វៀតណាមត្រៀមធ្វើតេស្តវ៉ាក់សាំង COVID-19 ដំណាក់កាលទី២ ក្រោយការធ្វើតេស្តដំបូងទទួលលទ្ធផលល្អ

វ៉ាក់សាំង Covid-19 មានសក្តានុពលមួយដែលផលិតនៅប្រទេសវៀតណាមនឹងត្រូវបានធ្វើតេស្តលើសត្វកណ្តុរចំនួន ៣០ ដើម្បីកំណត់ពីកម្រិតប្រសិទ្ធភាពខ្លាំងបំផុតរបស់វា។

វេជ្ជបណ្ឌិត Do Tuan Dat ប្រធានក្រុមហ៊ុន VABIOTECH ដែលមានមូលដ្ឋាននៅទីក្រុងហាណូយបាននិយាយថាការធ្វើតេស្តិ៍ដំណាក់កាលទី ២ នឹងត្រូវធ្វើឡើងនៅដើមខែមិថុនា។

ក្នុងដំណាក់កាលសាកល្បងដំបូង កណ្តុរចំនួន ៥០ នៅក្នុងមន្ទីរពិសោធន៍នៅតែមានសុខភាពល្អ ២ សប្តាហ៍បន្ទាប់ពីពួកវាត្រូវបានចាក់វ៉ាក់សាំងកាលពីថ្ងៃទី ២៦ ខែមេសា។

នៅថ្ងៃទី ១៤ ខែឧសភា ក្រុមអ្នកស្រាវជ្រាវបានបញ្ជូនសំណាកឈាមរបស់សត្វកណ្តុរទៅវិទ្យាស្ថានសុខាភិបាល និងរោគរាតត្បាតជាតិដើម្បីធ្វើការវាយតម្លៃដំបូង។

វ៉ាក់សាំងនេះត្រូវបានបង្កើតឡើងក្រោមការសហការរវាងអ្នកវិទ្យាសាស្ត្រនៃសាកលវិទ្យាល័យ VABIOTECH និងសាកលវិទ្យាល័យ Bristol របស់ចក្រភពអង់គ្លេស។

វេជ្ជបណ្ឌិត Dat បាននិយាយថាចាប់តាំងពីចុងខែមករានៅពេលដែលជំងឺ COVID-19 រាតត្បាតនៅប្រទេសវៀតណាម អ្នកស្រាវជ្រាវនៅ VABIOTECH ក៏បានធ្វើការជាមួយអ្នកវិទ្យាសាស្ត្រនៅសាកលវិទ្យាល័យ Bristol ដើម្បីផលិតវ៉ាក់សាំងការពារជំងឺនេះ។

ប្រសិនបើការធ្វើតេស្តបង្ហាញថាទទួលបានជោគជ័យលើសត្វកណ្តុរម្ដងទៀត ក្រុមស្រាវជ្រាវនឹងស្វែងរកថវិកាពីទីភ្នាក់ងារអន្តរជាតិដើម្បីបន្តការងាររបស់ពួកគេទៅមុខទៀត។

ក្រុមហ៊ុនប៉ាន់ស្មានថាពួកគេនឹងចំណាយពេលយ៉ាងហោចណាស់ ១២-១៨ ខែដើម្បីបង្កើតវ៉ាក់សាំង Covid-19 ដែលអាចប្រើប្រាស់លើមនុស្សដោយសុវត្ថិភាព។

វ៉ាក់សាំងជាទូទៅត្រូវបានគេចាត់ទុកថាជាមធ្យោបាយដ៏មានប្រសិទ្ធភាពបំផុតក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុស តែបច្ចុប្បន្ននេះមិនមានវ៉ាក់សាំង ឬថ្នាំដែលត្រូវបានអនុម័តឲ្យប្រើយ៉ាងផ្លូវការសម្រាប់វីរុស Covid-19 ដែលបានឆ្លងមនុស្សជាង ៥ លាននាក់ និងសម្លាប់មនុស្សជាង ៣៣ម៉ឺននាក់ហើយនោះទេ។

ខណៈពេលនេះ គម្រោងអភិវឌ្ឍន៍វ៉ាក់សាំង Covid-19 ប្រហែល ១៥០ គម្រោងកំពុងត្រូវបានអនុវត្តនៅទូទាំងពិភពលោក។ ក្នុងនោះមានវ៉ាក់សាំងចំនួន ៨ បានចាប់ផ្តើមសាកល្បងមនុស្ស។ កាលពីថ្ងៃចន្ទ ក្រុមហ៊ុន Moderna ដែលជាក្រុមហ៊ុនជីវបច្ចេកវិទ្យាជីវសាស្ត្ររបស់រដ្ឋម៉ាសាឈូសេតបានប្រកាសពីលទ្ធផលគួរឲ្យមានសង្ឃឹមលើកដំបូងពីការធ្វើតេស្តសុវត្ថិភាពសម្រាប់មនុស្សដំបូងលើអ្នកស្ម័គ្រចិត្ត ៨ នាក់។

សម្រាប់ប្រទេសវៀតណាមដែលខានរកឃើញករណីឆ្លងក្នុងស្រុកថ្មីជាង ១ខែហើយ ចំនួនសរុបអ្នកឆ្លងមានចំនួន ៣២៤ ករណី គិតត្រឹមថ្ងៃសុក្រនេះ ដែលក្នុងនោះមាន ៦០ ករណីនៅកំពុងព្យាបាល ក្រៅពីនោះគឺបានជាសះស្បើយ និងមិនមានអ្នកស្លាប់ទេ ៕

ចុចអាន៖ កូវីដ១៩ឆ្លងដល់មនុស្ស ៥លាននាក់ ខណៈតំបន់មួយកំពុងវ៉ាមុខអាមេរិក និងអឺរ៉ុបលើចំនួនករណីឆ្លងថ្មី ៣ថ្ងៃជាប់គ្នា

ចុចអាន៖ វៀតណាមបញ្ជូនយន្តហោះដឹកពលរដ្ឋខ្លួនរាប់រយនាក់ចេញពីឥណ្ឌានិងថៃ មកប្រទេសខ្លួនវិញ

ប្រែសម្រួល៖ វ៉ាន់ថន
ប្រភព៖ vnexpress