BREAKING NEWS
Search

បទវិចារណកថា ៖ អាមេរិក និងអ៊ីរ៉ងគួរអត់ធ្មត់ និងចៀសវាងការធ្វើសង្គ្រាម

យោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មានអន្តរជាតិនានា កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២០នេះ អ៊ីរ៉ង់បានបើកការសងសឹកសហរដ្ឋអាមេរិកតាមរយៈការវាយប្រហារដោយគ្រាប់រ៉ុកកែតទៅលើមូលដ្ឋានទ័ពអ៊ីរ៉ាក់ដែលក្រុមយោធាអាមេរិកកំពុងឈរជើង បន្ទាប់ពីអាមេរិកបានសម្លាប់មេទ័ពកំពូលរបស់ខ្លូនកាលពីសប្តាហ៍មុនមក។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិអាមេរិកឲ្យដឹងថាកាលពីម៉ោង៥និង៣០នាទីល្ងាចថ្ងៃអង្គារ អ៊ីរ៉ង់បានបើកការវាយប្រហារដោយប្រើប្រាស់គ្រាប់រ៉ុកកែតទៅលើមូលដ្ឋានកងទ័ពអ៊ីរ៉ាក់២កន្លែងដែលកងទ័ពអាមេរិក និងសម្ព័នមិត្តកំពុងឈរជើង។ ប៉ុន្តែ ក្រសួងការពារជាតិអាមេរិកមិនទាន់អាចវាយតម្លៃពីទំហំនៃការខូចខាតនៅឡើយទេ។

លោក ចូណាថាន់ ហហ្វមែន (Jonathan Hoffman) អ្នកនាំពាក្យមន្ទីរបញ្ចកោណ បានលើកឡើងក្នុងសេចក្តីប្រកាសព័ត៌មានដដែលថាសហរដ្ឋអាមេរិកកំពុងវាយតម្លៃពីស្ថានការណ៍ និងការឆ្លើយទៅអ៊ីរ៉ង់វិញ ដោយលើកឡើងថាក្រសួងការពារជាតិនឹងចាត់វិធានការគ្រប់យ៉ាងដើម្បីការពារពលរដ្ឋអាមេរិក និងសម្ព័នមិត្តរបស់ខ្លូននៅក្នុងតំបន់។

លោក ដូណាល់ ត្រាំ (Donald Trump) ប្រធានាធិបតីសហរដ្ឋអាមេរិក បានសរសេរនៅលើបណ្តាញTwitter របស់ខ្លួនថា ស្ថានការណ៍គឺនៅតែល្អ បើទោះបីជាលោកទទូលស្គាល់ពីការវាយប្រហាររបស់អ៊ីរ៉ង់ក៏ដោយ ហើយលោកត្រាំបានអួតអាងថាអាមេរិកនៅតែជាប្រទេសដែលមានយោធោខ្លាំងជាងគេនៅលើពិភពលោក។

ទន្ទឹមនឹងនេះ ទូរទស្សន៍រដ្ឋអ៊ីរ៉ង់បានចុះផ្សាយថាការវាយប្រហារនោះជាការសងសឹងដែលសហរដ្ឋអាមេរិកបានសម្លាប់លោកកាសេម សូឡីម៉ានី មេទ័ពឆ្មាំបដិវត្តន៍ដ៏មានឥទ្ធិពលរបស់ពួកគេ ដោយរដ្ឋមន្រ្តីក្រសួងការបរទេសអ៊ីរ៉ង់ ហៅការវាយប្រហារដោយគ្រាប់រ៉ុកកែតជាង១០គ្រាប់ទៅលើមូលដ្ឋានទ័ពអ៊ីរ៉ាក់ដែលកងទ័ពអាមេរិក និងសម្ព័នមិត្តកំពុងឈរជើងនោះថាជាវិធានការសមាមាត្រសម្រាប់ការពារខ្លួនដែលមានចែងក្នុងមាត្រា៥១នៃធម្មនុញ្ញអង្គការសហប្រជាជាតិ។

រដ្ឋមន្រ្តីក្រសួងការបរទេសអ៊ីរ៉ង់ បានសរសេរនៅលើបណ្តាញសង្គមបន្តទៀតថា អ៊ីរ៉ង់មិនចង់បន្ថែមភាពតានតឹងឬចង់បង្កសង្រ្គាមនោះទេ ប៉ុន្តែអ្វីដែលអ៊ីរ៉ង់កំពុងធ្វើពេលនេះគឺការពារខ្លួនប្រឆាំងនឹងការឈ្លានពានប៉ុណ្ណោះ។

កាសែតកម្ពុជាថ្មី យល់ឃើញថា សហរដ្ឋអាមេរិក និងអ៊ីរ៉ង់គួរតែព្យាយាមអត់ធ្មត់បំផុត ហើយចៀសវាងបណ្តោយឲ្យភាពតានតឹងរវាងប្រទេសទាំងពីរក្លាយជាសង្គ្រាមទ្រង់ទ្រាយធំ តាមអនុសាសន៍របស់លោក​ អង់តូនីញ៉ូ ​ហ្គុយតឺរេស​ អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ ។

គួរបញ្ជាក់ថា អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ ​កាលពី​ថ្ងៃ​ចន្ទ​ បាន​អំពាវនាវ​ដល់​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំង​អស់​ឲ្យ​មាន​ការ​អត់ធ្មត់​ជា​អតិបរមា​ ដើម្បី​បញ្ឈប់​ភាព​តានតឹង​ជា​សកល​​ដែល​កាន់​តែ​ខ្លាំង​ឡើង​​ នៅជុំវិញពិភពលោកនោះ។​

«​ភាព​តានតឹង​នយោបាយ ​គឺ​ស្ថិត​នៅ​ក្នុង​កម្រិត​ខ្ពស់​បំផុត​របស់​ពួក​គេ​នៅ​ក្នុង​សតវត្សរ៍​នេះ។» ​ប្រមុខ​អង្គការ​សហ​ប្រជាជាតិ​ បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​កាសែត ​នៅ​ឯ​ទីស្នាក់ការ​អង្គការ​សហប្រជាជាតិ​នៅ​ក្នុង​ទីក្រុង​ញូវយ៉ក​។ លោក​ អង់តូនីញ៉ូ ​ហ្គុយតឺរេស បានគូសបញ្ជាក់​៖ «​ចូរ​បញ្ឈប់​ភាព​តានតឹង​ ដោយ​មាន​ការ​អត់ធ្មត់​ជា​អតិបរមា​ ចាប់​ផ្តើម​ចរចា​ និង​បន្ត​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​ឡើង​វិញ។​» ​

លោកបានបន្ត​ថា​៖ «ឆ្នាំ​ថ្មី​ឆ្នាំ​សកល​បាន​ចាប់​ផ្តើម​ជាមួយ​ពិភព​លោក​របស់​យើង​នៅ​ក្នុង​ចលាចល​ យើង​កំពុង​រស់នៅ​ក្នុង​ពេល​វេលា​ដ៏​គ្រោះ​ថ្នាក់​ ភាព​តានតឹង​នយោបាយ​ គឺ​ស្ថិត​នៅ​ក្នុង​កម្រិត​ខ្ពស់​បំផុត​របស់​ពួក​គេ​នៅ​ក្នុង​សតវត្សរ៍​នេះ​ ហើយ​ភាព​ចលាចល​នេះ ​កំពុង​កើន​ឡើង​។ ​កម្រិត​នៃ​ការ​រីក​សាយភាយ​អាវុធ​នុយក្លេអ៊ែរ​ លែង​មាន​គេ​លើក​យក​មក​សម្រាប់​​ធ្វើ​​ការ​ពិភាក្សា​ទៀត​ហើយ​»​។​

ស្របពេលជាមួយគ្នានេះ យោងតាមសារព័ត៌មានអន្តរជាតិ ផ្សាយនៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២០នេះ ដំណឹងដែលគួរឲ្យស្វាគមន៍នោះ លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក និយាយថាអាមេរិកបានដកខ្លួនចេញពីមាត់ជ្រោះនៃសង្គ្រាមជាមួយអ៉ីរ៉ង់ហើយ តាមរយៈសន្និសីទសារព័ត៌មានធំមួយនៅថ្ងៃពុធសប្តាហ៍នេះ ដោយលោកផ្ទាល់បានសង្កត់ធ្ងន់ថា ក្រុងតេហេរ៉ង់ហាក់ដូចជា «កំពុងដកថយហើយ» បន្ទាប់ពីបានបាញ់គ្រាប់មីស៊ីលដោយមិនបានបង្កគ្រោះថ្នាក់ដល់ទាហានអាមេរិក ដែលមានមូលដ្ឋាននៅអ៊ីរ៉ាក់នោះ។

នៅក្នុងសុន្ទរកថានៅសេតវិមាន លោក ដូណាល់ ត្រាំ បានបង្ហាញសញ្ញាស្វាគមន៍ផងដែរ ចំពោះអ្វីដែលលោកផ្ទាល់លើកឡើងថា ជាការដកថយរបស់អ៉ីរ៉ង់ចេញពីការប្រឈមមុខដាក់គ្នានោះ។ កាសែតកម្ពុជាថ្មី ក៏ដូចជាប្រជាពលរដ្ឋកម្ពុជាដែលធ្លាប់ឆ្លងកាត់សង្គ្រាមដ៏ជូរចត់នោះ ក៏សូមចូលរួមស្វាគមន៍ចំពោះការថមថយនៃកម្តៅនៃជម្លោះរវាងអាមេរិក និងអ៊ីរ៉ង់នេះ យើងយើងសង្ឃឹមថាប្រទេសទាំងពីរនឹងអាចគេចផុតពីការធ្វើសង្គ្រាមជាមិនខាន៕