BREAKING NEWS
Search

សហរដ្ឋអាមេរិកបំបែកកំណត់ត្រាថ្មីដោយមួយថ្ងៃមានអ្នកឆ្លងកូវីដ៤៥,២៤២នាក់

កាលពីថ្ងៃសុក្រ សហរដ្ឋអាមេរិកបានកត់ត្រាករណីថ្មីនៃជំងឺកូវីដ១៩ចំនួន៤៥,២៤២ករណីដែលនេះជាការកើនឡើងប្រចាំថ្ងៃខ្ពស់បំផុតដោយនាំឲ្យចំនួនជនជាតិអាមេរិកសរុបដែលធ្វើតេស្តវិជ្ជមានកើនឡើងដល់២.៤៨លាននាក់។ នេះបើយោងតាមការបូកសរុបរបស់ Reuters។

កំណត់ត្រាថ្មីសម្រាប់ការធ្វើតេស្តវិជ្ជមានជំងឺកូវីដ១៩នេះបានកើតឡើងចំពេលដែលរដ្ឋជាច្រើនបានចាប់ផ្តើមវិធានការរឹតត្បិតឡើងវិញលើសកម្មភាពនានា។

លោកអភិបាល Greg Abbott បានបញ្ជាឲ្យបារនៅទូទាំងរដ្ឋ Texas ត្រូវបិទនៅពេលថ្ងៃត្រង់​ហើយតម្រូវឲ្យភោជនីយដ្ឋាននានាកំណត់កន្លែងអង្គុយមកត្រឹម៥០ភាគរយខណៈពេលដែលមន្ត្រីរដ្ឋ Florida បានប្រាប់ឲ្យបារទាំងអស់បញ្ឈប់ការបម្រើគ្រឿងស្រវឹងភ្លាមៗ។

ការប្រកាសរបស់លោក Abbott បានធ្វើឲ្យម្ចាស់បារនៅរដ្ឋ Texas មានការភ្ញាក់ផ្អើល។ ពួកគេ​និយាយថា លោកអភិបាលដែលជាអ្នកសាធារណរដ្ឋក្នុងអាណត្តិទី២បានផ្តល់ការជូនដំណឹង​ឆាប់ពេកដល់ពួកគេ។

រដ្ឋ Florida បានចេញច្បាប់ថ្មីរបស់ខ្លួនបន្ទាប់ពីបានកត់ត្រាករណីថ្មីនៃជំងឺកូវីដ១៩ចំនួន៨,៩៤​២ករណីដែលជាចំនួនកំណត់ត្រាប្រចាំថ្ងៃរបស់រដ្ឋនេះពោលគឺលើស៥,៥១១ករណីដែលបានកត់ត្រាកាលពីថ្ងៃទី២៤ខែមិថុនា។

អភិបាលរដ្ឋ California លោក Gavin Newsom បាននិយាយកាលពីថ្ងៃសុក្រថា តំបន់ Imperial នៅភាគអាគ្នេយ៍ទីក្រុង Los Angeles កំពុងរងគ្រោះយ៉ាងខ្លាំងដោយសារវីរុសនេះដូច្នេះគាត់កំ​ពុងណែនាំឲ្យចេញបទបញ្ជាស្នាក់នៅក្នុងផ្ទះថ្មីយ៉ាងតឹងរឹង។

នៅរដ្ឋ Alaska, អភិបាលក្រុង Anchorage លោក Ethan Berkowitz បានចេញបទបញ្ជាបន្ទាន់​មួយដែលតម្រូវឲ្យប្រជាជនពាក់ម៉ាស់នៅតាមទីសាធារណៈបន្ទាប់ពីរដ្ឋនេះបានរកឃើញករណីចំនួន៨៣៦ករណីកាលពីថ្ងៃសុក្រដោយក្នុងនោះមាន៣៨៧ករណីនៅក្នុងរដ្ឋរបស់គាត់។

គួរបញ្ជាក់ថា ប្រជាជនអាមេរិកជិត១២៥,០០០នាក់បានស្លាប់ដោយសារជំងឺកូវីដ១៩ដែលជាចំនួនអ្នកស្លាប់ច្រើនជាងគេដោយសារជំងឺនេះនៅលើពិភពលោក៕ REUTERS

ប្រែសម្រួលដោយ៖ វណ្ណវណ្ណ