ព្រឹទ្ធសភាអាមេរិកជជែកដេញដោលលើការរឹតត្បិតអំណាចសង្គ្រាមអ៊ីរ៉ង់របស់លោក Trump

ព្រឹទ្ធសភាអាមេរិកបានបើកការជជែកដេញដោលកាលពីថ្ងៃពុធលើសេចក្តីសម្រេចមួយដើម្បីកំណត់អំណាចរបស់លោកប្រធានាធិបតី Donald Trump ក្នុងការធ្វើសង្គ្រាមជាមួយប្រទេសអ៊ីរ៉ង់ ដោយការអនុម័តទំនងជាអាចធ្វើទៅបានបន្ទាប់ពីអ្នកសាធារណរដ្ឋចំនួន៨នាក់បានចូលរួមជាមួយគណបក្សប្រជាធិបតេយ្យដើម្បីជំរុញសេចក្តីព្រាងច្បាប់នេះ។

បទបញ្ជារបស់លោក Trump ឲ្យសម្លាប់មេបញ្ជាការអ៊ីរ៉ង់លោក Qasem Soleimani កាលពីខែមករាបានបង្កឲ្យមានបាតុកម្មប្រឆាំងនឹងសង្គ្រាមនៅទីក្រុង ញូវយ៉ក (រូប AFP)

ការបោះឆ្នោតលើសេចក្តីសម្រេចអំណាចសង្គ្រាមអាចនឹងធ្វើឡើងនៅព្រឹកថ្ងៃព្រហស្បតិ៍ចំពេលមានការព្រួយបារម្ភថា លោក Trump អាចបង្កជម្លោះយោធាដោយបើកចំហជាមួយទីក្រុងតេអេរ៉ង់ទាំងមិនពិគ្រោះជាមួយសភា។

ការអនុម័តនេះអាចធ្វើឲ្យប្រធានាធិបតីអាម៉ាស់មុខដោយសារតែលោកមិនអាចពឹងផ្អែកលើសំឡេងភាគច្រើនរបស់គណបក្សសាធារណរដ្ឋនៅក្នុងព្រឹទ្ធសភាដើម្បីរារាំងច្បាប់ដែលលោកមិនយល់ស្របបាន។

ខណៈពេលដែលលោក Trump ត្រូវបានគេរំពឹងថានឹងវេតូលើច្បាប់នេះ កាលពីថ្ងៃពុធ លោកបានព្រមានដល់ព្រឹទ្ធសភាឲ្យបោះឆ្នោតទម្លាក់វាចោលហើយកុំកំណត់លើជម្រើសគោលនយោបាយរបស់លោក។

លោកបានបង្ហោះ Twitter ថា “វាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់សន្តិសុខប្រទេសរបស់យើងដែលព្រឹទ្ធសភាសហរដ្ឋអាមេរិកមិនត្រូវបោះឆ្នោតលើសេចក្តីសម្រេចអំណាចសង្គ្រាមអ៊ីរ៉ង់។ យើងធ្វើបានល្អណាស់ជាមួយអ៊ីរ៉ង់ហើយនេះមិនមែនជាពេលវេលាដើម្បីបង្ហាញភាពទន់ខ្សោយនោះទេ។ ប្រសិនបើដៃខ្ញុំជាប់ចំណង អ៊ីរ៉ង់នឹងមានឱកាសទទួលបានជោគជ័យ។ បញ្ជូនសញ្ញាអាក្រក់បំផុត។ ក្រុមអ្នកប្រជាធិបតេយ្យកំពុងធ្វើរឿងនេះជាការប៉ុនប៉ងធ្វើឲ្យគណបក្សសាធារណរដ្ឋអាម៉ាស់មុខ”។

គួរបញ្ជាក់ថា កាលពីខែមករា សភាតំណាងរាស្រ្តដែលគ្រប់គ្រងដោយគណបក្សប្រជាធិបតេយ្យបានអនុម័តច្បាប់របស់ខ្លួនផ្ទាល់បន្ទាប់ពីបទបញ្ជារបស់លោក Trump ឲ្យសម្លាប់មេបញ្ជាការអ៊ីរ៉ង់ឈ្មោះ Qasem Soleimani និងការវាយប្រហារដោយមីស៊ីលសងសឹកដោយទីក្រុងតេអេរ៉ង់បានបង្កើនភាពតានតឹងនិងជំរុញការភ័យខ្លាចនៃសង្គ្រាមដ៏សាហាវរវាងសត្រូវទាំងពីរ៕ AFP

ប្រែសម្រួល៖ វណ្ណវណ្ណ