អាមេរិកព្រមលក់គ្រាប់បែកបាញ់នាវា​សរុប​ជា​ទឹកប្រាក់ ១៨០លានដុល្លារទៅឲ្យកោះតៃវ៉ាន់

ក្រសួងការបរទេសអាមេរិកបាននិយាយកាលពីថ្ងៃពុធថា សហរដ្ឋអាមេរិកបានយល់ព្រមលក់គ្រាប់បែកបាញ់នាវាធុនធ្ងន់ចំនួន១៨គ្រាប់ទៅឲ្យកោះតៃវ៉ាន់ក្នុងតម្លៃ ១៨០លានដុល្លារក្នុងទង្វើមួយដែលអាចធ្វើឲ្យទំនាក់ទំនងរវាងទីក្រុងវ៉ាស៊ីនតោនជាមួយទីក្រុងប៉េកាំងកាន់តែតានតឹង។

ទោះបីជាយ៉ាងណាក៏ដោយ សហរដ្ឋអាមេរិកបានចាត់ទុកការលក់នេះថាជាប្រតិបត្តិការផ្តល់ផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមក។
ក្រសួងការបរទេសបាននិយាយថា “ការលក់នេះបានបម្រើដល់ផលប្រយោជន៍ជាតិ សេដ្ឋកិច្ចនិងសន្តិសុខរបស់សហរដ្ឋអាមេរិកដោយគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់អ្នកទទួលក្នុងការធ្វើទំនើបកម្មកងកម្លាំងប្រដាប់អាវុធរបស់ខ្លួននិងរក្សានូវសមត្ថភាពការពារដែលអាចជឿទុកចិត្តបាន”។

ក្រសួងបានបន្ថែមថា ការលក់នេះនឹងជួយធ្វើឲ្យប្រសើរឡើងនូវសន្តិសុខរបស់អ្នកទទួលនិងជួយក្នុងការរក្សាស្ថេរភាពនយោបាយ តុល្យភាពយោធានិងវឌ្ឍនភាពសេដ្ឋកិច្ចនៅក្នុងតំបន់។

ក្រសួងការបរទេសបាននិយាយថា គ្រាប់បែក MK-48 ដែលអាចបាញ់ចេញពីនាវាមុជទឹកកំពុងត្រូវបានផ្គត់ផ្គង់ពីស្តុកដែលមានស្រាប់របស់កងទ័ពជើងទឹកអាមេរិក។

កោះតៃវ៉ាន់ត្រូវបានគ្រប់គ្រងដាច់ដោយឡែកពីចិនដីគោកចាប់តាំងពីឆ្នាំ១៩៤៩មកបន្ទាប់ពីក្រុមអ្នកជាតិនិយមបានចាញ់សង្គ្រាមស៊ីវិលក្រោមដៃពួកកុម្មុយនិស្តហើយបានភៀសខ្លួនទៅកាន់កោះនេះដើម្បីបង្កើតរដ្ឋាភិបាលដែលជាគូប្រជែង។

យ៉ាងណាក៏ដោយ ទីក្រុងប៉េកាំងបានចាត់ទុកកោះតៃវ៉ាន់ថាជាផ្នែកមួយនៃទឹកដីរបស់ខ្លួនហើយបានប្តេជ្ញាថានឹងដណ្តើមកាន់កាប់ដោយកម្លាំងបើសិនជាចាំបាច់។

ទីក្រុងវ៉ាស៊ីនតោនបានកាត់ផ្តាច់ចំណងការទូតជាមួយទីក្រុងតៃប៉ិក្នុងឆ្នាំ១៩៧៩ដើម្បីទទួលស្គាល់រដ្ឋាភិបាលទីក្រុងប៉េកាំងថាជាស្ថាប័នគ្រប់គ្រងស្របច្បាប់តែមួយគត់របស់ចិនប៉ុន្តែនៅតែជាអ្នកផ្គត់ផ្គង់អាវុធដ៏សំខាន់របស់កោះតៃវ៉ាន់។

ប្រធានាធិបតីអាមេរិកលោក Donald Trump បានបញ្ជាក់យ៉ាងច្បាស់ថា លោកនឹងបន្តការអនុវត្តបែបនេះទៀត៕ AFP

ប្រែសម្រួល៖ វណ្ណវណ្ណ