BREAKING NEWS
Search

អាមេរិកដាក់សម្ពាធឲ្យក្រុមហ៊ុនត្រូវផលិតវ៉ាក់សាំងឲ្យបានទាន់ពេលបើសិនចង់បានលុយពេញ

យោងតាមឯកសារសាធារណៈនិងមន្ត្រីរដ្ឋបាលរបស់លោក Trump បានឲ្យដឹងថា សហរដ្ឋអាមេរិកកំពុងពិនិត្យមើលលើការចំណាយសម្រាប់ផលិតកម្មនិងការអនុម័តវ៉ាក់សាំងកូវីដទាន់ពេលដោយបានដាក់សម្ពាធលើក្រុមហ៊ុនផលិតថ្នាំនានារួមទាំង Moderna ផងដែរឲ្យបំពេញតាមគោលដៅមហិច្ឆតារបស់ខ្លួន។

នៅក្នុងកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Moderna ដែលបានប្រកាសនៅសប្តាហ៍នេះ ទីភ្នាក់ងារសហព័ន្ធបានចរចាអំពីការទូទាត់តិចជាងមុន។ យោងតាមឯកសារបានឲ្យដឹងថា ក្រុមហ៊ុនជីវសាស្រ្តដែលមានមូលដ្ឋាននៅទីក្រុង Cambridge រដ្ឋ Massachusetts មួយនេះនឹងទទួលបានទឹកប្រាក់ចំនួន១.៥ពាន់លានដុល្លារប្រសិនបើវ៉ាក់សាំងរបស់ខ្លួនទទួលបានការអនុម័តបទប្បញ្ញត្តិត្រឹមថ្ងៃទី៣១ខែមករាឆ្នាំ២០២១។ ក្រុមហ៊ុននេះទទួលបានត្រឹម១.២ពាន់លានដុល្លារប៉ុណ្ណោះប្រសិនបើខ្លួនមិនបំពេញតាមគោលដៅកំណត់នៃពេលវេលានោះ។

ឯកសារដដែលបានបង្ហាញថា ក្រុមហ៊ុន Moderna ក៏ទទួលបានទឹកប្រាក់៦០០លានដុល្លារផងដែរនៅពេលដែលខ្លួនអាចបង្ហាញថា ខ្លួនបានបង្កើតសមត្ថភាពផលិតកម្មខ្នាតឧស្សាហកម្មសម្រាប់វ៉ាក់សាំងរបស់ខ្លួនបើទោះបីរឿងនេះកើតឡើងមុនពេលថ្នាំត្រូវបានអនុញ្ញាតដោយអ្នកត្រួតពិនិត្យក៏ដោយ។

ក្រុមហ៊ុនផលិតថ្នាំផ្សេងទៀតមិនបានបង្ហាញព័ត៌មានជាសាធារណៈអំពីលក្ខខណ្ឌជាក់លាក់នៃកិច្ចព្រមព្រៀងរបស់ពួកគេជាមួយរដ្ឋាភិបាលសហរដ្ឋអាមេរិកនោះទេបើទោះបីជាក្រុមហ៊ុន Pfizer បាននិយាយថា កិច្ចព្រមព្រៀងរបស់ខ្លួនជាមួយរដ្ឋាភិបាលសម្រាប់វ៉ាក់សាំងរួមគ្នាជាមួយក្រុមហ៊ុន BioNTech នឹងចំណាយឲ្យតែនៅពេលដែលខ្លួនទទួលបានការយល់ព្រមតាមច្បាប់ប៉ុណ្ណោះក៏ដោយ៕

ចុចអាន៖ វ៉ាក់សាំងកូវីដផលិតនៅវៀតណាមអាចចាប់ផ្តើមការសាកល្បងលើមនុស្សនៅដើមខែតុលានេះ

ចុចអាន៖ វ៉ាក់សាំងកូវីដ១៩របស់ក្រុមហ៊ុន Moderna អាចផ្តល់ឲ្យប្រើប្រាស់នៅចុងឆ្នាំនេះ

ប្រែសម្រួល៖ វណ្ណវណ្ណ

ប្រភព៖ Reuters