BREAKING NEWS
Search

វៀតណាមកុម្ម៉ង់ទិញវ៉ាក់សាំងកូវីដរបស់រុស្ស៊ី

ក្រសួងសុខាភិបាលវៀតណាមបានចុះឈ្មោះដើម្បីទិញវ៉ាក់សាំងកូវីដរបស់រុស្ស៊ីស្របពេលប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះកំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងជាថ្មីនៃវីរុសកូរ៉ូណា។

ប្រទេសរុស្ស៊ីបាននិយាយកាលពីថ្ងៃពុធថា វ៉ាក់សាំងកូវីដមួយឈុតធំដំបូងបង្អស់របស់ពិភពលោកនឹងត្រូវដាក់ឲ្យដំណើរការក្នុងរយៈពេល២សប្តាហ៍ខាងមុខដោយបដិសេធការព្រួយបារម្ភរបស់អ្នកជំនាញមួយចំនួនអំពីសុវត្ថិភាពនៃវ៉ាក់សាំងដ៏ឆាប់រហ័សរបស់រុស្ស៊ីនេះ។

ដោយដកស្រង់សម្តីក្រសួងសុខាភិបាលវៀតណាម ទូរទស្សន៍វៀតណាម (VTV) បាននិយាយថា “ក្នុងពេលនេះ ប្រទេសវៀតណាមនៅតែបន្តអភិវឌ្ឍវ៉ាក់សាំងកូវីដផ្ទាល់ខ្លួនរបស់ប្រទេស”។

ក្រសួងមិនបានបញ្ជាក់ថាតើវ៉ាក់សាំងរុស្ស៊ីចំនួនប៉ុន្មានដូសដែលខ្លួនបានកុម្ម៉ង់ទិញឬនៅពេលណាដែលខ្លួនរំពឹងថានឹងទទួលបាននោះទេ។ ក្រសួងបានឲ្យដឹងកាលពីខែមុនថា វ៉ាក់សាំងផលិតដោយផ្ទាល់របស់ប្រទេសវៀតណាមនឹងមាននៅចុងឆ្នាំ២០២១។

ពីដំបូងឡើយ ប្រទេសវៀតណាមត្រូវបានគេសាទរចំពោះការទប់ស្កាត់ជំងឺកូវីដតាមរយៈការធ្វើតេស្ត ការតាមដានទំនាក់ទំនងនិងការធ្វើចត្តាឡីស័កប៉ុន្តែឥឡូវនេះខ្លួនកំពុងតស៊ូជាមួយការឆ្លងរោគនៅទីតាំងជាច្រើនដែលជាប់ទាក់ទងនឹងទីក្រុង Danang ដែលជាកន្លែងការផ្ទុះឡើងថ្មីត្រូវបានគេរកឃើញកាលពីថ្ងៃទី២៥ខែកក្កដា។

គិតត្រឹមថ្ងៃសុក្រទី១៤ខែសីហានេះ ប្រទេសវៀតណាមបានរាយការណ៍ថាមានអ្នកឆ្លងសរុបចំនួន៩១១នាក់និងមានអ្នកស្លាប់ចំនួន២១នាក់។

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានព្រមានថា ហានិភ័យនៃការរីករាលដាលនៃមេរោគនេះគឺខ្ពស់ណាស់ហើយបាននិយាយថា នៅប៉ុន្មានថ្ងៃខាងមុខនេះគឺជាពេលវេលាដ៏សំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃវីរុស៕

ចុចអាន៖ វ៉ាក់សាំងការពារកូវីដនឹងចែកចាយដោយឥតគិតថ្លៃសម្រាប់ប្រជាជនអាមេរិកទាំងអស់

ចុចអាន៖ រុស្ស៊ីស្នើសុំជួយអាមេរិកផលិតវ៉ាក់សាំងតែអាមេរិកនិយាយថា “NO!”

ប្រែសម្រួលដោយ៖ វណ្ណវណ្ណ

ប្រភព៖ Reuters