ហុងដា​ឌ្រី​ម​សង់​២​គ្រឿង ​បុក​គ្នា​លាន់​ដូច​រន្ទះបាញ់​ខែចេត្រ​ ធ្វើ​ឲ្យ​យុវជន​២​នាក់​រង​របួស​ធ្ងន់​

ព្រៃវែង​ ៖ គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ ​បាន​កើត​ឡើង​ ដែល​បង្កឡើង​រវាង​ម៉ូតូ​ឌ្រី​ម​សង់​២​គ្រឿង​ បុក​គ្នាលាន់ដូចរន្ទះបាញ់ ​បណ្ដាល​ឲ្យ​មនុស្ស​២​នាក់​រង​របួស​ធ្ងន់​ស្រាល។

ហេតុការណ៍​ខាង​លើ​នេះ បាន​កើត​ឡើ​ង​ កាលពី​វេលា​ម៉ោង​២០​និង​៥​នាទី​យប់ ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ ឆ្នាំ​២០២០ នៅ​លើ​ផ្លូវ​កៅស៊ូ​ស្ថិត​ក្នុង​ភូមិ​៥ សង្កាត់​កំពង់លាវ ក្រុង​ព្រៃវែង ខេត្ត​ព្រៃវែង​។

​យោង​តាម​របាយការណ៍​របស់​សមត្ថ​កិច្ច​នគរបាល​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ​គេ​ឃើញ​ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា​C១២៥​ស៊េរី​ឆ្នាំ​២០១៧​ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ព្រៃវែង​1H.6064​បើកបរ​ដោយ​ឈ្មោះ​ ធឿន សុធី​ ភេទ​ប្រុស​អាយុ ២១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ជើង​ទឹក ​(​ក​) សង្កាត់​ជើង​ទឹក ក្រុង​ព្រៃវែង ក្នុង​ទិសដៅ​ពី​ត្បូង​ទៅ​ជើង​។​ លុះ​បើក​មកដល់​ត្រង់​ចំណុច​ខាងលើ ​ក៏​បាន​បុក​ជាមួយ​ម៉ូតូ​១​គ្រឿង​ទៀត​ម៉ាក​ហុងដា​សេ​១២៥ ស៊េរី​ឆ្នាំ​២០០៧ ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ ព្រៃវែង1A.9567​បើកបរ​ដោយ​ឈ្មោះ ​ចិន សុខ​ម៉េង ភេទ ប្រុស​អាយុ ១៧ ឆ្នាំ មាន​ទីលំនៅ​ភូមិ​លេខ​៦ សង្កាត់​កំពង់លាវ ក្រុង​ព្រៃវែង ដែល​កំពុង​បើកបរ​ទិសដៅ​បញ្ច្រាស​គ្នា​ពី​ជើង​ទៅ​ត្បូង​ពេញទំហឹង​ បណ្តាល​ឲ្យ​ភាគី​បើក​ម៉ូតូ​ ព្រៃវែង1H.6064​រង​របួស​ធ្ងន់​។ ​រីឯ​ភាគី​ម៉ូតូ ​ព្រៃវែង​ 1A.9567​រង​របួស​ស្រាល។

​បន្ទាប់មក​ សមត្ថកិច្ច​នគរបាល​ជំនាញ ​សហការ​ជាមួយ​ប៉ុស្តិ៍​រដ្ឋបាល​ហៅ​រថយន្ត​សាមុយ​ ដឹក​ជន​រង​របួស​ទាំង​២​នាក់​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​ព្រៃវែង​។ ​ម៉ូតូ​ទាំង​២​គ្រឿង​ដែល​រង​ការខូចខាត​យ៉ាង​ដំណំ​ត្រូវ​សមត្ថកិច្ច​ធ្វើការ​វាស់វែង​យក​មក​រក្សា​ទុក​នៅ​ប៉ុស្តិ៍​ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕


អតថបទ៖ វិចិត្រ​