ក្រសួងកសិកម្ម​និង​អង្គការ IRRI ចុះ​កិច្ចព្រមព្រៀង​រយៈពេល​៤​ឆ្នាំ លើ​ការស្រាវជ្រាវ និង​ការ​បណ្ដុះបណ្ដាល​អំពី​ផលិតកម្ម​ដំណាំ​ស្រូវ​

ភ្នំពេញ ​៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន ព្រមព្រៀង ចុះហត្ថលេខា​លើ​ឯកសារ​ផែនការ ៤​ឆ្នាំ​ស្តីពី ” កិច្ចសហការ​រួមគ្នា​ក្នុង​ភាពជា​ដៃគូ​ សម្រាប់​កិច្ច​សហប្រតិបត្តិការ​វិទ្យាសាស្ត្រ បច្ចេកទេស ក្នុង​ការ​ស្រាវជ្រាវ និង​ការ​បណ្តុះបណ្តាល​អំពី​ផលិតកម្ម​ដំណាំ​ស្រូវ និង​ស្រូវ​ជា​មូលដ្ឋាន​ក្នុង​ប្រព័ន្ធ​ផលិតកម្ម​ស្បៀង​” ជាមួយ​វិទ្យាស្ថាន​ស្រាវជ្រាវ​ដំណាំ​ស្រូវ​អន្តរជាតិ (International Rice Research Institute, IRRI)​។ ពិធី​ចុះ​កិច្ចព្រមព្រៀង នេះ​បាន​ធ្វើឡើង នៅ ព្រឹក ថ្ងៃ​ពុធ​ទី​២០ ខែ​ឧសភា ឆ្នាំ​២០២០ រវាង លោក រដ្ឋមន្ត្រី វេ​ង សាខុន ជាមួយ​បណ្ឌិត Dr. Yurdi Yasmi តំណាង​អង្គការ IRRI ប្រចាំ​កម្ពុជា។​

​នា​ឪកាស​នោះ រដ្ឋមន្ត្រី​បាន​សម្តែង​ការ​ស្វាគមន៍ និង​គាំទ្រ​លើ​ផែនការ​នេះ ហើយ​តាមរយៈ Dr. Yurdi Yasmi ក្នុងនាម​ឲ្យ​រាជរដ្ឋាភិបាល និង​រូបលោក​ផ្ទាល់ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ថ្លែងអំណរគុណ​ជូន​ចំពោះ​វិទ្យាស្ថាន IRRI ដែល​បាន​និង​កំពុង​ដើរ​តួនាទី​យ៉ាង​សំខាន់ ​ក្នុង​កា​អភិវឌ្ឍ​ផលិតកម្ម​ដំណាំ​ស្រូវ​នៅ​កម្ពុជា ជាង​នេះទៅទៀត​បានរួម​ចំណែក​ធ្វើ​ឲ្យ​គុណភាព​អង្ករ​កម្ពុជា ​ត្រូវ​បាន​ទីផ្សារ​អន្តរជាតិ​ទទួល​ស្គាល់​ថា ​ជា​អង្ករ​មានគុណ​ភាព​ល្អ​បំផុត​។ លោក​រដ្ឋមន្ត្រី​សង្ឃឹម និង​ជឿ​ជាក់​ថា IRRI នឹង​នៅតែ​បន្ត​ជួយ​ដល់​ផលិតកម្ម​ដំណាំ​ស្រូវ​ឲ្យ​មាន​ការ​រីកចម្រើន​មួយ​កម្រិត​ទៀត​រួម​ទាំង​បច្ចេកវិទ្យា និង​ពូជ ជាពិសេស​ពូជ​គ្រឹះ (Foundation Seed) ដើម្បី​ចូលរួម​បង្កើន​ផលិតភាព​ផលិតកម្ម​ដំណាំ​ស្រូវ​ឲ្យ​មាន​ការ​រីកចម្រើន ឈាន​ទៅ​បង្កើន​សមត្ថភាព​ប្រកួតប្រជែង​ទីផ្សារ​ជាមួយ​ប្រទេស​ក្នុង​តំបន់ និង​ជាពិសេស​ជាមួយ​ប្រទេសជិតខាង​។​

ត្រង់​ចំណុច​នេះ លោក​រដ្ឋមន្ត្រី​បាន​គូស​បញ្ជាក់​ផង​ដែរ​ថា កិច្ច​សហ​ប្រតិបត្តិការ​លើ​ការអនុវត្ត​ផែន ការ​៤​ឆ្នាំ ត្រូវតែ​ពង្រឹង និង​ពង្រីក​បន្ថែម​មួយ​កម្រិត​ទៀត​ទាំង​ការងារ​វិទ្យាសាស្ត្រ បច្ចេកទេស និង​ផែនការ​ជា​យុទ្ធសាស្ត្រ​ភាពជា​ដៃគូ ដើម្បី​ឈាន​ទៅ​សម្រេច​គោលនយោបាយ និង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម ២០១៩-២០២៣ ក៏ដូចជា​គោលនយោបាយ​នាំចេញ​អង្ករ​របស់​រាជរដ្ឋាភិបាល​ផង​ដែរ​។ អ្វី​ដែល​សំខាន់​ គឺ​ត្រូវ​គាំទ្រ និង​លើកទឹកចិត្ត​ឲ្យ​វិស័យ​ឯកជន​ចូលរួម​ក្នុង​ការផលិត គ្រប់គ្រង និង​ផ្គត់ផ្គង់​ពូជស្រូវ​ឲ្យ​ដៃ​គូ​ផលិត ធ្វើ​យ៉ាង​នេះ​ទើប​យើង​អាច​ធានា​បាន​ទាំង​បរិមាណ និង​គុណភាព​អង្ករ​តាម​តម្រូវការ​ទីផ្សារ​។ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​បន្ត​ទៀត​ថា ឯកសារ​ផែនការ ៤​ឆ្នាំ ដែល​បាន​ចុះហត្ថលេខា​នា​ពេល​នេះ គឺ​មាន​សារសំខាន់​ ក្នុង​ការ​បំពេញ និង​ពង្រឹង​បន្ថែម​ ទៅលើ​ចំណុច​ខ្វះខាត​នៃ​ការអនុវត្ត​បច្ចេកទេស ការងារ​បណ្ដុះបណ្ដាល ការស្រាវជ្រាវ និង​ការ​ផ្សព្វផ្សាយ​ពូជស្រូវ​កម្ពុជា ក្នុង​ទិសដៅ​បង្កើន​ផលិតភាព​ផលិតកម្ម​ដំណាំ​ស្រូវ លើកកម្ពស់​គុណភាព​អង្ករ ពង្រឹង​ខ្សែ​ច្រវាក់​តម្លៃ​បន្ថែម និង​លើកកម្ពស់​សមត្ថភាព​ប្រកួតប្រជែង ឈាន​ទៅ​សម្រេច​គោលនយោបាយ​នៃ​ការនាំចេញ​អង្ករ​ ទៅកាន់​ទីផ្សារ​ពិភពលោក​នា​ពេល​អនាគត​ដ៏​ខ្លី​។​

​ឆ្លៀត​យក​ឱកាស​នេះ Dr. Yurdi Yasmi បាន​ថ្លែងអំណរគុណ​ចំពោះ​លោក​រដ្ឋមន្ត្រី​និង វិទ្យាស្ថាន CARDI និង​អគ្គនាយកដ្ឋាន​កសិកម្ម​ ដែល​បាន​ផ្តល់​កិច្ចសហការ​បាន​យ៉ាង​ល្អ​ប្រសើរ ហើយ​សង្ឃឹមថា​កិច្ចសហ​ប្រតិបត្តិការ​នេះ ​នឹង​ត្រូវ​ពង្រឹង​និង​ពង្រីក​ ដើម្បី​ចូលរួម​អភិវឌ្ឍ​វិស័យ​ផលិតកម្ម​ស្រូវ​កម្ពុជា ​ឲ្យ​មាន​ការ​រីក​ចម្រើន​បន្ថែម​ទៀត តាម​រយៈ​ពង្រីក​ការងារ​ស្រាវជ្រាវ ផ្សព្វផ្សាយ បណ្ដុះ​បណ្ដាល​បច្ចេកទេស​ផលិត និង​ជ្រើសរើស​ពូជ ផលិតកម្ម និង​ការរៀបចំ​គោលនយោបាយ​សំខាន់ៗ​ទាក់ទង​ផលិតកម្ម​ស្រូវ​កម្ពុជា និង​ការនាំចេញ​។​

​សូម​អនុញ្ញាត​ជម្រាប​ជូន​ថា វិទ្យាស្ថាន IRRI បាន​ធ្វើ​កិច្ចសហប្រតិបត្តិការ​ជាមួយ​ព្រះរាជាណាចក្រ​កម្ពុជា​លើ​ការ​អភិវឌ្ឍ​ផលិតកម្ម​ដំណាំ​ស្រូវ​តាំងពី​ឆ្នាំ​១៩៦៣​។ បន្ទាប់ពី​របប​ប៉ុលពត​ ត្រូវ​បាន​បញ្ចប់ នៅ​ឆ្នាំ​១៩៨៥ ទើប​កិច្ចសហប្រតិបត្តិការ​ចាប់​ផ្តើម​ដំណើរការ​ឡើងវិញ​។ នៅ​ឆ្នាំ​១៩៨៦ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ចុះហត្ថលេខា​លើ​ឯកសារ MOU ជាមួយ IRRI ហើយ MOU នេះ​ត្រូវបាន​ពន្យារ​សុពលភាព​រៀងរាល់ ៥​ឆ្នាំ​ម្តង​។ ក្នុង​កិច្ចសហប្រតិបត្តិការ​នេះ ភាគី​កម្ពុជា​ទទួល​បាន​នូវ​អត្ថប្រយោជន៍​សំខាន់ៗ​ចំនួន​០៤ គឺ​ទី​១. ការ​អភិវឌ្ឍ​ធនធានមនុស្ស ទី​២. ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ស្រាវជ្រាវ និង​មន្ទីរ​ពិសោធន៍ ទី​៣. ការស្រាវជ្រាវ និង​បញ្ចេញ​ពូជស្រូវ​ល្អៗ​ជូន​ដល់​កសិករ និង​ទី​៤. ការងារ​អភិរក្ស ពូជស្រូវ​ប្រពៃណី​របស់​កម្ពុ​ជាជាង​៦ ០០០​សំណាក យក​មក​ធ្វើការ​វាយតម្លៃ និង​កំណត់​លក្ខណៈ​ក្សេត្រ​វិទ្យា ព្រមទាំង​មានការ​ចង ក្រង​ឯកសារ​វិទ្យាសាស្ត្រ​តម្កល់​រក្សា​ទុក​ឲ្យ​អ្នកវិទ្យាសាស្ត្រ​ជំនាន់​ក្រោយ​ទៀត​ផង​។​ល​៕​

​អត្ថបទ៖ ឌួង​វិ​រះ​ជ័យ
សូមចុចអាន៖ ​ ចិនផ្តល់សាច់ប្រាក់​ដល់​កសិករ​ដើម្បី​​ឲ្យ​ពួក​គេ​​បោះបង់ការ​ធ្វើ​អាជីវកម្ម​លើ​សត្វព្រៃ