ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រុមគ្រួសារ​នៃ​ជនរងគ្រោះ​នៅ​អង់គ្លេស ​ត្រូវ​ខ្ចីប្រាក់​ដើម្បី​នាំ​សាកសព​មក​ប្រទេស​វៀតណាម​វិញ

ក្រុមគ្រួសារ​មួយចំនួន​នៃ​ជនជាតិ​វៀតណាម​ទាំង​៣៩​នាក់​ដែល​ត្រូវបាន​រកឃើញ​ស្លាប់​ក្នុង​ឡាន​ដឹកទំនិញ​មួយគ្រឿង​នៅ​ប្រទេស​អង់គ្លេស​កាលពី​ខែ​មុននឹង​ខ្ចីប្រាក់​ពី​រដ្ឋាភិបាល​ដើម្បី​ធ្វើ​មាតុភូមិនិវត្តន៍​សាកសព​នៃ​សាច់ញាតិ​របស់​ពួកគេ​។ នេះ​បើតាម​ការលើកឡើង​រប​ស់​ពួកគេ​ប្រាប់ AFP កាលពី​ថ្ងៃ​អង្គារ​។​

ក្រសួងការបរទេស​វៀ​ត​ណា​ម​បាន​និយាយថា ពួកគេ​នឹង​ជួយ​នាំយក​ធាតុ​ឬ​សាកសព​របស់​ជនរងគ្រោះ​ត្រឡប់មកវិញ​ប៉ុន្តែ​ក្រុមគ្រួសារ​ទាំងនោះ​នឹងត្រូវ​ចំណាយ​លើ​ការធ្វើ​មាតុភូមិនិវត្តន៍​។​

តម្លៃ​ក្នុង​ការដាក់​ធាតុ​ចូលក្នុង​កោដ្ឋ​គឺ​១,៧៧៤​ដុល្លារ​ខណៈ​ថ្លៃបង់​សម្រាប់​ការធ្វើ​មាតុភូមិនិវត្តន៍​សាកសព​ម្នាក់​គឺ​២,៨៥៨​ដុល្លារ​។ នេះ​បើ​យោងតាម​ឯកសារ​ផ្លូវ​ការដែល​បាន​ចែករំលែក​ជាមួយ​ក្រុមគ្រួសារ​ហើយ​ត្រូវបាន​មើលឃើញ​ដោយ AFP​។​

ក្រុមគ្រួសារ​នៅ​ភាគ​កណ្តាល​ប្រទេស​វៀតណាម​ដែលជា​កន្លែង​ដើម​នៃ​ជនរងគ្រោះ​មួយចំនួន​ក្នុងចំណោម​៣៩​នាក់​បាន​និយាយថា ពួកគេ​ចង់​នាំយក​មនុស្ស​ជាទី​ស្រឡាញ់​របស់​ពួកគេ​ត្រឡប់មកវិញ​ក្នុង​រយៈពេល​ជិត​៤​សប្តាហ៍​បន្ទាប់ពី​សោកនាដកម្ម​នេះ​បើទោះបីជា​ប្រាក់កម្ចី​មាន​ចំនួន​ច្រើន​ក៏ដោយ​។​

លោក Le Minh Tuan ដែល​កូនប្រុស​អាយុ​៣០​ឆ្នាំ​របស់គាត់​ស្ថិតក្នុង​ចំណោម​ជនរងគ្រោះ​ដែល​ត្រូវបាន​រកឃើញ​កាលពី​ថ្ងៃទី​២៣​ខែតុលា​ក្នុង​កុងតឺន័រ​ក្លាស្សេ​នៅ​ទីក្រុង Essex បាន​និយាយថា “​យើង​ឈឺចាប់​ខ្លាំងណាស់ យើង​ចង់​ឲ្យ​គាត់​ត្រឡប់មកវិញ​ក្នុងពេល​ឆាប់​បំផុត​”​។​

លោក​និយាយថា “​យើង​នឹង​បង់ថ្លៃ​ទោះ​ខ្ញុំ​ត្រូវ​លក់​ផ្ទះ​ឬ​ដី​ក៏ដោយ ខ្ញុំ​ប្តេជ្ញា​ថា​នឹង​នាំ​គាត់​មកវិញ​”​។​
​គ្រួសារ​នេះ​បាន​ខ្ចីប្រាក់​ជាង​៣០,០០០​ដុល្លារ​រួចទៅហើយ​ដើម្បី​បញ្ជូន​កូន​ទៅកាន់​តំបន់​អឺរ៉ុប​ដែល​នេះ​ជា​ចំនួន​ដ៏​ច្រើន​នៅក្នុង​ខេត្ត Nghe An របស់គាត់​ដែលជា​មធ្យម​ប្រាក់ចំណូល​ប្រចាំឆ្នាំ​សម្រាប់​មនុស្ស​ម្នាក់​គឺ​ប្រហែល​១,២០០​ដុល្លារ​។​

លោក Tuan និយាយថា គាត់​នឹង​ជ្រើស​យក​ជម្រើស​នៃ​ការនាំយក​សាកសព​កូន​ប្រុស​របស់គាត់​មកវិញ​ជំនួស​ការយក​ដោយ​ធាតុ​ដូច្នេះ​គាត់​អាច​បញ្ចុះសព​កូនប្រុស​តាម​ប្រពៃណី​បាន​។​
​គួរ​បញ្ជាក់ថា ការ​បូជាសព​មិនមែនជា​រឿង​ធម្មតា​ទេ​នៅតាម​ជនបទ​នៃ​ប្រទេស​វៀតណាម​ហើយ​សាកសព​ត្រូវបាន​គេ​បញ្ចុះ​បន្ទាប់ពី​ស្លាប់​បាន​ប៉ុន្មាន​ថ្ងៃ​៕ AFP
​វណ្ណ​វណ្ណ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114