រំភើប​ជំនួស! ហង្ស ម៉ា​រ៉ានី ទិញ​កាដូរ​រថយន្ត​ស៊េរី​ទំនើប​តម្លៃ​រាប់​ម៉ឺន​ដុល្លារ​ ជូន​អ្នកមានគុណ ​នា​ទិវា​នៃ​ក្តី​ស្រឡាញ់

ភ្នំពេញ ​៖​ តារា​សម្ដែង​ស្រី​ អ្នកនាង ហង្ស មា​រ៉ានី ដែល​បច្ចុប្បន្ន​កំពុង​កាក់កប​ជាមួយ​មុខ​ជំនួញ​លក់​ផលិតផល​តាម​អន​ឡាញ​នោះ ​នាឱកាស​ នៃ​ទិវា​ក្តី​ស្រលាញ់​ឬ Velentine’s Day​ ថ្ងៃ​ទី​១៤​កុម្ភៈ​នេះ ​បាន​ធ្វើ​ឲ្យ​មហាជន​ភ្ញាក់ផ្អើល​ និង​សរសើរ​គ្រប់គ្នា ​បន្ទាប់ពី​តារា​ស្រី​រូបនេះ​ បានបង្ហាញ​រូបភាព​ នៃ​កាដូរ​រថយន្ត​ស៊េរី​ទំនើប​តម្លៃ​រាប់​ម៉ឺន​ដុល្លារ​ជូន​ដល់​អ្នកមានគុណ​យ៉ាង​រំភើប​។​

ក្រៅពី​ការទិញ​កាដូរ​រថយន្ត​ជូន​ចំពោះ​អ្នកមានគុណ​នេះដែរ ​អ្នកនាង ហង្ស ម៉ា​រ៉ានី បាន​រៀបរាប់​ដូច្នេះ​ថា ​កុំ​ប្រើពាក្យ​ថា​ចាំ​សិនៗ ចាំ​បន្តិចទៀត​សិន ចាំ​ឆ្នាំក្រោយ​សិន ចាំ​មាន​អ្វីៗ​ច្រើនជាង​នឹង​សិន ចាំ​មាន​លុយ​ជាង​នឹង​សិន ចាំ​មាន​អ្វីៗ​គ្រប់សព្វ​សិន។​ ចុះ​មាន​សួរ​អត់ថា ​ពេល​ម្តាយ​ឪពុក​យើង​គាត់​ចិញ្ចឹម​យើង​ តើ​គាត់​មាន​ប្រើ​ពាក្យ​ថា​ចាំៗ​អញ្ចឹង​អត់?។

អ្នកនាង ហង្ស ម៉ា​រ៉ានី បាន​និយាយ​ទៀត​ថា ​បើ​គិតតែ​ពី​ចាំ​ និង​ប្រហែល​ យើង​គ្មាន​ថ្ងៃនេះ​ទេ បើ​គិត​តែ​ពេល​ចាំ​ ប្រហែលជា​កូនៗ​មិនបាន​រៀនសូត្រ​ចេះដឹង​ដូច​ឥឡូវ​ទេ ចូរ​គិតថា​ មាន​ប៉ុន្មាន​ធ្វើ​ជូន​គាត់​ប៉ុណ្ណឹង​ទៅ តាម​សមត្ថភាព តាម​លទ្ធភាព ដែល​យើង​មាន អ្នកណា​ក៏​រវល់ អ្នកណា​ក៏​ប្រឹង ព្រោះ​ចង់​ឲ្យ​គ្រួសារ​រីកចម្រើន បើ​មិន​ឆ្លៀត​ទេ អាល័យតែ​ចាំ អាច​យឺត​ពេល​ក៏​ថា​បាន​។​ កុំ​ចាំ​ដល់​អ្វីៗ​ហួស​ពេល ទើប​ប្រាប់ថា ​ស្តាយក្រោយ ធ្វើបុណ្យ​ទាន់​ខែភ្លឺ ម្តាយ​ឪពុក​ខំ​ណាស់ ខំ​ដើម្បី​កូន ទោះ​ឈឺ​ជា នឿយ​ហត់ ញើស​ហូរ​សស្រាក់ មិនដែល​រអ៊ូ​ថា​ អត់​ណាស់ ​ពិបាក​ណាស់​ទេ ដើម្បី​អ្នកណា ​គឺ ​ដើម្បី​កូន​។​

តារា​ស្រី​រូប​នេះ​បន្ត​ថា ​ពេលខ្លះ​សុខចិត្ត​អត់​ហូប​ខ្លួនឯង ​ឲ្យ​តែ​កូន​បាន​ឆ្អែត ​ពេលខ្លះ​អត់​ហ៊ាន​ទិញ​សម្លៀកបំពាក់​ល្អៗ​ពាក់​ទេ​ ឲ្យ​តែ​កូន​បាន​ស្អាត​ល្អ មិន​ហ៊ាន​ទិញ​សម្ភារៈ​ប្រើប្រាស់​ទំនើបៗ​ខ្លួនឯង​ទេ តែ​ទិញ​ឲ្យ​កូន​ប្រើ​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​ លោក​ទាំង​២​កាន់តែ​វ័យចាស់​ទៅៗ ​សក់​ខ្មៅ​ទៅជា​ស ដៃ​ស្អាត​ល្អ​ទៅជា​ជ្រួញ ពេលខ្លះ​ឈឺ ក៏​មិន​ហ៊ាន​ប្រាប់​កូន​ថា ​ឈឺ​ផង​ លោក​នៅតែ​ផ្តល់​ស្នាមញញឹម កម្លាំង​ចិត្ត​ដល់​កូន​គ្រប់ពេល លោក​មិនដែល​ទាមទារ​អ្វី​ពី​កូន​ទេ មានតែ​ឲ្យ​​កូន​បន្ថែម លះបង់​គ្រប់យ៉ាង​ដើម្បី​កូន សូម្បី​ជីវិត លែង​គិតពី​ខ្លួនឯង​ឲ្យ​តែ​កូន​បាន​សុខ និង​រីកចម្រើន​។​

ចុះ​យើង​មាន​សួរ​ខ្លួនឯង​អត់​? ថា​យើង​អាយុ​ប៉ុន​នេះ​បានធ្វើ​អ្វី​ដើម្បី​គាត់​ខ្លះ​នៅ? ​បាន​លះបង់​អ្វីខ្លះ​ដើម្បី​គាត់​នៅ​?​ គាត់​លះបង់​មួយ​លាន​មុខ ដើម្បី​កូនៗ​បាន ​សូម្បី​សេចក្តីសុខ​ខ្លួនឯង​ តែ​យើង​បានធ្វើ និង​លះបង់​ដើម្បី​លោក​បាន​ប៉ុន្មាន​ភាគរយ ​នៃ​គាត់​លះបង់​ឲ្យ​យើង​នៅ?​ ថ្ងៃនេះ​កូនៗ​ទាំងអស់គ្នា​សូម​ជូន​កាដូរ​ដល់​លោក​ទាំង​៤ ​និង​ចង់​ប្រាប់ថា ​អរគុណ​សម្រាប់​ការ​មើល​ថែទាំ​កូនៗ​តាំងពី​បាតជើង​ក្រហម រហូតដល់​សព្វថ្ងៃ​បាន​យ៉ាង​ល្អ អរគុណ​សម្រាប់​ការ​លះបង់​ដ៏​ធំធេង​មហិមា​របស់​លោក​ទាំង​៤​ចំពោះ​កូនៗ​ចង់​ប្រាប់ថា​កូនៗ​ចង់ឃើញ​ស្នាមញញឹម​របស់​លោក​ទាំង​៤​បែបនេះ​រៀង​រហូត​។​ នេះ​ជា​ពាក្យ​បន្ថែម​របស់ ហង្ស ម៉ា​រ៉ានី។

ទង្វើ និង​សកម្មភាព​របស់​ តារា​សម្ដែង​ស្រី​ កញ្ញា ហង្ស ម៉ា​រី​នី ដើម្បី​អ្នកមានគុណ​នេះ​បាន​ធ្វើ​ឲ្យ​មហាជន ​និង​អ្នកគាំទ្រ​ជាច្រើន​សរសើរ​ចំពោះ​ទឹកចិត្ត​របស់​នាង​ក្នុងនាម​ជា​បុគ្គល​គំរូ​ល្អ​សម្រាប់​កូនៗ​ឬ​យុវវ័យ​ដទៃ​ទៀត​ដែល​គួរ​តែ​យក​តម្រាប់​តាម​ អ្នកនាង ហង្ស ម៉ា​រ៉ានី ដើម្បី​ក្លាយ​ជា​កូន​ល្អ​ និង​បុគ្គល​ល្អ ជា​គំរូ​ដល់​សង្គម​៕


អត្ថបទ ៖ ចាន់​រ៉ា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114