ដំណើរ​ទស្សនកិច្ច​កម្សាន្ត​ តាម​តំបន់​រ៉ា​ម​សារ​នៃ​ដង​ទន្លេ​មេគង្គ

ស្ទឹងត្រែង ៖ មន្ទីរ​ទេសចរណ៍​ខេត្ត​ស្ទឹងត្រែង កាលពី​ថ្ងៃ​ទី០២​ ខែ​កុម្ភៈ​ ឆ្នាំ​២០២០​ បាន​រៀប​ចំ​ឲ្យ​មាន​ដំណើរ​ទស្សនកិច្ច​តាម​តំបន់​រ៉ា​ម​សារ នៃ​ដង​ទន្លេ​មេគង្គ​លើ​ ភ្ញៀវ​ទេសចរ​ជាតិ​និង​អន្តរជាតិ ដោយ​ចំណាយ​ថវិកា ត្រឹមតែ ១៥​ទៅ ២០​ដុល្លារ​តែប៉ុណ្ណោះ​។

លោក អ៊​ន ប៉ោ​សឿន ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ស្ទឹងត្រែង បាន​បញ្ជាក់​ថា​ ៖ ​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ អាច​ចំណាយ​ថវិកា​តែ​១៥​ ទៅ​២០​ដុល្លារ​តែប៉ុណ្ណោះ​សម្រាប់​សេវាកម្ម ជិះ​ទូក​ធ្វើដំណើរ​កម្សាន្ត​មើល​តំបន់​រ៉ា​ម​សារ​នៅ​តាម​ដង​ទន្លេ​មេគង្គ​លើ។

​លោក​បាន​បន្ត​ថា ថវិកា​នេះ បាន​ជួយ​លើក​កម្ពស់​ជីវភាព​ដល់​ប្រជា​សហគមន៍​ ហើយ​ភ្ញៀវ​ទេសចរ​​ទទួល​បាន​សេវាកម្ម​ស្នាក់នៅ អាហារ​បរិភោគ និង​បាន​ធ្វើ​ដំណើរ​កម្សាន្ត​តាម​ទូក ការ​បោះ​តង់ នៅ​ពេល​យប់ ក្នុង​រយៈពេល​១​ថ្ងៃ​១​យប់ ។

​លោក សាន ម៉ៅ អនុប្រធាន​សហគមន៍​រមណីយដ្ឋាន​ទេសចរណ៍ បុរី​អូរ​ស្វាយ​សែន​ជ័យ​ បាន​គាំទ្រ​ការ​បង្កើត​ដំណើរ​ទេសចរណ៍​នេះ ហើយ​លោក នឹង​រួមគ្នា​ផ្តល់​នូវ​សេវាកម្ម​ជូន​ភ្ញៀវ​ឲ្យ​បាន​ល្អ​ប្រសើរ មាន​សុវត្ថិភាព​ទាំង​ការ​ស្នាក់នៅ ទាំង​ការ​ធ្វើ​ដំណើរ​កម្សាន្ត​តាម​ទូក​មើល​ទេសភាព តាម​តំបន់​រ៉ា​ម​សារ និង​សត្វ​ស្លាប​ដែល​កំពុង​រស់នៅ​តាម​ដង​ទន្លេ​មេគង្គ។

កញ្ញា រ៉ាប ចាន់​ធីតា ភ្ញៀវ​ទេសចរ​​ជាតិ​មកពី​រាជធានី​ភ្នំពេញ ​បាន​ទទួល​ស្គាល់​ថា តំបន់​រ៉ា​ម​សារ​នេះ​មាន​សក្ដានុពល​ពោរពេញ​ទៅ​ដោយ​ទេសភាព​ស្រស់​ស្អាត មាន​ធនធាន​ជីវចម្រុះ​គ្រប់​ប្រភេទ​បាន​ទាក់ទាញ​អារម្មណ៍​ភ្ញៀវ​ទេសចរ​ឲ្យ​មក​ទស្សនា​ម្តង​ហើយ​ចង់​មក​ម្តង​ទៀត។

កញ្ញា​អះអាង​ថា​ នឹង​ជួយ​ផ្សព្វផ្សាយ​នៅ​សក្ដានុពល​ធម្មជាតិ​នេះ ទៅ​ធម្មជាតិ​នេះ​ទៅដល់ ភ្ញៀវ​ទេសចរ ឲ្យ​មក​ទស្សនា​ឲ្យ​បាន​ច្រើន ដើម្បី​ជួយ​លើក​កម្ពស់​វិស័យ​ទេសចរណ៍​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង ជាពិសេស​បាន​ជួយ​ជំរុញ​ឲ្យ​មាន​កំណើន​ផ្នែក​សេដ្ឋកិច្ច​ដល់​ប្រជាពលរដ្ឋ​នៅ​តាន​តំបន់​ផង​ដែរ​៕​


អត្ថបទ៖ ងិន​លីម​