អង្គការសហប្រជាជាតិប្រចាំកម្ពុជា ចង់រួមចំណែកជួយក្រុងព្រះសីហនុ ប្រែក្លាយជាទីក្រុងឆ្លាតវៃ មាននិរន្តរភាព និងប្រកបដោយបរិយាប័ន្ន។ នេះបើតាមប្រសាសន៍លោកស្រី Pauline Tamesis ប្រធានអង្គការសហប្រជាជាតិប្រចាំប្រទេសកម្ពុជា ក្នុងជំនួបជាមួយនឹងលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុកាលពីសប្ដាហ៍មុន។
លោកស្រីបានបន្ថែមថា អង្គការសហប្រជាជាតិ ចង់ចូលរួមចំណែកសហការជួយរដ្ឋបាលខេត្តព្រះសីហនុ ឱ្យទៅជាទីក្រុងឆ្លាតវៃ ។ យើងមានវិធីច្រើនដើម្បីសម្រេចទីក្រុងមួយឆ្លាតវៃប្រកបដោយនិរន្តរភាព និងបរិយាប័ន្ន ។ សម្រាប់អង្គការសហប្រជាជាតិយល់ឃើញវិធីមួយទៀត គឺការអភិវឌ្ឍឈានទៅទីក្រុងឆ្លាតវៃ គឺជាការចូលរួមស្ដាប់មតិយោបល់របស់ប្រជាពលរដ្ឋ ទី១. ផ្តោតលើអ្នកនិយោគទុន ដែលមានទស្សនយល់ឃើញចង់ឱ្យទីក្រុងយើងល្អ ២. លក្ខណបរិយាប័ន្ន ការអភិវឌ្ឍទីក្រុងរបស់យើងមិនសម្រាប់បុគ្គលមួយចំនួនទេ គឺសម្រាប់ទាំងអស់គ្នា ៣.ការគាំទ្រដល់រដ្ឋអំណាចមូលដ្ឋាន ដើម្បីដោះស្រាយបញ្ហាឆ្លើយតបទៅ នឹងសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋ។
លោកស្រីឱ្យដឹងទៀតថា អង្គការសហប្រជាជាតិ នៅរយៈពេល៥ឆ្នាំខាងមុខ នឹងរៀបចំកិច្ចការចំនួន ៥ផ្នែក ហើយការងារស្នូល គឺការងារគ្រប់គ្រងនគរូបនីយកម្ម ការគ្រប់គ្រងធ្វើផែនការឱ្យបានហ្មត់ចត់ សម្រាប់គ្រប់គ្រងការអភិវឌ្ឍទីក្រុង គឺជាកម្លាំងចលករមួយយ៉ាងសំខាន់ក្នុងការជំរុញការអភិវឌ្ឍទីក្រុង ដោយយកចិត្តទុកដាក់លើប្រជាពលរដ្ឋរស់នៅទីក្រុង គឺជាយន្តការមួយមាននិរន្តរភាព និងធ្វើឱ្យទីក្រុងទទួលបានផលស្មើៗគ្នា ប្រកបដោយសមធម៌សម្រាប់ប្រជាពលរដ្ឋ។ តាមបទពិសោធន៍ប្រទេសលើសកលលោកមាន GDP ៨០ភាគរយ ទទួលបានពីការអភិវឌ្ឍក្នុងទីក្រុង ដោយឡែកសម្រាប់កម្ពុជា GDP ៥០ភាគរយ ចេញពីការអភិវឌ្ឍក្នុងទីក្រុង ។
ការអភិវឌ្ឍនៅខេត្តព្រះសីហនុ បានបង្ហាញពីសក្តានុពលចំបង រួមចំណែកការអភិវឌ្ឍប្រទេសជាតិទាំងមូលផងដែរ ហើយការអភិវឌ្ឍ ក្នុងខេត្តព្រះសីហនុ ក៍មានបញ្ហាប្រឈមមួយចំនួន ដោយសារកត្តាអភិវឌ្ឍមានល្បឿនលឿនពេក ការគ្រប់គ្រងមិនបានហហ្មត់ចត់នោះ អាចនាំឱ្យប្រជាពលរដ្ឋនៃចំណែកណាមួយមិនបានទទួលផលតាមទាន់គេ។ យើងបានដឹងថា ទីក្រុងឆ្លាតវៃ ជាគោលដៅមួយ ដែលយើងចង់អភិវឌ្ឍុ ហើយក្រុងព្រះសីហនុ នៃ ខេត្តព្រះសីហនុ ជាទិសដៅមួយក្នុងការអភិវឌ្ឍជាទីក្រុងឆ្លាតវៃ។
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានគាំទ្រអង្គការសហប្រជាជាតិ ចង់សហការជួយអភិវឌ្ឍខេត្តព្រះសីហនុ ជាទីក្រុងឆ្លាតវៃ ក៏ប៉ុន្តែត្រូវរៀបចំឯកសារធ្វើបទបង្ហាញទីក្រុងឆ្លាតវៃ និងបន្តធ្វើការងារជាមួយមន្ត្រីរបស់ខេត្ត ពិសេសជួយបណ្តុះបណ្តាលបច្ចេកវិទ្យា ក៏ដូចជាជួយជាឧបករណ៍ សម្ភារះ ក្នុងការចូលរួមអភិវឌ្ឍខេត្តព្រះសីហនុ ជាទីក្រុងឆ្លាតវៃ។
លោកបានបន្ថែមថា សក្តានុពល និងភូមិសាស្ត្ររបស់ខេត្តព្រះសីហនុ មានកោះ៣២ ឆ្នេរប្រវែង ១៧៥គីឡូម៉ែត្រ កំពង់ផែអន្តរជាតិទឹកជ្រៅ មានទំនិញឆ្លងកាត់ជាង ៧០ភាគរយ ទូទាំងប្រទេស បច្ចុប្បន្នមានលទ្ធភាពអាច ឱ្យនាវាមានជម្រៅទឹក ១០ម៉ែត្រចូលចត និងកំពុងពង្រីកបន្ថែមដើម្បីឱ្យនាវាមានជម្រៅទឹក ១៣.៥០ម៉ែត្រចូល ចតនៅ ពេលខាងមុខដើម្បី កាត់បន្ថយតម្លៃដឹកជញ្ជូន ក៍ដូចជាការប្រកួតប្រជែងជាមួយប្រទេសក្នុងតំបន់ ទន្ទឹមនោះយើងក៏នៅខ្វះផែទេសចរណ៍ផងដែរ។ កិច្ចសហប្រតិបត្តិការពង្រីកព្រលានយន្តហោះខេត្តព្រះសីហនុ ដោយក្រុមហ៊ុនបារាំង ដើម្បីឱ្យយន្តហោះប្រភេទធុនធំចុះចតនៅពេលខាងមុខ និងផ្តល់ភាពងាយ ស្រួលក្នុង ការធ្វើដំណើរតាមផ្លូវអាកាស។ រាជរដ្ឋាភិបាល បានសាងសង់ផ្លូវហាយវេ ល្បឿនលឿន ពីភ្នំពេញមកកាន់ ខេត្តព្រះសីហនុ និងគ្រោងដាក់ឱ្យដំណើរការនៅចុងឆ្នាំ២០២២ ។ ជាមួយគ្នានេះផងដែរ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩កន្លងមក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញបើកការដ្ឋានស្ថាបនាផ្លូវ ៣៤ខ្សែ ក្នុងក្រុងព្រះសីហនុ មានប្រវែង ៨៤.៥០៥គីឡូម៉ែត្រ ។
រាជរដ្ឋាភិបាលបានកំណត់ខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចគំរូពហុបំណង ដែលមានតំបន់សេដ្ឋកិច្ច ៥កំពុងដំណើរការ ផ្តល់ការងារជូនយុវជនជាង ៨ម៉ឺននាក់ និងតំបន់សេដ្ឋកិច្ច ៤ទៀតកំពុងសាងសង់ នេះជាសក្តានុពល នៃការអភិវឌ្ឍក្នុងខេត្តព្រះសីហនុ នាពេលបច្ចុប្បន្ន ពិសេសវិស័យសំណង់មានការអភិឌ្ឍយ៉ាងគំហុកគួរឱ្យកត់សំគាល់៕