ព័ត៍មានទាន់​ហេតុការណ៏
Search

U19 កម្ពុជា ឈ្នះ U-19 ថៃ ជា​លើក​ទី​២ ក្នុង​ឆ្នាំ​២០១៩ នៅ​វគ្គ​ជម្រុះ​ពានរង្វាន AFC U19 Championship

ក្នុង​ការ​ប្រកួត​វគ្គ​ជម្រុះ​រង្វាន់​ជើងឯក​យុវជន​អាស៊ី អាយុ​ក្រោម ១៩​ឆ្នាំ (2020 AFC U-19 Championship qualification) ប្រចាំ​ពូ​ល G នៅលើ​ទឹកដី​កម្ពុជា ក្នុង​ថ្ងៃ​ប្រកួត​ទី​៣ នេះ ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា អាយុ​ក្រោម​១៩​ឆ្នាំ បាន​ប្រកួត​ឈ្នះ ក្រុម​ជម្រើសជាតិ​ថៃ អាយុ​ក្រោម​១៩​ឆ្នាំ ដោយ​លទ្ធផល ២​ទល់នឹង​១ នៅ​ពហុ​កីឡដ្ឋាន​ជាតិ នា​ល្ងាច​ថ្ងៃ​សុក្រ ទី​០៨ ខែវិច្ឆិកា ឆ្នាំ​២០១៩​។

នៅ​ក្នុង​ការប្រកួត​នេះ​កម្ពុជា បាន​បើក​ការនាំ​មុខមុន​ដល់​ទៅ ២​គ្រាប់​នៅ​វគ្គ​ទី​១ ពោលគឺ​គ្រាប់​ដំបូង​ទាត់​បាល់​បញ្ចូល​ទី​ដោយ​កីឡាករ មិត្ត សា​មើ​យ នៅ​នាទី​១៥ មុននឹង​កីឡាករ សៀង ច​ន្ធា បន្ថែម​គ្រាប់​ទី​២ នៅ​នាទី​២៥ ខណៈ​នាទី​ដែល​នៅ​សេសសល់​ក្រុម​ទាំងពីរ​មានឱកាស សម្រុក​គ្នា​ទៅវិញ​បន្ថែម​ផងដែរ ប៉ុន្តែ​នៅតែ​មិនមាន​គ្រាប់​បាល់​កើតឡើង​ឡើយ ហើយ បាន​រក្សា​លទ្ធផល ២-០ នេះ​ដល់​ចប់​ការប្រកួត​វគ្គ​ទី​១​។

ចូល​ដល់​វគ្គ​ទី​២ ក្រុម​ជម្រើសជាតិ​ថៃ អាយុ​ក្រោម​១៩​ឆ្នាំ ដែល​ត្រូវការ​គ្រាប់​បាល់​ជា​ចាំបាច់​នោះ បាន​ព្យាយាម​កៀបសង្កត់​កម្ពុជា ចាប់តាំងពី​ដើម​វគ្គ​ជាមួយនឹង​ឱកាស​ទាត់​កម្ពុជា ជារឿយៗ ប៉ុន្តែ​ធ្វើ​មិនបាន​សម្រេច​ដ្បិត​ទាត់​ខុស​គោលដៅ និង​គ្រាប់​បាល់​ខ្លះ​ត្រូវបាន​បដិសេធ​ដោយ​អ្នកចាំទី ប៉ុន្តែ​យ៉ាងណា​ឈានចូល​រហូតដល់​នាទី​៨០ ទើប​ក្រុម​ជម្រើសជាតិ​ថៃ អាយុ​ក្រោម​១៩​ឆ្នាំ អា​ចរក​គ្រាប់​តាម​ពីក្រោយ​បាន ១​គ្រាប់​ធ្វើបាន​ដោយ​កីឡាករ Channarong Promsrikaew ១០​នាទី​ដែល​នៅ​សេសសល់ ថៃ បាន​ព្យាយាម​វាយ​សម្រុក​ជាខ្លាំង ប៉ុន្តែ​នៅតែ​មិនអាច​រក​គ្រាប់​តាម​ស្មើ ហើយ​បាន​បន្ត​រក្សា​លទ្ធផល ២-១ ដល់​ចប់​ការប្រកួត ៩០​នាទី​ពេញ​។

​លទ្ធផល​បែបនេះ នាំ​ឲ្យ​កម្ពុជា ឡើងមក​លេខ​២ ដោយមាន ៦​ពិន្ទុ ខណៈ​ថៃ ធ្លាក់​ទៅ​លេខ​៣ ស្របពេល​ការប្រកួត នៅ​រសៀល​ថ្ងៃទី​០៨ វិច្ឆិកា ឆ្នាំ​២០១៩ ជាមួយគ្នា​ផងដែរ​នោះ ក្រុមបាល់ទាត់​ជម្រើសជាតិ​ម៉ាឡេស៊ី អាយុ​ក្រោម​១៩​ឆ្នាំ បាន​ប្រកួត​យកឈ្នះ ក្រុមបាល់ទាត់​ជម្រើស​កោះ​ម៉ា​រី​ណា​ខាងជើង អាយុ​ក្រោម​១៩​ឆ្នាំ ១០-០​។

ប្រកួត​បន្ទាប់ ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា អាយុ​ក្រោម​១៩​ឆ្នាំ នឹងត្រូវ​ប្រកួត​ជាមួយ ក្រុមបាល់ទាត់​ជម្រើសជាតិ​ព្រុយ​ណេ នៅ​ថ្ងៃទី​១០ ខែវិច្ឆិកា នា​ពហុ​កីឡដ្ឋាន​ជាតិ វេលា​ម៉ោង ៦​និង​៣០​នាទី​ល្ងាច​ដដែល​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114