ខឹង​ពូកែ​រុះរើ​អីវ៉ាន់​ ទាញ​ដំបង​វាយ​បំបែក​ក្បាល ​អ្នករបួស​ដេកពេទ្យ​ អ្នក​បង្ក​ដេក​គុក

ភ្នំពេញ ​៖ ​បុរស​ពីរ​នាក់​ ជា​អ្នក​រស់នៅ​ជិតខាង​ បាន​ប្រើ​ហិង្សា​ដាក់គ្នា ​ព្រោះ​ភាគី​បង្ក​ប្រាប់​ជនរង​គ្រោះ​មិន​ឲ្យ​រុះរើ​ឥវ៉ាន់​ តែ​ជនរងគ្រោះ​មិន​ស្ដាប់​ ក៏​វាយ​សំពង​ក្បាល​រង​របួស​ធ្ងន់។

តាម​ប្រភព​ពី​ លោក​វរសេនីយ៍ទោ​ម៉ៅ សឿត​ អធិការរង​នគរបាល​ខណ្ឌ​ច្បារអំពៅ​ទទួលបន្ទុក​ព្រហ្ម​ទណ្ឌ​បាន​ឲ្យ​កម្ពុ​ជាថ្មី​ដឹងថា​ ហេតុការណ៍​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២២​និង​៣០​នាទី​ យប់​ថ្ងៃទី​២២ ខែ​​មករា​ នៅ​ផ្ទះ​លេខ​៣១(​បុរី​សម្បត្តិ​មាន​ហេង​៣) ភូមិ​ទួល​តា​ចាន់ សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ​។​

​លោក​អធិការរង​បាន​បន្តថា ​៖ ជនរងគ្រោះ​ឈ្មោះ រ៉ា ទិ​ត្យ​សីហា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជនជាតិ​ខ្មែរ មុខ​របរ​កម្មករ​សំណង់ ស្នាក់នៅ​ផ្ទះកើតហេតុ​។​ ជនសង្ស័យ​ឈ្មោះ សរ ពេជ្រ​ពណ្ណរាយ៍ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្មករ​សំណង់ ស្នាក់នៅ​ផ្ទះកើតហេតុ​។​

​បើ​តាម​ប្រសាសន៍​លោក​អធិការ​រង​បានឲ្យដឹងថា មុនពេល​កើតហេតុ​ ជនរងគ្រោះ និង​ជនសង្ស័យ​ស្នាក់​នៅ​ចំណុច​កើតហេតុ​ជាមួយគ្នា ពេលនោះ​ជនសង្ស័យ​ក៏បាន​ប្រាប់​ជនរងគ្រោះ កុំ​រើកកាយ សម្ភារៈ​របស់ខ្លួន​, រួច​ជនសង្ស័យ ​ក៏​ចេញទៅ​ទិញ​ស្រា​បៀរ​ផឹក​អស់​០១​កំប៉ុង។ ពេល​ត្រលប់​មកវិញ​ឃើញ​ជនរងគ្រោះ​កំពុង​រើកកាយ​សម្ភារៈ​របស់ខ្លួន ក៏​ខឹង​ យក​បន្ទះ​ឈើ​វាយ​ជនរងគ្រោះ​បែក​ក្បាល រួច​ដើរ​គេចចេញ​យក​បន្ទះ​ឈើ​បោះចោល​បាត់​។ ​បន្ទាប់មក​ ​សមត្ថកិច្ច​​ ​ចុះ​ទៅដល់​ឃាត់ខ្លួន​ជន​សង្ស័យ​បញ្ជូនមក​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារអំពៅ ចាត់ការ​តាមច្បាប់​។ ចំណែក​ជនរងគ្រោះ​ត្រូវ​បាន​ក្រុមគ្រួសារ​នាំទៅ​ព្យាបាល​នៅ​គ្លីនិក​ឯកជន​ក្នុងភូមិ​។ ​ជនសង្ស័យ​ប្រើប្រាស់​គ្រឿងញៀន​៕

​អត្ថបទ ៖ ន​រា​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114