BREAKING NEWS
Search

ការប្រើប្រាស់កាំរស្មីUV មកសម្លាប់មេរោគកូវីដ១៩ផលប៉ះពាល់ដូចម្តេចខ្លះ?

កាំរស្មីយូវី(UV) កំពុងលេចចេញជាចម្លើយខ្លះៗមកថា អាចសម្លាប់មេរោគឆ្លងកូវីដ១៩ នៅលើដៃ និងទូរសព្ទ បាន ប៉ុន្តែរស្មីនេះអាចបង្កហានិភ័យច្រើនដែរ​ បើយើងប្រើវាដោយខ្លួនឯងនឹង​មិនបានត្រឹមត្រូវ។

សមាគមកាំរស្មីយូវីអន្តរជាតិនិយាយថា វាជាបច្ចេកវិទ្យាដែលមានប្រយោជន៍អស់រយៈពេលជាង ៤០ ឆ្នាំមកហើយ ព្រោះគេបានប្រើដើម្បីធ្វើឲ្យទឹកស្អាតនិងខ្យល់បរិសុទ្ធ។

ទោះយ៉ាងណា នៅពេលនិយាយពីមេរោគកូវីដ១៩ គេមិនទាន់ច្បាស់នៅឡើយថា រស្មីយូវីអាចសម្លាប់មេរោគនេះបានឬយ៉ាងណាទេ។

តើកាំរស្មីយូវីធ្វើការយ៉ាងដូចម្តេច?

ជាធម្មតា ពន្លឺកាំរស្មីយូវីកើតចេញពីព្រះអាទិត្យ តែក៏មានប្រភពបង្កើតឡើងដោយមនុស្សផងដែរ ដែលក្នុងនោះរួមមាន គ្រែស្ទីម និងអំពូលកាំរស្មីយូវី។

គេចែកកាំរស្មីយូវីមាន ៣ ថ្នាក់គឺ UV-A UV-B និង UV-C៖

ចំពោះកាំរស្មី UV-A និង UV-B បណ្តាលឱ្យរលាកស្បែក ស្បែកចាស់មុនអាយុ និងអាចវិវត្តជាជំងឺមហារីកស្បែកទៀតផង។ រីឯកាំរស្មី UV-C មានថាមពលខ្លាំងជាងគេ និងមានគ្រោះថ្នាក់បំផុតក្នុងចំណោមកាំរស្មីទាំងបីប្រភេទ  ប៉ុន្តែសំណាងល្អវាមិនអាចចូលមកផ្ទៃផែនដីទេ ពីព្រោះស្រទាប់បរិយាកាសបានការពារ។

យ៉ាងណាមិញ កាំរស្មី UV-C ត្រូវបានមនុស្សផលិតឡើង ព្រោះគេជឿជាក់ថា វាអាចសម្លាប់មេរោគកូរ៉ូណាបាន។ បើយោងតាមបណ្ឌិត្យសភាវិទ្យាសាស្ត្រជាតិអាមេរិក ក៏បានអះអាងបញ្ជាក់ដែរថា រឿងនេះជាការពិត ដោយសាពន្លឺកាំរស្មីយូវីត្រូវបានប្រើដើម្បីកំចាត់ផ្ទៃមេរោគជាយូរមកហើយ និងជាទូទៅគេទទួលបានជោគជ័យ។ ក្នុងនោះ កាំរស្មី UV-C មានប្រសិទ្ធភាពអាចដុតបំផ្លាញវីរុស និងបាក់តេរីនៅក្នុងហ្សែន ព្រមទាំង DNA បានថែមទៀត។

តើកាំរស្មីយូវីអាចសម្លាប់មេរោគកូរ៉ូណាបានដែរឬទេ?

ផ្អែកលើភស្តុតាងវិទ្យាសាស្រ្តអះអាងថា កាំរស្មីយូវីអាចបំផ្លាញវីរុសផ្សេងៗបាន ប៉ុន្តែចំពោះវីរុសកូវីដ១៩ មិនទាន់មានការបញ្ជាក់នៅឡើយទេ។

កាំរស្មីយូវីអាចសម្លាប់មេរោគនៅលើឧបករណ៍ប្រើសប្រាស់បានពិតមែន ប៉ុន្តែចំពោះស្បែកមនុស្សវានឹងបង្កគ្រោះថ្នាក់ខ្លាំងណាស់។ ហេតុនេះ មិនគួរប្រើកាំរស្មីយូវីដើម្បីសម្អាតដៃទេ។ អ្នកជំនាញណែនាំឲ្យលាងដៃជាមួយសាប៊ូនិងទឹក ឬប្រើទឹកលាងដៃដែលមានជាតិអាល់កុលនៅពេលគ្មានទឹក។

បន្ថែមពីលើនោះ អង្គការសុខភាពពិភពលោកបានចេញសេចក្ដីព្រមានទន្ទឹមគ្នាថា ការប្រើកាំរស្មីយូវីដើម្បីសម្លាប់មេរោគកូវីដ១៩ អាចបណ្តាលឱ្យរលាកស្បែកនិងធ្វើឱ្យខូចភ្នែក។

ដោយឡែក វេជ្ជបណ្ឌិតធីលឡឺហូមជីនាយកវះកាត់ផ្នែករោគសើស្បែកនៅសាកលវិទ្យាល័យវេជ្ជសាស្ត្រ Texas Dell នៅអូស្ទីនមានប្រសាសន៍ថា  “ កាំរស្មីយូវីមានរាង ទំហំ និងកម្លាំងខុសៗ ដូច្នេះសមត្ថភាពប្រឆាំងនឹងមេរោគរបស់ពួកវាអាចមានលក្ខណៈប្រែប្រួល” ។ ប៉ុន្តែគុណវិបត្តិនៃការប្រើរស្មីយូវីនៅលើខ្លួនមនុស្សអាចធ្វើឲ្យរលាកស្បែកធ្ងន់ធ្ងរ ព្រមទាំងអាចបំផ្លាញឆ្អឹងខ្នងផងដែរ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Cnet

ចុចអាន៖​  វិធីការពារស្បែកនិងភ្នែក ពីពន្លឺពណ៌ខៀវ នៃឧបករណ៍បច្ចេកវិទ្យា

ចុចអាន៖​ មាន​សញ្ញា ៣ នេះ ច្បាស់​ហើយលេខទូរសព្ទរបស់អ្នក ត្រូវ​បាន​គេ​ប្លុក