អាមេរិកវ៉ាដាច់ចិន និងអ៊ីតាលីក្លាយជាដែនដីមានករណីកូវីដ១៩ច្រើនបំផុតលើពិភពលោក

គិតត្រឹមថ្ងៃសុក្រនេះ សហរដ្ឋអាមេរិកមានករណីឆ្លងវីរុសកូវីដ១៩ច្រើនជាងគេបំផុតនៅលើពិភពលោក ពោលគឺវ៉ាដាច់ទាំងចិន និងអ៊ីតាលី ដោយមានអ្នកឆ្លងចំនួន ៨៣ ៥៥៣ នាក់និងស្លាប់ ១២០៥ នាក់។

ប្រទេសអ៊ីតាលីនៅតែជាប្រទេសដែលរងគ្រោះខ្លាំងជាងគេបើនិយាយពីការស្លាប់ដោយមានអ្នកស្លាប់ច្រើនជាង ៨១០០នាក់។ ប្រទេសចិនដែលជាកន្លែងដែលជំងឺរាតត្បាតបានចាប់ផ្តើមកាលពីខែធ្នូ ពេលនេះមានអ្នកស្លាប់ជាង ៣២០០ នាក់។

ចំនួននៃការឆ្លងមេរោគវីរុសនេះនៅទូទាំងពិភពលោកបានឈានដល់ចំនួនកន្លះលាននាក់ ។

កាលពីដើមសប្តាហ៍នេះអង្គការសុខភាពពិភពលោក បានព្យាករពីការព្រួយបារម្ភចំពោះសហរដ្ឋអាមេរិកដោយនិយាយថាប្រទេសនេះនឹងក្លាយជាចំណុចកណ្តាលនៃការឆ្លងរាលដាលនៃវីរុសឆ្លងវីរុសនេះដោយសារករណីឆ្លងមានល្បឿនលឿន។

ញូវយ៉កដែលជាចំណុចកណ្តាលនៃការផ្ទុះឡើងនៅសហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍បានកត់ត្រាការស្លាប់ដោយវីរុសនេះ ១០០ នាក់ក្នុងរយៈពេលតែ ២៤ ម៉ោងដែលធ្វើឱ្យរដ្ឋនេះមានករណីស្លាប់សរុបដល់ ៣៨៥ នាក់ខណៈចំនួនករណីស្លាប់នៅទូទាំងសហរដ្ឋអាមេរិកបានកើនឡើងដល់ ១២០៥ នាក់។ ញូវយ៉កឥឡូវនេះមានអ្នកឆ្លងច្រើនជាង ៣៧០០០ នាក់ឆ្លង ពោលគឺប្រមាណ ៥០ភាគរយនៃករណីសរុបនៅអាមេរិក។

រដ្ឋ Louisiana អាចនឹងក្លាយជាចំណុចកណ្តាលនៃការផ្ទុះឡើងរបស់អាមេរិកមួយទៀតបន្ទាប់ពីការឆ្លងបានកើនឡើង ៣០ ភាគរយក្នុងរយៈពេល ២៤ ម៉ោង។ រដ្ឋនោះបានកត់ត្រាការឆ្លងចំនួន ២៣០៥ នាក់និង ៨៣ នាក់បានស្លាប់កាលពីថ្ងៃព្រហស្បតិ៍។ ការប្រារព្ធពិធី Mardi Gras នៅ New Orleans ត្រូវបានស្តីបន្ទោសចំពោះការផ្ទុះឡើងនៅទីនោះ។

រដ្ឋ New Jersey មានករណីដែលបានបញ្ជាក់ចំនួន ៦៨៧៦ ករណីនិងមានអ្នកស្លាប់ចំនួន ៨១ នាក់ខណៈរដ្ឋកាលីហ្វ័រញ៉ាមាន ៣៨៨៩ ករណី និងស្លាប់ ៨១ នាក់។ រដ្ឋវ៉ាស៊ីនតោនដែលជាចំណុចផ្ទុះខ្លាំងដំបូងគេនៅអាមេរិកនោះឥឡូវនេះមានករណីឆ្លងចំនួន ៣២០៧ ករណីនិងមនុស្ស ១៥០ នាក់បានស្លាប់។

ប្រឈមនឹងការរាតត្បាតដ៏ខ្លាំងក្លានេះនេះព្រឹទ្ធសភាសហរដ្ឋអាមេរិកបានសម្រេចប្រគល់ជំនួយសង្គ្រោះជាកញ្ចប់ជំនួយសេដ្ឋកិច្ចចំនួន ២,២ ទ្រីលានដុល្លារដល់អាជីវកម្ម កម្មករនិងប្រព័ន្ធថែទាំសុខភាព។

ជនជាតិអាមេរិករាប់លាននាក់សង្ឃឹមថាវិធានការនេះនឹងអាចឲ្យពួកគេបន្តជីវភាពនៅពេល បាត់បង់ការងារ ប្រាក់ចំណូល និងការថែទាំកូនដោយសារតែការបិទប្រទេសដើម្បីបន្ថយការរីករាលដាលនៃមេរោគ ៕

 

ប្រែសម្រួល៖ វ៉ាន់ថន
ប្រភព៖ dailymail