តួ​លេខ​អ្នក​ស្លាប់​នៅ​អាមេរិក​វ៉ា​ដាច់​ចិន ក្រោយ​មាន​អ្នក​ស្លាប់​លើស​ ៨០០នាក់​ក្នុង​មួយ​ថ្ងៃ​ជា​លើក​ដំបូង​​

តួលេខ​ស្លាប់​ដោយ​សារ​វីរុស​កូវីដ ១៩ នៅ​សហរដ្ឋ​អាមេរិក ចាប់​ចាប់​ផ្តើម​កើន​ឡើង​ក្នុង​កម្រិត​ដ៏​ខ្ពស់​គួរ​ឲ្យ​ព្រួយ​បារម្ភ ដោយ​ចំនួន​សរុប​គិត​ត្រឹម​ព្រឹក​ថ្ងៃ​ពុធ​នេះ មាន​ដល់​ទៅជាង ៣៨០០​ករណី ​និងអ្នក​​ឆ្លងសរុប​យ៉ាងហោច ១៨៧០០០ករណី ខណៈ​​រដ្ឋ​ញូវយ៉ក គឺ​តំបន់​រាតត្បាត និង​មាន​អ្នក​ស្លាប់​ច្រើន​បំផុត ក្នុង​នោះ​ប្អូន​ប្រុស​អភិបាល​រដ្ឋ​ ក៏​ឆ្លង​វីរុស​កូវីដ ១៩​ដូច​គ្នា។

សារព័ត៌មាន CNN បាន​ឲ្យ​ដឹង​ថា​ក្នុង​រយៈ​ពេល​មួយ​ថ្ងៃ​កន្លង​ទៅ​អាមេរិក​មាន​អ្នក​ស្លាប់​យ៉ាង​ហោច ៨១១នាក់ ធ្វើ​ឲ្យ​តួ​លេខ​អ្នក​ស្លាប់​សរុប​របស់​មហា​អំណាច​នេះ​​កើន​លើស​ប្រទេស​ចិន ដែល​មក​ទល់​ពេល​នេះ​មាន​អ្នក​ស្លាប់​ដោយសារ​កូវីដ​ត្រឹម ៣៣០៥នាក់។

ថ្លែង​ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​ភ្នាក់ងារ​ព័ត៌មាន CNN អភិបាល​រដ្ឋ​ញូវយ៉ក លោក Andrew Cuomo ប្រាប់​ថា ប្អូន​ប្រុស​វ័យ ៤៩​ឆ្នាំ​របស់​លោក កំពុង​ដាក់​ឲ្យ​នៅ​ដាក់​ដោយ​ឡែក​ក្នុង​បន្ទប់​ស្តុក​​ឥវ៉ាន់ ក្នុង​ផ្ទះ​របស់​លោក ដោយ​​ថែម​ទាំង​អះអាង នេះ​ជាមេរៀន​មួយ​យើង​ត្រូវ​ចង់​ចាំ។ លោក​ថា ប្អូនប្រុស​លោក ជា​សមាជិក​ភ្នាក់​ងារ​សារព័ត៌មាន​មួយ ដែល​បាន​ធ្វើ​ការ​ងារ​នៅ​ខាង​ក្រៅ​ផ្ទះ ហើយ​បើ​យើង​ចេញ​ទៅ​ក្រៅ យើង​ប្រឈម​ឆ្លង​វីរុស​កាន់​តែ​ខ្លាំង។

រដ្ឋ​ញូវយ៉ក ត្រូវ​ចាត់​ទុក​ជា​ទី​ក្រុង​រង​គ្រោះ​ធ្ងន់​ធ្ងរ​បំផុត​នៅ​អាមេរិក ហើយ​បើ​តាម​តួលេខ​ចេញ​ផ្សាយ​ដោយ​រដ្ឋាភិបាល ញូវយ៉ក មាន​អ្នក​ស្លាប់​ដោយ​សារ​កូវីដ ១៩ សរុប​ដល់​ទៅ​ជាង ១៥៥០​នាក់ ភាគ​ច្រើន​ជាពលរដ្ឋ​ក្នុង​បុរី​ញូវយ៉ក​តែ​ម្តង។

លោក Chris Cuomo ត្រូវ​ជា​ប្អូន​ប្រុស អភិបាល​រដ្ឋ Andrew Cuomo បាន​បង្ហោះ​សារ​លើ​បណ្តាញ​សង្គម ដោយ​អះអាង​រូប​លោក​មាន​អាការៈ​ក្តៅខ្លួន គ្រុន​ព្រឺ​រងា និង​ដក​ដង្ហើម​ខ្លីៗ ដោយ​ធ្វើ​ឲ្យ​លោក​សម្រេច​ចិត្ត​ឃុំខ្លួន​ឯង​ក្នុង​បន្ទប់​ដាក់​ឥវ៉ាន់ ព្រោះ​ខ្លាច​ឆ្លង​ទៅ​កាន់​សមាជិក​កក្នុង​គ្រួសារ។

ក្រៅ​ពី​សហរដ្ឋ​អាមេរិក អ៊ីតាលី ដែល​ជា​កន្លែង​មាន​រាតត្បាត​ខ្លាំងក្លា​នោះ ត្រូវ​គេ​រាយការណ៍ កម្រិត​នៃ​ការ​ឆ្លង​ថ្មី អាច​កំពុង​បង្ហាញ​ការ​ថមថយ​បណ្តើរៗ ប៉ុន្តែ​ស្ថានភាព​ធ្ងន់ធ្ងរ នៅ​ត្រូវ​ការ​ពេល​ច្រើន​ទៀតដើម្បី​បញ្ចប់។

នៅ​អេស្ប៉ាញ​ឯណេះ​វិញ ប្រព័ន្ធ​សុខាភិបាល បាន​កំពុង​ប្រឈម​មិន​អាច​ទប់​ទល់​ស្ថានការណ៍​តទៅ​ទៀត​បាន​ឡើង ខណៈ​ប្រធានាធិបតី​រុស្ស៊ី លោក Vladimir Putin បាន​ពង្រឹង​ច្បាប់​ដាក់​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​ពី​គ្នា និង​ច្បាប់​ប្រឆាំង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ក្លែង​ក្លាយ ស្រប​ពេលស្ថានភាព​នៅ​ចិន ជា​ប្រទេស​រង​គ្រោះ​ទី១ លើ​ពិភពលោក កំពុង​ងាក​មករក​ភាព​ប្រក្រតី​ឡើង​វិញ ដោយ​ទី​ក្រុង​អ៊ូហាន ចាប់​ផ្តើម​បើក​ជា​ធម្មតា​បណ្តើរៗ។

គិត​ត្រឹម​ព្រឹក​នេះ ពិភពលោក​បាន​អ្នក​ឆ្លង​សរុប​ជាង ៨៥៦០០០ករណី ស្លាប់​សរុប ៤២០៩៦ករណី ក្នុង​នោះ​អាមេរិក ១៨៧៣២១ករណី ស្លាប់ ៣៨៥០នាក់ ខណៈ​តូលេខ​ស្លាប់​នៅ​អ៊ីតាលី និង​អេស្ប៉ាញ បូក​បញ្ចូល​គ្នា​ស្មើ​ប្រមាណ ៥០% នៃ​អ្នក​ស្លាប់​សរុប ស្រប​ពេល​បារាំង អ៊ីរ៉ង់ អាល្លឺម៉ង់ និង​អង់គ្លេស ក៏​រង​គ្រោះ​ធ្ងន់​ធ្ងរ​ខ្លាំង​ដូច​គ្នា៕

ប្រែសម្រួល៖ សុភា
ប្រភព៖ SCMP