នៅ​បន្ទាយមានជ័យ ​សាលា​ពង្រឹង​ណែនាំ​សិស្ស ​និស្សិត​ ប្រយ័ត្ន​ចាញ់បោក​គេ​ ​​​​ខណៈ​អ្នកលក់​ផ្កា​នៅ​តាម​ផ្លូវ​ លក់​មិន​សូវ​ដាច់

បន្ទាយមានជ័យ ​៖​ នៅ​ល្ងាច ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ ឆ្នាំ​២០២០ ​នេះ ​នៅ​ខេត្ត​បន្ទាយមានជ័យ​ ​ត្រង់​ចំណុច​ទីប្រជុំជន​ ដែល​ជា​កន្លែង​លក់​ផ្កា​ជា​រៀង​រាល់​ឆ្នាំ​នោះ, ​ គេ​សង្កេត​ឃើញ​ថា ​ឆ្នាំ​នេះ​នៅ​តែ​មាន​អ្នកលក់​ផ្កា​ដូច​ឆ្នាំ​មុនៗ​ដែរ ​តែ​មិនសូវ​ដាច់​ដូច​ឆ្នាំមុន​នោះ​ទេ​ ព្រោះ​គេ​បង្ហោះ​សារ​អំពី​បុណ្យ​នៃ​សេចក្ដី​ស្រឡាញ់​ខ្លាច​ចាញ់បោក​គេ។

ចំណែក​នៅ​ខាងក្នុង​សាលារៀន​វិញ​ មាន​សាលា​មធ្យមសិក្សា​សាធារណៈ​និង​ឯកជន ក៏​ដូច​តាម​សាកលវិទ្យាល័យ​រដ្ឋ​ ព្រមទាំង​តាម​ទី​សាធារណៈ​ខ្លះ​ទៀត មន្ត្រី​អាជ្ញាធរ មន្ត្រី​ជំនាញ ពិសេស​គណៈ​គ្រប់គ្រង លោកគ្រូ​អ្នក​គ្រូ ​បាន​ពង្រឹង​វត្តមាន​ និង​ណែនាំ​ដល់​សិស្ស និស្សិត​កុំ​ឲ្យ​ភ្លើតភ្លើន ​ ហើយ​ផុងខ្លួន​ពី​ឥទ្ធិពល​របស់​ទិវា​នៃ​​ក្ដី​ស្រឡាញ់​ឬ Valentine’s Day ថ្ងៃ ទី​១៤ កុម្ភៈ​នេះ។​ ប៉ុន្តែ​នៅ​ខាងក្រៅ តាម​ដង​ផ្លូវ​នៅ​ក្រុង​សិរីសោភ័ណ ​និង​ក្រុង​ប៉ោយប៉ែត​ សកម្មភាព​អ្នកលក់​ផ្កា​កុលាប​មិនសូវ ផុលផុស​និង​ដាច់​ដូច​ឆ្នាំ​មុន​ៗ​នោះ​ទេ។

ចំពោះ​ការ​បង្ការ ទប់ស្កាត់ ការណែនាំ មាន​ខ្លឹមសារ​ពញ្ញាក់​សតិ​ស្មារតី​សិស្ស និស្សិត​សុំ​កុំ​យក​ថ្ងៃ​ទី​១៤​កុម្ភៈ ជា​ថ្ងៃ​នៃ​ក្តី​ស្រឡាញ់ ទៅ​ប្រែជា​ថ្ងៃបុណ្យ​សង្សារ ឬ​ថ្ងៃ​ធ្វើបុណ្យ ដាក់​ទាន លះបង់​ខ្លួនប្រាណ​បរិសុទ្ធ​ឲ្យ​សង្សារ​ឬ​ប្រុស​ស្នេហ៍ ស្រី​ស្នេហ៍​ឡើយ ​ពោល​គឺ​កុំ​ធ្វើ​អ្វី​ផ្ដេសផ្ដាស ដែល​នាំ​ឲ្យ​បាត់បង់​មរតក​វប្បធម៌​ប្រពៃណី​ដ៏​ល្អ​ផូរផង់​ជាតិ​របស់​ខ្មែរ​យើង។ ទិវា​ថ្ងៃ​នៃ​ក្ដី​ស្រលាញ់ ​បែប​គ្រិស្តសាសនា​ឬ​ព្រះ​យេស៊ូ នៃ​បណ្ដា​ប្រទេស​ នៅ​ទ្វីប​អឺរ៉ុប ទ្វីប​អាមេរិក ទ្វីប​អូសេអានី​ឯណោះ​ទេ៕

អត្ថបទ៖ ​គង្គា​