អ្នកនាំពាក្យ ​៖ ​ករណី​ជនជាតិ​វៀតណាម​ដែល​រក​ឃើញ​ឆ្លង​វីរុស​កូ​រ៉ូ​ណា​បន្ទាប់ពី​វិលត្រឡប់​ពី​កម្ពុជាមាន​ត​ម្រុយ​ខ្លះៗ​ហើយ

ភ្នំពេញ ​៖ ​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​បាន​អះអាងថា​ ករណី​បុរស​ជនជាតិ​វៀតណាម​ម្នាក់​ដែល​បាន​រកឃើញ​ឆ្លង​វីរុស​កូ​រ៉ូ​ណា​បន្ទាប់ពី​វិលត្រឡប់​ពី​កម្ពុជា​នោះ​ ក្រសួង​មាន​តម្រុយ​ខ្លះៗ​ហើយ​ទាក់ទិន​នឹង​អ្នក​ប៉ះពាល់​ជាមួយ​បុរស​នោះ​ ប៉ុន្តែ​ក្រសួង​ត្រូវការ​ពេលវេលា​បន្ត​អង្កេត​ស្រាវជ្រាវ​បន្ថែមទៀត​។

លោក​វេជ្ជបណ្ឌិត លី​សូ​វ៉ាន់ អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​បាន​មានប្រសាសន៍​ កាលពី​ព្រឹក​ថ្ងៃទី​១៨​ខែឧសភា​ថា​ «​ករណីនេះ​ក្រសួង​មាន​តម្រុយ​ខ្លះៗ​ហើយ ប៉ុន្តែ​ក្រសួង​កំពុង​បន្ត​អង្កេត​ស្រាវជ្រាវ​បន្ត​ឲ្យ​បានច្បាស់លាស់​បន្ថែមទៀត​»។

ការ​បន្ត​ស្រាវជ្រាវ​នេះ​បន្ទាប់ពី​មាន​សារព័ត៌មាន VNExpress របស់​វៀតណាម បាន​ចុះផ្សាយ​ថា​បុរស​វៀតណាម​វ័យ ៣៩​ឆ្នាំ នៅ​ស្រុក​តាន់​ចូ​វ ខេត្ត​តា​យ​និ​ញ ស្ថិត​នៅ​ជាប់​ព្រំដែន​កម្ពុជា ត្រូវបាន​រកឃើញ​ឆ្លង​មេរោគ​កូ​វីដ​១៩ កាលពី​ថ្ងៃទី​១៦ ខែឧសភា​បន្ទាប់ពី​វិលត្រឡប់​ពី​ប្រទេស​កម្ពុជា​។

លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន រដ្ឋលេខាធិការ​និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃទី​១៧​ឧសភា​ថា ករណីនេះ​មិន​មាន​ភាព​ជាក់លាក់ ហើយក៏​មិនអាច​នឹង​វាយ​តម្លៃ​ថា ការ​ចម្លង​នេះ គឺ​កើត​ចេញពី​ប្រទេស​កម្ពុជា​យើង​ដែរ ដោយសារ​បុគ្គល​នោះបាន​ទៅដល់​ប្រទេស​វៀតណាម បើ​គិត​ទៅ​ហួស​ពី ១៤​ថ្ងៃ​ទៅ​ហើយ ​មកទល់​ពេលដែល​សារ​ព័​ត៌​មាន​នោះបាន​ចុះផ្សាយ​ថា រក​ឃើញ​វិជ្ជមាន​នោះ​ព្រោះថា​ បុរស​ជនជាតិ​វៀតណាម​រូបនោះ បាន​ធ្វើ​ដំណើរ​ទៅ​ខេត្តសៀមរាប​កាលពី​ថ្ងៃទី​១០ ខែមករា ហើយ​បាន​ធ្វើ​ដំណើរ​ឆ្លងដែន​ដោយ​ខុសច្បាប់​ត្រឡប់​ទៅ​វៀតណាម​វិញ​កាលពី​ថ្ងៃទី​២ ខែឧសភា មុននឹង​ត្រូវ​បាន​ធ្វើតេស្ត​រក​ឃើញ​វីរុស​នៅ ១៤​ថ្ងៃក្រោយ​។

តែ​យ៉ាងណាក៏ដោយ លោកស្រី​បាន​បញ្ជាក់​ថា ក្រសួងសុខាភិបាល នៅតែ​ប្រកាន់​ជំហរ​សហប្រតិបត្តិការ​ល្អ មាន​តម្លាភាព​ជានិច្ច និង​បន្ត​ការ​យកចិត្តទុកដាក់​ស្រាវជ្រាវ​ជា​បន្តទៀត។

លោកស្រី បាន​បញ្ជាក់​បន្ថែម​ទៀត​ថា ​«​មកដល់ពេលនេះ​នៅតែ​គ្មាន​ព័ត៌មាន​ផ្លូវការ​ពី​វៀតណាម​ហើយ​យើង មិនទាន់​មាន​រក​ឃើញ​អ្នកមាន​វីរុស​កូ​វីដ​-១៩ ថ្មី​នោះ​ដែរ​។ ហើយ​ប្រសិនបើ​មាន ក្រសួង​នឹង​ជម្រាបជូន​ហើយ​»​។

បើ​តាម​សារព័ត៌មាន​វៀតណាម បុរស​វៀតណាម​រូប​នេះ បានធ្វើ​ដំណើរ​តាម​ម៉ូតូឌុប​ដឹក​ដោយ​បុរស​ជនជាតិ​កម្ពុជា ទៅកាន់​ផ្ទះ​ម្ដាយមីង​របស់​ខ្លួន​ស្ថិតនៅ​ស្រុក​តាន់​ចូ​វ​។ ក្រោយពី​ម្ដាយមីង​របស់​គាត់​ផ្ដល់​យោ​បល់ បុរស​រូបនេះ​បាន​រាយការណ៍​ពី​ការវិលត្រឡប់​របស់​ខ្លួន​ទៅ​ស្ថានីយ​ប៉ូលិស​ក្បែរ​នោះ ហើយ​ត្រូវ​បាន​ដាក់​ឲ្យ​ស្ថិតនៅ​ដាច់ដោយឡែក​១៤​ថ្ងៃ​នៅ​ថ្ងៃទី​៣ ខែឧសភា​។ សំណាក​ឈាម​របស់​គាត់ ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​យក​ទៅ​តេស្ត ហើយ​លទ្ធផល​បង្ហាញថា គាត់​មិនបាន​ឆ្លង​ជំងឺ​កូ​វីដ​១៩​នោះឡើយ​។

ប៉ុន្តែ ការ​ធ្វើ​តេស្ត​លើក​ទី​ពីរ​កាលពី​ថ្ងៃ​សុក្រ​ទី​១៥​ឧសភា​កន្លង​មក​នេះ បង្ហាញថា គាត់​បាន​ឆ្លង​វីរុស ហើយ​ត្រូវបាន​ដាក់​ឲ្យ​ស្ថិត​ក្រោម​ការព្យាបាល​នៅ​មន្ទីរពេទ្យ​ទូទៅ​ខេត្ត​តា​យ​និ​ញ​ដោយមាន​មនុស្ស ១៧​នាក់​ផ្សេងទៀត ដែល​បាន​ប្រាស្រ័យ​ទាក់ទង​ជាមួយ​គាត់ ត្រូវ​បាន​មន្ត្រី​សុខាភិបាល​នាំ​យក​ទៅ​ដាក់​ក្នុង​បន្ទប់​ដាច់ដោយឡែក​ផងដែរ​៕
សំអឿន



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114