និស្សិតពិការភ្នែកទាំងសងខាង ប្រលងជាប់អាហារូបករណ៍​ទៅប្រទេស​អូស្ត្រាលី បែរជាត្រូវ​ពន្យា​ពេល​ដោយសារ​កូវីដ ១៩
BREAKING NEWS
Search

និស្សិតពិការភ្នែកទាំងសងខាង ប្រលងជាប់អាហារូបករណ៍​ទៅប្រទេស​អូស្ត្រាលី បែរជាត្រូវ​ពន្យា​ពេល​ដោយសារ​កូវីដ ១៩

ស្ត្រីវ័យប្រមាណ៣០ឆ្នាំ កំពុង​ដាំបាយ ធ្វើម្ហូប ជាមួយស្វាមី នៅក្នុងបន្ទប់ជួលតូចចង្អៀតមួយ ស្ថិតក្នុងផ្លូវលំ ក្បែរស្ពានក្បាលថ្នល់ ក្នុងរាជធានីភ្នំពេញ បើមើលតែមួយភ្លែត គេមិនចាប់អារម្មណ៍​ថា ចិន្តាពិការ​ភ្នែក​នោះទេ។

ក្នុងវ័យ៣០ឆ្នាំ មិន ចិន្តា បានឲ្យដឹងថា នាងចាប់ផ្តើម​ខ្សោយភ្នែកបន្តិចម្តងៗ តាំងពីនាងរៀនថ្នាក់ទី២មកម៉្លេះ ទោះបីជាយ៉ាងណា នាងតស៊ូរៀនចប់ថ្នាក់បរិញ្ញាបត្រផ្នែកចិត្តវិទ្យាពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ កាលពីឆ្នាំ ២០១៦ និងទើបប្រលងជាប់ចូលថ្នាក់អនុបណ្ឌិតនៅប្រទេសអូស្ត្រាលីថែមទៀតផង តែដោយសារការ​រាតត្បាតជាសកលនៃបញ្ហាកូវីដ១៩ ការចេញទៅរៀននៅប្រទេសអូស្ត្រាលី ក៏ត្រូវ​ពន្យា​ពេលទៅ​ឆ្នាំក្រោយ។

ចិន្តា ដែលមានស្វាមីពិការភ្នែកទាំងសងខាងដូចគ្នា បានឲ្យដឹងថា  បញ្ហាកូវីឌ១៩ បានប៉ះពាល់យ៉ាងខ្លាំង ជាពិសេសសម្រាប់ការរស់នៅ​ជាអ្នកពិការភ្នែកដូចជាពួកគាត់ទាំងពីរ។

ចិន្តា​និយាយទាំង​អស់​សំណើចថា «និយាយរួមទៅ តាំងពីមានកូវីឌ មក ពួកខ្ញុំមិនហ៊ានចេញទៅណាទេ នៅតែក្នុងផ្ទះ ទៅផ្សារមួយអាទិត្យម្តង ដើម្បីទិញម្ហូបយក​មក​ទុក​។»

ទោះបីជាពិការភ្នែកទាំងពីរនាក់ តែអ្នកទាំងពីរបានរៀនចប់បរិញ្ញាបត្រដូចគ្នា ដោយលោក សុខ វ៉ាត ដែលជាស្វាមី បានរៀនចប់បរិញ្ញាបត្រថ្នាក់អក្សរសាស្ត្រអង់គ្លេស និងមានបំណងប្រលងយកអាហារូបករណ៍ថ្នាក់អនុបណ្ឌិត​ដូចជាប្រពន្ធរបស់លោកដែរ។

សព្វថ្ងៃ ពួកគាត់មាន​មុខរបរ​រៀងៗខ្លួន ដោយចិន្តា ជាអនុរដ្ឋលេខាធិកា ក្រុមប្រឹក្សាសកម្មភាពជនពិការ ចំណែក​ប្តីរបស់គាត់​ប្រកបរបរក្រៅម៉ោងជាអ្នកម៉ាស្សា។

ជាមួយប្រវត្តិនៃពិការភាពរបស់ខ្លួន ចិន្តា បានរៀបរាប់ថា នាងចាប់ផ្តើមដឹងថា ខ្លួនខ្សោយភ្នែកតាំងពីរៀនថ្នាក់ទីពីរ ប៉ុន្តែម្តាយឪពុករបស់នាង មិនសូវចាប់អារម្មណ៍ តែក្រោយមក ម្តាយរបស់នាងបាននាំនាងទៅមន្ទីរពេទ្យជ័យជំនះតាខ្មៅ ដើម្បីពិនិត្យភ្នែក គ្រូពេទ្យក៏បានប្រាប់ថា ភ្នែករបស់នាង និងប្អូនប្រុស នឹងត្រូវងងឹតបន្តិចម្តងៗ នៅពេលធំឡើង ដោយគ្មានវិធីព្យាបាល​នោះឡើយ។

នាងរំលឹកថា ពេលនោះម្តាយរបស់នាងយំរហូត ព្រោះអាណិតកូន ប៉ុន្តែពួកគេត្រូវបានលើកទឹកចិត្ត និងណែនាំឲ្យរៀនអក្សរស្ទាប។ រហូតដល់ថ្នាក់ទីបី ចិន្តាក៏ត្រូវបានប្តូរទៅរៀនអក្សរស្ទាប នៅអង្គការគ្រួសារថ្មី រហូតដល់រៀនចប់ថ្នាក់​បាក់ឌុប និងបន្តប្រលងចូលរៀននៅសាកលវិទ្យាល័យជាមួយនឹងសិស្សធម្មតារហូតដល់រៀនចប់ថ្នាក់បរិញ្ញាប័ត្រ។

លើសពីនេះទៀត កាលពីពេលថ្មីនេះ ចិន្តាបានប្រលងជាប់អាហារូបករណ៍របស់រដ្ឋាភិបាលប្រទេសអូស្ត្រាលី ថែមទៀតផង ជាមួយនឹងពិន្ទុប្រលង​ IELTS ដល់ទៅ ៦.៥ ។

ទោះបីជាពិការភ្នែកទាំងពីរនាក់ តែអ្នកទាំងពីរបានរៀនចប់បរិញ្ញាបត្រដូចគ្នា ដោយលោក សុខ វ៉ាត ដែលជាស្វាមី ចាប់ផ្តើមពិការភ្នែកតាំងពីអាយុ៣ឆ្នាំ ដោយសារគ្រោះថ្នាក់ដោយគ្រាប់ផ្ទុះ។

លោក សុខ វ៉ាត បានរៀនចប់បរិញ្ញាបត្រថ្នាក់អក្សរសាស្ត្រអង់គ្លេស និងមានគម្រោងប្រលងយកអាហារូបករណ៍ថ្នាក់អនុបណ្ឌិត​ដូចជាប្រពន្ធរបស់លោកដែរនៅឆ្នាំក្រោយនេះ៕

អានអត្ថបទ៖ និស្សិតពិការភ្នែកទាំងសងខាង ដែលជាប់​អាហារូបករណ៍ បង្ហើប​គន្លឹះ​រៀនសូត្រ និងរស់នៅប្រចាំថ្ងៃ