​​វៀតណាមសម្រេចិត្ត​បិទ​ឃុំ​ដែលមានមនុស្ស ១០៦០០នាក់ ក្រោយ​មាន​ផ្ទុះ​វីរុស​កូរ៉ូណា​ច្រើន​នៅ​តំបន់នោះ

អាជ្ញាធរ​នៅ​ខេត្ត Vinh Phuc ភាគ​ខាងជើង​ប្រទេស​វៀតណាម​​ បាន​សម្រេច​បិទ​ឃុំ​​ដែលមានចំនួនមនុស្ស ១០៦០០នាក់ ដើម្បី​គ្រប់គ្រង​ការ​រាតត្បាត​នៃ​ជំងឺ​ឆ្លង​វីរុស​កូរ៉ូណា COVID-19 ។ លោក Le Duy Thanh អនុ​ប្រធាន​គណៈ​ធម្មាធិការ​ប្រជាជន​ខេត្ត​បាន​ប្រាប់​កាសែត Tuoi Tre កាល​ពី​ថ្ងៃ​ពុធ​ថា ​រដ្ឋបាល​ឃុំ Son Loi ដែល​មាន​ទីតាំង​នៅ​ស្រុក Binh Xuyen បាន​សម្រេចចិត្ត​បិទ​ឃុំ​នេះជា​បណ្ដោះ​អាសន្នសិន។

ខេត្ត Vinh Phuc  ត្រូវ​បាន​គេ​ចាត់ទុកថា​ជា​ចំណុច​​រីក​រាលដាល​នៃ​ជំងឺ COVID-19 នៅ​ប្រទេស​វៀតណាម ​ខណៈ​អ្នក​ជំងឺ ១០ នាក់​ក្នុង​ចំណោមអ្នកឆ្លង ១៥ នាក់​នៅ​ក្នុង​ប្រទេស​វៀតណាម​គឺស្ថិត​ក្នុង​ខេត្តនេះ ។ អ្នក​ជំងឺដែលឆ្លង COVID-19 ពាក់​កណ្ដាលគឺ​រស់នៅ​ក្នុង​ឃុំ Son Loi ដែល​មាន​ប្រជាជន ១០៦០០ នាក់ លោក Thanh ក៏បាននិយាយ​ថា ការបិទ​ឃុំ​គឺ​ចាំបាច់​ដើម្បី​ការពារ​សុខភាព​របស់អ្នក​ស្រុកតែប៉ុណ្តោះ។

​នៅ​រសៀល​ថ្ងៃ​ពុធ​ ក្រុម​ប្រឹក្សា​ប្រជាជន​ខេត្តបានប្រជុំគ្នា ហើយ​យល់ព្រម​ផ្ដល់​ជូន​អ្នក​ស្រុក​ម្នាក់ៗ​នៅ​ក្នុង​ឃុំ​ដោយ​មាន​ប្រាក់​ឧបត្ថម្ភ​ប្រចាំថ្ងៃ​ចំនួន ៤០០០០ ដុង (១៧ ដុល្លារ) និង ៦០០០០ ដុង​បន្ថែម​ទៀត (២៥ ដុល្លារ) សម្រាប់​គ្រួសារ​ដែល​ត្រូវ​បាន​ដាក់​ឲ្យដាច់​ដោយ​ឡែក​ពី​គ្នា ហើយមន្ទីរ​ឧស្សាហកម្ម​និង​ពាណិជ្ជកម្ម​ខេត្ត​ជា​អ្នក​ទទួល​បន្ទុក​ក្នុង​ការ​ធានា​ការ​ផ្គត់ផ្គង់​នូវ​តម្រូវ​ការ​ចាំ​បាច់​របស់​ប្រជាជន​នៅ Son Loi ។

គួរ​បញ្ជាក់​ថា​ ជំងឺ​ឆ្លង​ដែល​ត្រូវ​បាន​ដាក់​ឈ្មោះ​ជា​ផ្លូវ​ការ​ថា COVID-19 ដោយ​អង្គការ​សុខភាព​ពិភពលោក (WHO) កាល​ពី​ថ្ងៃ​អង្គារ​ បាន​សម្លាប់​មនុស្ស ១៣៦៣ នាក់​និង​ឆ្លង​ជាង ៦០១០០ នាក់​នៅ​ទូទាំង​ពិភពលោក​ ចាប់​តាំង​ពី​វា​បាន​កើត​មាន​ជា​លើក​ដំបូង​នៅ​ទីក្រុងអ៊ូហាន ​របស់​ប្រទេស​ចិន​ នៅ​ខេត្ត​ហ៊ូប៉ី​កាល​ពី​ខែ​ធ្នូ​ឆ្នាំ ២០១៩ ។

ទី​ភ្នាក់ងារ​ព័ត៌មាន​រ៉យទ័រ​បាន​រាយការណ៍មក​ថា ​ហ៊ូប៉ីក៏​បាន​រាយការណ៍​អំពី​ការ​កើន​ឡើង​នៃ​ការ​ឆ្លង​ដែល​ត្រូវ​បាន​បញ្ជាក់​ដោយ​ករណី​ចំនួន ១៤៨៤០។ រហូតមកដល់​ពេលនេះ ​ប្រទេស​វៀតណាម​បាន​បញ្ជាក់​ថា​មាន​ករណី​ឆ្លង​វីរុស​ចំនួន ១៥ ករណី ​ក្នុង​នោះ​មាន​ជនជាតិ​វៀតណាម ១២ នាក់ ​អាមេរិក​ម្នាក់​ និង​ចិន ២ នាក់​ហើយ​ក្នុង​នោះ ៧ នាក់​បាន​ជា​សះស្បើយ​ ៕

 

ចុចអាន៖​ ប្រទេស​ថៃថា ភាព​ជោគជ័យ​របស់​មន្ទីរពេទ្យ Rajavithi ក្នុង​ការ​ព្យាបាល​អ្នក​ជំងឺ​​កូរ៉ូណា​គឺ​ជា “ការ​សាកល្បង​ដែល​អាច​គ្រប់គ្រង​បាន”

ចុចអាន៖ ភោជនីយដ្ឋាន​នៅ​ឈៀងម៉ៃ​​ ដាក់​ផ្លាក​សញ្ញា​ហាម​ឃាត់​ជនជាតិ​ចិន​ចូល​ ត្រូវ​សមត្ថកិច្ច​ចុះ​ណែនាំ

 

ប្រែសម្រួល៖សាង ស្រីល័ក្ខ