BREAKING NEWS
Search

សង្រ្គាមពាក្យសម្តីរវាងអាមេរិកនិងចិនរំខានដល់កិច្ចប្រជុំរបស់ WHO ដែលផ្តោតលើជំងឺរាតត្បាត

នៅពេលអង្គការសុខភាពពិភពលោកត្រៀមរៀបចំកិច្ចប្រជុំប្រចាំឆ្នាំដ៏សំខាន់របស់ខ្លួននៅសប្តាហ៍ក្រោយនេះ មានការភ័យខ្លាចកាន់តែខ្លាំងឡើងថា ភាពតានតឹងរវាងសហរដ្ឋអាមេរិកនិងប្រទេសចិនអាចរារាំងសកម្មភាពខ្លាំងក្លាដែលត្រូវការជាចាំបាច់ដើម្បីដោះស្រាយវិបត្តិជំងឺ COVID-19។

ទីភ្នាក់ងារសុខាភិបាលរបស់អង្គការសហប្រជាជាតិមួយនេះនឹងអញ្ជើញរដ្ឋមន្រ្តីក្រសួងសុខាភិបាលនិងឥស្សរជនដទៃទៀតឲ្យចូលរួមក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់ខ្លួនតាមវីដេអូជាលើកដំបូង។

ស្ថាប័នធ្វើសេចក្តីសម្រេចចិត្ត World Health Assembly ដែលកាត់បន្ថយកិច្ចប្រជុំនេះដែលធម្មតាមានរយៈពេលបីសប្តាហ៍មកត្រឹមតែ២ថ្ងៃគឺនៅថ្ងៃចន្ទនិងថ្ងៃអង្គារ, ត្រូវបានគេរំពឹងថានឹងផ្តោតស្ទើរតែទាំងស្រុងទៅលើជំងឺ COVID-19 ដែលក្នុងរយៈពេលត្រឹមតែប៉ុន្មានខែប៉ុណ្ណោះវាបានសម្លាប់មនុស្សជាង៣០ម៉ឺននាក់នៅទូទាំងពិភពលោកនិងឆ្លងដល់មនុស្សជិត៤.៥លាននាក់។
ប្រធាន WHO លោក Tedros Adhanom Ghebreyesus បាននិយាយកាលពីថ្ងៃសុក្រថា ព្រឹត្តិការណ៍នេះនឹងក្លាយជាព្រឹត្តិការណ៍សំខាន់បំផុតមួយចាប់តាំងពី WHA ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៤៨មក។

ប៉ុន្តែឱកាសនៃការឈានដល់កិច្ចព្រមព្រៀងស្តីពីវិធានការជាសកលដើម្បីដោះស្រាយវិបត្តិនេះអាចត្រូវបានគំរាមកំហែងដោយសារទំនាក់ទំនងកាន់តែយ៉ាប់យ៉ឺនរវាងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំង២លើពិភពលោក។

លោក Gian Luca Burci សាស្រ្តាចារ្យនៅមជ្ឈមណ្ឌលសុខភាពសកលនៃវិទ្យាស្ថាន Geneva Graduate បាននិយាយថា “ជាការពិត ខ្ញុំមានការព្រួយបារម្ភចំពោះការយក WHA ធ្វើជារឿងនយោបាយនិងហានិភ័យនៃការបរាជ័យរបស់វា”។

ប្រធានាធិបតីអាមេរិកលោក Donald Trump នៅសប្តាហ៍នេះបានគំរាមកាត់ផ្តាច់ចំណងមិត្តភាពជាមួយប្រទេសចិនជុំវិញតួនាទីរបស់ខ្លួនក្នុងការរីករាលដាលនៃជំងឺ COVID-19 ហើយបានធ្វើការចោទប្រកាន់ទាំងមិនមានភស្តុតាងម្តងហើយម្តងទៀតថា វីរុសនេះមានប្រភពនៅក្នុងមន្ទីរពិសោធន៍ចិន។

លោកក៏បានបញ្ឈប់ការផ្តល់មូលនិធិដល់ WHO ផងដែរជុំវិញការចោទប្រកាន់ថា ពីដំបូងអង្គការនេះបានច្រានចោលភាពធ្ងន់ធ្ងរនៃជំងឺនេះនិងកាន់ជើងក្រុងប៉េកាំង។

ទោះបីជាមានភាពតានតឹងក្តី ប្រទេសនានាសង្ឃឹមថានឹងព្រមព្រៀងគ្នាអនុម័តសេចក្តីសម្រេចមួយដែលជំរុញឲ្យមានការឆ្លើយតបរួមគ្នាចំពោះជំងឺរាតត្បាតនេះ៕ AFP

លោក Tedros Adhanom ប្រធានអង្គការសុខភាពពិភពលោកក្នុងសន្និសីទកាសែតមួយ (រូប AFP)

ចុចអាន៖ ចិន គួរត្រៀមខ្លួន និងធ្វើចិត្តឲ្យត្រជាក់ជាមួយសម្តីវាយប្រហារពីរដ្ឋាភិបាលលោក Trump

ចុចអាន៖ផ្ទុះករណី COVID-19 ជាថ្មីនៅលើនាវាផ្ទុកយន្តហោះអាមេរិក ទោះបីជាមានការត្រួតពិនិត្យយ៉ាងខ្លាំងក្លាក៏ដោយ

ប្រែសម្រួល៖ វណ្ណវណ្ណ