាមេរិក

ក្រសួងការបរទេស​បាន​និយាយ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា ​វីរុស​​កូវីដ១៩​ បាន​សម្លាប់​ជនជាតិ​ថៃ​ពីរ​នាក់​ដែល​​រស់នៅ​ក្នុង​ទី​ក្រុង​ញូវយ៉ក។

ក្រសួង​ការ​បរទេសថៃ​បានបញ្ជាក់ពី​ អគ្គកុងស៊ុល​ថៃ​នៅ​ញូវយ៉ក ​ដោយបាន​រាយការណ៍​ថា​ បុរស​អាយុ ៥០ ឆ្នាំ​ម្នាក់​ដែល​ធ្វើការ​ជាជាងម៉ាស៊ីន​នៅ Queens Borough បាន​ទទួល​មរណភាព​កាល​ពី​ថ្ងៃ​ពុធ។ ចំណែក​បុរស​ម្នាក់​ទៀត​ដែល​មាន​អាយុ​ស្របាល​គ្នា​ ធ្វើការ​ជា​ចុងភៅ​នៅ​ភោជនីយដ្ឋាន​ថៃ​មួយ​នៅ​ភាគ​ខាងជើង Manhattan បាន​ស្លាប់​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍។ ការ​ស្លាប់​ចុង​ក្រោយ​បង្អស់​បាន​ធ្វើ​ឱ្យ​ចំនួនជនជាតិ​ថៃ​​បាត់បង់ជីវិត​ដោយសារជំងឺ​កូវីដ១៩នៅ​សហរដ្ឋ​អាមេរិក​គឺមានដល់​ទៅ ៣ នាក់។

គួរ​រំលឹក​ថា ​ស្ត្រី​ជនជាតិ​ថៃ​ម្នាក់​ដែល​ធ្វើការ​នៅ​ភោជនីយដ្ឋាន​មួយ​ក្នុង​រដ្ឋធានី ​វ៉ាស៊ីនតោន គឺ​ជា​មនុស្ស​ដំបូង​ដែល​បាន​ស្លាប់​ដោយសារ​វីរុស​នេះ​កាល​ពី​ថ្ងៃ​សៅរ៍​មុន។

លោក Taweesin Wisanuyothin អ្នក​នាំ​ពាក្យ​មជ្ឈមណ្ឌល​រដ្ឋបាល Covid-19 បាន​និយាយ​ថា ​រដ្ឋាភិបាល​កំពុង​ពិចារណា​ក្នុង​ការ​បញ្ជូន​យន្តហោះ​ ដើម្បី​នាំ​ជនជាតិ​ថៃ​នៅ​ក្នុងសហរដ្ឋអាមេរិក ​ត្រឡប់​ទៅ​ប្រទេស​ថៃ​វិញ។

លោក​វេជ្ជបណ្ឌិត Taweesin ដែល​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល​ផង​ដែរ​ បាន​និយាយ​ថា ​ព័ត៌មាន​លម្អិត​នឹង​ត្រូវ​ពិភាក្សា​ជាមួយ​ក្រសួង​ការ​បរទេស​នៅ​ថ្ងៃ​ច័ន្ទ។

សូមបញ្ជាក់ថា ក្រុម​ជនជាតិ​​ថៃ​ដំបូង​នៃ​ប្រជាជន ៨៣ នាក់​បាន​វិល​ត្រឡប់​មក​ពី​ទី​ក្រុង​រ៉ូម​នៅ​ថ្ងៃ​ទី ១៥ ខែ​មីនា​ ហើយ​កំពុង​ស្ថិត​នៅ​ដាច់​ដោយ​ឡែក​ពី​គ្នា​ នៅ​ឯ​មជ្ឈមណ្ឌល​ទទួល​ភ្ញៀវ​ភូមិន្ទ​ថៃ ​ក្នុង​សង្កាត់ Sattahip នៃ​ខេត្ត Chon Buri ។ ក្រសួង​សុខាភិបាល​សាធារណៈ​បាន​និយាយ​កាល​ពី​ថ្ងៃ​សុក្រ​ថា​ ពួកគេមិន​មាន​បង្ហាញ​សញ្ញា​ណា​មួយ​ នៃ​ជំងឺ​គ្រុន​រហូត​មក​ដល់​បច្ចុប្បន្ន។

គេ​មិន​ទាន់​ដឹង​ថា​ តើ​ជនជាតិ​ថៃ​ប៉ុន្មាន​នាក់​នៅ​សហរដ្ឋ​អាមេរិក​នៅ​ឡើយ ៕

 

ចុចអាន៖អ្នក​ជំងឺ​កូវីដ១៩ម្នាក់​នៅ​ថៃ​ប្រឈម​ការ​ដាក់​​ទោស ​ក្រោយរត់​គេចចេញ​​ពី​មន្ទីរពេទ្យ​ ហើយ​ត្រូវ​គេ​ចាប់បាន​

ចុចអាន៖ប្រមុខ​ការពារ​ជាតិថៃ៖ ស្នាក់​នៅ​ផ្ទះ​ដើម្បី​ជាតិ​ កុំចាំឲ្យ​ជាតិ​ប្រើធម៌​ក្ដៅ

 

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖ bangkokpost