មិន​ដឹង​រឿង​អី ដើរ​ចាក់​ទឹក​អាជីវករ​នៅ​ផ្សារ​ដងទង់​ចោល រួច​ទាញ​កៅអី​គប់​អាជីវករ និង​ប្រុង​យក​ប៉័ងតោ​កាប់​ទៀត​

​កោះកុង ៖ កម្លាំង​អាវុធហត្ថ​ក្រុង​ខេមរភូមិន្ទ បាន​ធ្វើ​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ នៅ​ចំណុច​តូប​លក់​ត្រី​ក្នុង​ផ្សារ​ដងទង់ ស្ថិត​ក្នុង​ភូមិ​១ សង្កាត់​ដងទង់ ក្រុង​ខេមរភូមិន្ទ ពាក់ព័ន្ធ​ករណី​ហិង្សា​មាន​ស្ថាន​ទម្ងន់​ទោស កាលពី​វេលា​ម៉ោងជាង​៦​ល្ងាច ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ ឆ្នាំ​២០២០។​

​បើ​តាម​ការ​បញ្ជាក់​ពី​លោក កាយ ប៊ុ​ន្នី​ម មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​ខេមរភូមិន្ទ បាន​ឲ្យ​ដឹង​ថា មុន​កើតហេតុ​ ជនសង្ស័យ​ឈ្មោះ ទុយ ចម្រើន ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​កម្មករ​ក្នុង​ផ្សារ មាន​ទីលំនៅ​ភូមិ​ស្ទឹង​វែង សង្កាត់​ស្ទឹង​វែង ក្រុង​ខេមរភូមិន្ទ ខេត្ត​កោះកុង បាន​ដើរ​ចាក់​ទឹក​សម្រាប់​លាង​បន្លែ​និង​ត្រី​របស់​អាជីវករ​លក់​ដូរ​ចោល។ នៅ​ពេល​នោះ​ជនរងគ្រោះ​ឈ្មោះ កែវ ឡា​ត់ ភេទ​ស្រី អាយុ​៥២​ឆ្នាំ មុខរបរ​លក់​ត្រី​ក្នុង​ផ្សារ រស់នៅ​ភូមិ​៤ សង្កាត់​ដងទង់ ក្រុង​ខេមរភូមិន្ទ បាន​ឃើញ​ក៏​សួរ​ជន​សង្ស័យ​ថា ហេតុអ្វី​បានជា​ដើរ​ចាក់​ទឹក​គេ​ចោល​បែបនេះ។ ពេលនោះ​អ្នក​ទាំង​២​ក៏បាន​ឈ្មោះ​ប្រកែក​គ្នា ស្រាប់តែ​ជនសង្ស័យ​បាន​ដើរ​ទៅ​យក​កៅអី​ជ័រ​គប់​មក​លើ​ជនរងគ្រោះ​ តែ​មិន​ត្រូវ​ទើប​ជនសង្ស័យ​ទាញ​កាំបិត​ប៉័ងតោ​បម្រុង​នឹង​កាប់​ជនរងគ្រោះ ក៏​ត្រូវ​បាន​ប្រជាពលរដ្ឋ​និង​កម្លាំង​អាវុធហត្ថ​ដែល​ឈរជើង​នៅ​តាម​គោលដៅ​ផ្សារ​ចុះ​អន្តរាគមន៍​ និង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ភ្លាមៗ ដោយ​ដកហូត​បាន​វត្ថុតាង​កាំបិត​ប៉័ងតោ ១​ដើម កៅអី​ជ័រ​១ ។​

​ក្រោយ​ការ​ឃាត់​ខ្លួន​ កម្លាំង​អាវុធហត្ថ​ក្រុង​បាន​ធ្វើការ​សាកសួរ​បន្ថែ​ម និង​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ជនសង្ស័យ​ទៅកាន់​សាលាដំបូង​ខេត្ត​កោះកុង​ចាត់ការ​តាម​នីតិ​វិធី៕

 

​ដោយ​៖ លឹម ហួរ​