សមាគម TYDA សហការ​ជាមួយ​ក្រសួងសុខាភិបាល ធ្វើ​យុទ្ធនាការ​ផ្សព្វផ្សាយ​ពី​វិធានការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​នៅ​ស្រុក​ខ្សាច់កណ្ដាល

កណ្ដាល ​៖ ​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្ដេច​តេ​ជោ (TYDA) សហការ​ជាមួយ​នាយកដ្ឋាន​អប់រំ​សុខភាព​ផ្លូវចិត្ត និង​បំពាន​គ្រឿងញៀន នៃ​ក្រសួងសុខាភិបាល​, ក្រុមការងារ​ថ្នាក់​កណ្តាល​ចុះ​ជួយ ឃុំ​ព្រែ​កតា​មាក់ និង​អាជ្ញាធរ ភូមិ​ឃុំ បាន​ធ្វើ​យុទ្ធនាការ​ផ្សព្វផ្សាយ​ពី​វិធានការ​ប្រយុទ្ធ​ប្រឆាំង​ការប្រើប្រាស់​គ្រឿងញៀន និង​ការ​ព្យាបាល​ចំពោះ​អ្នក​ញៀន​គ្រឿងញៀន ជូន​ដល់​ប្រជាជន និង​យុវជន​នៅក្នុង​មូលដ្ឋាន​ឃុំ​ព្រែ​កតា​មាក់ ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល ដែល​យុទ្ធនាការ​នេះ បានធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០២០។

លោក​វេជ្ជបណ្ឌិត ស៊ឹម សុខ​ចាន់ ទទួលបន្ទុក​ដឹកនាំ​បេសកកម្ម​អប់រំ​សុខភាព សហគមន៍​នៃ​សមាគម TYDA បាន​មានប្រសាសន៍ថា បេសកកម្ម​នៃ​កម្មវិធី​អប់រំ​សុខភាព​នៅតាម​បណ្ដា​សហគមន៍​របស់​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្ដេច​តេ​ជោ​ប្រចាំឆ្នាំ​២០២០​នេះ គឺ​ដើម្បី​ចូលរួម​ចំណែក​ជាមួយ​ក្រសួងសុខាភិបាល ដើម្បី​លើកកម្ពស់​នូវ​ការ​យល់ដឹង​និង​បង្ការ​ការប្រើប្រាស់​គ្រឿងញៀន និង​បង្កើន​ការ​យល់ដឹង​នៃ​ការថែទាំ​សុខភាព​រស់នៅ​ប្រចាំថ្ងៃ​ផងដែរ។

ម្យ៉ាង​ទៀតថា ការអប់រំ​សុខភាព​នេះ គឺ​ដើម្បី​ទប់ស្កាត់​នៃ​ការប្រើប្រាស់​គ្រឿងញៀន និង​ការរើសអើង​នៃ​​​អ្នកប្រើប្រាស់​គ្រឿងញៀន​ ព្រោះថា​ពួកគាត់​គឺជា​ជនរងគ្រោះ​មិនមែនជា​ឧក្រិដ្ឋជន​នោះទេ ហើយ​ត្រូវការ​ព្យាបាល និង​ការលើកទឹកចិត្ត​។ លោក​បន្តថា យុទ្ធនាការ​នេះ ក៏មាន​ការបែងចែក​ជា​ក្រុម​តូចៗ​បន្ថែមទៀត ដើម្បី​ចុះ​ផ្សព្វផ្សាយ​ណែនាំ​នៅតាម​ខ្នង​ផ្ទះ​បងប្អូន​ប្រជាពលរដ្ឋ​ផ្ទាល់ នៅក្នុង​ភូមិ​ទាំង ១០ នៃ​ឃុំ​ព្រែក​តា​មាក់ បាន​ចំនួន​៦៦០​ខ្នង​ផ្ទះ ព្រមទាំង​បាន​ចែក​នូវ​ឱសថ​ព្យាបាល និង​សម្ភារ​សិក្សា​មួយចំនួន​ផងដែរ​។​

សូម​បញ្ជាក់​ថា ក្រៅពី​សកម្មភាព​មនុស្ស​ធម៌​ចុះ​ពិនិត្យ និង​ព្យាបាល​ប្រជាពលរដ្ឋ កុមារ​កំព្រា កងទ័ព គ្រួសារ​កងទ័ព​ ដោយ​ឥតគិតថ្លៃ សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ ( TYDA) ក៏បាន​ចុះ​អប់រំ​សុខភាព​ដើម្បី​បញ្ជ្រាប​ការយល់ដឹង​អំពី​ការថែទាំ​សុខភាព​តាមរយៈ​ការរស់នៅ​ស្អាត​ហូប​ស្អាត ផឹក​ស្អាត និង​ការ​បញ្ជ្រាប​ការយល់ដឹង​អំពី​គ្រោះថ្នាក់​គ្រឿងញៀន​ដល់​សហគមន៍​ដែល​ងាយ​រងគ្រោះ​នៃ​គ្រឿងញៀន​ជាង​រៀងរាល់ខែ​ផងដែរ៕
សុជាតា​



TAG

ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114