BREAKING NEWS
Search

ក្រុមហ៊ុន​អាកាសចរណ៍ United ចូលរួម​ជាមួយ​អាកាសចរណ៍ Southwest និង American​ក្នុងការ​ពន្យារពេល​លើ​យន្តហោះ 737 MAX ជាថ្មី

ក្រុមហ៊ុន United Airlines បាន​ថ្លែង​កាលពី​ថ្ងៃ​សុក្រ​ថា ក្រុមហ៊ុន​ បាន​ដក​កាលបរិច្ឆេទ​ដែល​រំពឹងទុក​សម្រាប់​ការដាក់ឱ្យ​យន្តហោះ Boeing 737 MAX របស់​ក្រុមហ៊ុន Boeing អាច​វិល​មក​ហោះហើរ​វិញ​បាន បន្ទាប់ពី​មានការ​ប្រកាស​ស្រដៀង​គ្នា​នេះ​ដែល​ធ្វើឡើង​ដោយ​ក្រុមហ៊ុន​ជា​គូប្រជែង​របស់ខ្លួន​គឺ Southwest និង American Airlines ។​

ក្រុមហ៊ុន​អាកាសចរណ៍​របស់​អាមេរិក​ខាងលើនេះ ពេលនេះ​បាន​លើកឡើងថា ក្រុមហ៊ុន​រំពឹងថា​ជើងហោះហើរ​ជាច្រើន​នឹង​ចាប់ផ្តើម​ឡើងវិញ​នៅ​ថ្ងៃទី​៤ ខែមីនា ឆ្នាំ​២០២០ ពោលគឺ​រយៈពេល​២​ខែ​យូរ​ជាង​អ្វីដែល​ក្រុមហ៊ុន​បាន​ប៉ាន់ស្មាន​ពីលើ​ក​មុន ដែល​បង្ហាញ​ពី​ការលុបចោល​ជើងហោះហើរ​រាប់ពាន់​ជើង​ដែល​បាន​គ្រោងទុក​។​

យន្តហោះ Boeing ដែល​លក់ដាច់​ជាងគេ​ខាងលើនេះ​ត្រូវបាន​ផ្អាក​លែងឱ្យ​ដំណើរការ​តាំងពី​ខែមីនា​ឆ្នាំនេះ​មកម្ល៉េះ ក្រោយពី​មាន​ហេតុការណ៍​ធ្លាក់​យន្តហោះ​២​ករណី​ដែល​បណ្តាលឱ្យ​មនុស្ស​៣៤៦​នាក់​ស្លាប់បាត់​បង់ជីវិត​។ Boeing កំពុងធ្វើការ​ងារ​យ៉ាង​ខ្នះខ្នែង​ដើម្បី​ធ្វើយ៉ាងណា​ទទួលបាន​ការ​អនុម័ត​ពី​និយតករ​អាចឱ្យ​យន្តហោះ​របស់ខ្លួន​អាច​ហោះហើរ​ឡើងវិញ​បាន​។​

នៅក្នុង​សេចក្ដីថ្លែងការណ៍ ក្រុមហ៊ុន United​បានឱ្យដឹងថា ក្រុមហ៊ុន​កំពុងធ្វើការ​ដើម្បី​កាត់បន្ថយ​ការរំខាន​ដល់​សាធារណជន​ដែល​កំពុង​ហោះហើរ ដោយ​កំណត់ពេល​ហោះហើរ​ឡើងវិញ ឬ​ធ្វើការ​ផ្តល់ជូន​នូវ​ជម្រើស​ផ្សេងទៀត​។​

“​យើង​បាន​សហការ​យ៉ាង​ពេញទំហឹង​ជាមួយ​ការពិនិត្យ​ដែលមាន​លក្ខណៈ​ឯករាជ្យ​របស់ FAA លើ​យន្ដហោះ​ម៉ូ​ដែល MAX ហើយ​យើង​នឹងមិន​ដាក់​ឱ្យមាន​អតិថិជន​និង​និយោជិត​របស់​យើង​នៅលើ​យន្ដហោះ​នោះឡើយ ដរាបណា​និយតករ​ធ្វើការ​វាយតម្លៃ​ឯករាជ្យ​ដោយ​ខ្លួនឯង​ថា​យន្តហោះ​នេះ​មាន​សុវត្ថិភាព​ក្នុង​ការដឹក​អ្នកដំណើរ និង​បុគ្គលិក​យើង​វិញ​បាន​។​” នេះ​ជា​ខ្លឹមសារ​ដែលមាន​ក្នុង​សេចក្ដីថ្លែងការណ៍​ដដែល​។​

ដោយឡែក ក្រុមហ៊ុន Boeing បាន​លើកឡើងថា ខ្លួន​សង្ឃឹមថានឹង​ទទួលបាន​ការអនុម័ត​បទបញ្ញត្តិ​សម្រាប់​ការដាក់ឱ្យ​ដំណើរការ​ឡើងវិញ​បាន​នៅមុន​ដំណាច់​ឆ្នាំនេះ ក៏ប៉ុន្តែ​ត្រូវបាន​ពន្យារពេល​ការប៉ាន់ប្រមាណ​របស់ខ្លួន​រហូតដល់​ខែមករា​ឯណោះ ដើម្បី​អនុញ្ញាតឱ្យ​មានការ​ផ្លាស់​ប្តូ​រលើ​ការបណ្តុះបណ្តាល​ពី​ឡុ​ត​៕ AFP

​ តរុណី



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114