ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា អាយុក្រោម១៩ឆ្នាំ កាលពីថ្ងៃអាទិត្យ ទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ បានយកឈ្នះ U-19 ប្រ៊ុយណេ ដោយលទ្ធផល ៣ទល់នឹង០ ក្នុងវគ្គជម្រុះពានយុវជនអាស៊ីអាយុក្រោម ១៩ឆ្នាំ (AFC U19 Championship 2020) ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ។
ជ័យជម្នះនោះ បានធ្វើឲ្យក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម ១៩ឆ្នាំ ទីបំផុតឈរនៅលេខរៀងទី៥ ជាក្រុមលេខ២ល្អ ជាបណ្ដោះអាសន្ន នឹងអាចឡើងទៅជុំផ្ដាច់ព្រ័ត្រនៃពានរង្វាន់ជើងឯកយុវជនអាស៊ីអាយុក្រោម ១៩ឆ្នាំ ( AFC U19 Championship 2020 ) ប៉ុន្តែត្រូវអង្គុយរង់ចាំ ការប្រកួតពូល A បញ្ចប់សព្វគ្រប់សិន។
អាចឈរនៅលេខ៥ ជាបណ្ដោះអាសន្ន ដែលជាចំណាត់ថ្នាក់ចុងក្រោយគេអាចមានឱកាសឡើងទៅជុំបន្តគឺបន្ទាប់ពី កម្ពុជា រកបាន ៦ពិន្ទុ ក្នុងចំណោម ៣ប្រកួតដែលត្រូវយកមកគណនាពិន្ទុ ជាមួយនឹងគ្រាប់បាល់ ៣គ្រាប់ក្នុងដៃ ស្របពេលដែលក្រុមលេខ២ ល្អ ចំនួន ៤ផ្សេងទៀតដូចជា ឡាវ, វៀតណាម, អ៊ូប៊ីគីស្ថាន ( ម្ចាស់ផ្ទះជុំផ្ដាច់ព្រ័ត្រ នៅឆ្នាំ ២០២០ ) និង យេម៉េន បានធានាកៅអី ១០០ភាគរយហើយទោះបីជាលទ្ធផលពីពូល A បែបណាក៏ដោយ។
តារាងចំណាត់ថ្នាក់ប្រៀបធៀបក្រុមលេខ២ល្អ មានដូចតទៅ លេខ១ ឡាវ មាន ៧ពិន្ទុ និងគ្រាប់បាល់ចំណេញ ៧គ្រាប់, លេខ២ វៀតណាម មាន ៧ពិន្ទុដូចគ្នា និងគ្រាប់បាល់ចំណេញ ៦គ្រាប់, លេខ៣ អ៊ូប៊ីគីស្ថាន មាន ៧ពិន្ទុ និងគ្រាប់បាល់ចំណេញ ៤គ្រាប់, លេខ៤ យេម៉េន មាន ៧ពិន្ទុ និងគ្រាប់បាល់ចំណេញ ៤គ្រាប់, លេខ៥ កម្ពុជា មាន ៦ពិន្ទុ និងគ្រាប់បាល់ចំនេញ ៣គ្រាប់ ដោយឡែកក្រុមលេខ២ល្អ ផ្សេងទៀតដូចជា ចិន (៦ពិន្ទុ គ្រាប់បាល់ចំណេញ ១គ្រាប់), កូរ៉េខាងជើង (៥ពិន្ទុ), ហ្ស៊កដានី (៥ពិន្ទុ), លីបង់ (៤ពិន្ទុ) និងកៀស៊ីស្ថាន (៤ពិន្ទុ) មិនមានឱកាសគ្រប់គ្រាន់ដើម្បីឈរលើកម្ពុជា ឡើយ។
សូមបញ្ជាក់ថា ដោយសារ ២ពូល មាន ៥ក្រុម ដូច្នេះពិន្ទុដែលបានមកពីការប្រកួតជាមួយក្រុមបាតតារាង (លេខ៥) មិនត្រូវបានយកមករាប់បញ្ចូលឡើយ ជាក់ស្ដែង កម្ពុជា ដែលរកបាន ៣ពិន្ទុជាមួយក្រុមបាតារាង កោះម៉ារីណាខាងជើង មិនត្រូវបានរាប់បញ្ចូលឡើយ។
ចំពោះកម្ពុជា គឺនៅមិនទាន់ធានាកៅអី ១០០ភាគរយនៅឡើយទេ ពោលគឺនៅរង់ចាំតែលទ្ធផលពីពូល A ប៉ុណ្ណោះ ទើបអាចសម្រេចថា បែបណាបាន ខណៈពូល A នេះគ្រោងនឹងធ្វើការប្រកួតនៅចន្លោះថ្ងៃទី២២ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយមានក្រុមចំនួន៥ រួមមាន អ៊ីរ៉ាក់, អូម៉ង់, ប៉ាឡេស្ទីន, គុយវែត និងប៉ាគីស្ថាន ដែលជាក្រុមមាន ៥ពូលដូច កម្ពុជា។
ដូច្នេះនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ ទើបអាចដឹងថា កម្ពុជា អាចមានឱកាសឡើងទៅជុំផ្ដាច់ព្រ័ត្រ ជាលើកដំបូងចាប់តាំងពីចូលរួមពានរង្វាន់នេះបាន ពោលគឺក្រោយបញ្ចប់ការប្រកួតទាំងស្រុងពីពូលA៕
ម៉េង ហួរ